
យុវជន និងស្ត្រី ក្នុងកិច្ចប្រជុំតាមរយៈតំណភ្ជាប់វីដេអូ កាលពីថ្ងៃសុក្រ។ រូបថត TI Cambodia
ភ្នំពេញៈ របាយការណ៍ស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា រកឃើញស្ត្រី និងយុវជននៅកម្ពុជា នៅតែមានបញ្ហាប្រឈមជាច្រើនក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងធ្វើការសម្រេចចិត្ត។ របាយការណ៍ក៏បានលើកឡើងនូវអនុសាសន៍ជាច្រើនចំណុចដើម្បីជួយឱ្យភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនកាន់តែប្រសើរឡើង។
របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងតាមរយៈទិន្នន័យបឋមបានពីការសម្ភាសលម្អិត ការពិភាក្សាជាក្រុម និងតាមរយៈការស្រាវជ្រាវឯកសារពាក់ព័ន្ធ។ ការប្រមូលទិន្នន័យធ្វើឡើងពីខែ មិថុនា ឆ្នាំ ២០១៩ ដល់ ខែមករា ឆ្នាំ ២០២០ ដោយមានអ្នកឆ្លើយតបចំនួន ៥៦៩ នាក់។ អ្នកដែលឆ្លើយតបមានទាំងមន្ត្រីរដ្ឋាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន ៥ និងមានព្រះសង្ឃចំនួន ១៥ អង្គ អ្នកស្រឡាញ់ភេទដូចគ្នា ១០ នាក់។ របាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ១៩ មីនា។
ពាក់ព័ន្ធនឹងស្ត្រី របាយការណ៍រកឃើញថា ស្ត្រីនៅតែមានបន្ទុកទទួលខុសត្រូវលើគ្រួសារ និងមើលថែទាំកូន ក្មេងស្រីមិនទទួលបានការលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយ ឬលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាអ្នកដឹកនាំ។ ស្ត្រីក៏ប្រឈមនឹងឥទ្ធិពលលើសលប់របស់ បុរសក្នុងវិស័យសាធារណៈ និងការខ្វះទំនុកចិត្តលើសមត្ថភាពរបស់ស្ត្រីវ័យក្មេងក្នុងតួនាទីដឹកនាំ ដោយសារតែខ្វះបទពិសោធ។ បញ្ហាទំនៀមទម្លាប់ ដូចជាច្បាប់ស្រី និងការយល់ឃើញថាស្ត្រីមានកម្លាំងកាយទន់ខ្សោយក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីផងដែរ។
សម្រាប់យុវជនវិញ របាយការណ៍រកឃើញថាពួកគេនៅមិនត្រូវបានលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយក្នុងការចូលរួមក្នុងកិច្ចការនយោបាយ។ ពួកគេរងការរើសអើងផ្អែកលើអាយុដោយសារតែប្រពន្ធឱ្យតម្លៃបុរសជាធំ ហើយមនុស្សចាស់កាន់តួនាទីជាអ្នកសម្រេចចិត្ត ហើយពួកគាត់មិនទុកចិត្តលើសមត្ថភាពរបស់យុវជន។ យុវជនក៏មិនសូវមានឱកាសក្លាយជាអ្នកដឹកនាំ។
របាយការណ៍ដដែលរកឃើញដែរថាយុវជនក៏មានបញ្ហាប្រឈមផ្សេងទៀត ដូចជាការធ្វើចំណាកស្រុកដើម្បីរកការងារ សេរីភាពនៃការបញ្ចេញមតិនៅមានកម្រិត។ បក្ខពួកនិយមដែលរារាំងយុវជនមិនឱ្យឈានចូលក្នុងមុខនាទីធ្វើការសម្រេចចិត្ត និងខ្វះជំនាញទន់ គឺសមត្ថភាព និងភាពបត់បែនដើម្បីសម្របខ្លួនទៅនឹងការងារ។
រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សាលារៀន និងស្ថាប័នអប់រំត្រូវបានផ្ដល់អនុសាសន៍ឱ្យលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងតួនាទីសម្រេចចិត្ត ការកែប្រែផ្នត់គំនិតអវិជ្ជមានក្នុងសង្គមលើស្ត្រី និងធ្វើឱ្យប្រសើរឡើងបញ្ហាប្រឈមផ្សេងទៀតដែលរបាយការណ៍រកឃើញ។
សម្រាប់យុវជនវិញ រដ្ឋាភិបាលគួរលើកកម្ពស់ឱ្យពួកគេក្លាយជាអ្នកដឹកនាំ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ ផ្ដល់ឱកាសឱ្យយុវជនទទួលបានការងារក្នុងរចនាសម្ព័ន្ធ រដ្ឋ។ រដ្ឋក៏គួរលើកទឹកចិត្តឱ្យយុវជនមានតួនាទីក្នុងការសម្រេចចិត្ត។ សង្គមស៊ីវិលក៏គួរបន្តផ្ដល់វគ្គបណ្ដុះបណ្ដាលយុវជន ជាពិសេសស្ត្រីវ័យក្មេងដោយផ្ដោតលើអ្វីដែលជាតម្រូវការរបស់យុវជន។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងពីម្សិលមិញថា បើប្រៀបធៀបស្ថានភាពស្ត្រី និងយុវជនក្នុងតួនាទីសម្រេចចិត្តកាលពី ១០ ឆ្នាំមុននឹង ពេលបច្ចុប្បន្នមានភាពល្អប្រសើរខ្លះ ប៉ុន្តែកម្រិតតិចតួចប៉ុណ្ណោះ។
លោកថ្លែងថា៖ «ឧបសគ្គដែលយើងរកឃើញហើយលើកទឹកចិត្តឱ្យមានដំណោះស្រាយ គឺបរិយាកាសសង្គមទូទៅ។ សង្គមយើងនៅតែបន្តជាទស្សនៈយល់ឃើញថា ស្ត្រី និងយុវជនមិនទាន់អាចដឹកនាំទេទាល់តែមានបុរសដឹកនាំ។ អ៊ីចឹង វាបង្ហាញថា មនុស្សដែលខ្លាំង ឬខ្សោយ អាស្រ័យទៅតាមភេទនៅឡើយ។ នេះជាបញ្ហាទូទៅដែលយើងត្រូវចូលរួមដោះស្រាយ»។
លោកបន្តថា៖ «បើយើងនិយាយឱ្យវាសាមញ្ញហើយអាចអនុវត្តបានតែម្ដងនោះ គឺថាស្ថាប័នរដ្ឋស្ថាប័នឯកជន សារព័ត៌មាន អង្គការសង្គមស៊ីវិលគឺផ្ដល់ឱកាសចាប់ផ្ដើមពីឥឡូវទៅឱ្យស្ត្រី យុវជនចូលរួមដឹកនាំ និងចូលរួមសម្រេចចិត្តក្នុងកិច្ចការធំៗដោយមិនមានលេសច្រើនពេក និងផ្ដល់ឱកាសឱ្យពួកគាត់សាកល្បង។ ដូច្នេះការផ្ដល់ឱកាសជារឿងសំខាន់ណាស់ មិនចាំបាច់ចាំខែក្រោយ ឆ្នាំក្រោយទេ គឺចាប់ផ្ដើមពីពេលនេះតែម្ដង»។
លោក ប៉ាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះកាលពីថ្ងៃទី ១៩ មីនា ថ្លែងថាប្រទេសដែលមានស្ត្រីជាអ្នកដឹកនាំប្រទេសនោះ សង្គមនោះហាក់ដូចជាមានសន្តិភាពល្អ ប្រកបដោយបរិយាប័ន្ន ជម្លោះត្រូវបានកាត់បន្ថយ។
លោកថ្លែងថា៖ «នៅពេលយុវជនអាចចូលរួមបាន យើងអាចឃើញមានគំនិតប្រកបដោយច្នៃប្រឌិត និងនវានុវត្តន៍។ ជាទូទៅ ខ្ញុំឃើញថា យុវជននៅកម្ពុជាដែលចង់ក្លាយជាអ្នកដឹកនាំមិនបានគិតពីការត្រៀមខ្លួនសម្រាប់តួនាទីដឹកនាំនាពេលអនាគតទេ។ ដូច្នេះពួកគេត្រូវចាត់ទុកខ្លួនឯងជាអ្នកដឹកនាំចាប់ពីពេលនេះទៅ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាថ្លែងថាក្រោមកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងអប់រំបាននិងកំពុងពង្រឹងការអនុវត្តផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំស្តីពីយេនឌ័រ និងជំរុញការបញ្ជ្រាបយេនឌ័រក្នុងគោលនយោបាយវិស័យអប់រំគ្រប់កម្រិតសិក្សា។
លោកថា៖ «ក្រសួងក៏បង្កើនការចូលរួមរបស់ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំវិស័យអប់រំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតាមសាលារៀន។ ក្រសួងបង្កើនការចូលរួមរបស់ស្ត្រី និងយុវជនក្នុងវិស័យអប់រំតាមគ្រប់កម្រិតសិក្សា ជាពិសេសពាក់ព័ន្ធនឹងការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)»។
លោកស្រី ចេង ចិនណេត ប្រធាន នាយកដ្ឋានសមភាពយេនឌ័រថ្លែងថា ក្រសួងកិច្ចការនារីមានការប្ដេជ្ញា និងដាក់ចេញផែនការនយោបាយមួយចំនួនរួមមានអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈដែលមានគោលការណ៍ និងយុទ្ធសាស្ត្រជាក់លាក់ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី។
លោកស្រីថា៖ «រហូតមកដល់ពេលនេះយើងឃើញថាចំនួនស្ត្រី ដែលចូលរួមក្នុងវិស័យសាធារណៈ នយោបាយ និងកាន់តំណែងធ្វើសេចក្ដីសម្រេចមានការកើនឡើងជាលំដាប់។ ស្ត្រីដែលជាមន្ត្រីរាជការ ទូទាំងប្រទេសមាន ៤១% ក្នុងនោះ ស្ត្រីមានតួនាទីជាអនុប្រធានការិយាល័យរហូតដល់អគ្គនាយកមានរហូតដល់ ២៥ ភាគរយ»៕