ភ្នំពេញៈ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក កោតសរសើរ​កម្ពុជា និង​សមត្ថភាព​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការចាប់ផ្ដើម​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ ដោយ​អនុវត្ត​បាន​វិធាន​សុវត្ថិភាព​យ៉ាង​ល្អ​តាម​អនុសាសន៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។

លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី​ (Zurab Pololikashivili) បាន​សរសេរ​លិខិត​មួយ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២១ សីហា ឆ្នាំ​ ២០២០ ​ដោយ​លោក​បាន​សរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​វិធាន​ការប្រកប​ដោយ​ប្រសិទ្ធភាព និង​សកម្ម​បំផុត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី ​បាន​សរសេរ​ថា​៖ «​យើងខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដោយ​បាន​ឃើញ​កម្ពុជា​កំពុងតែ​ចាប់ផ្ដើម​ទេសចរណ៍​ក្នុង​ស្រុក​ឡើងវិញ​ស្ថិតក្រោម​ការគ្រប់គ្រង​ដ៏ល្អ​​ និង​បានដាក់​អនុវត្ត​វិធាន​សុវត្ថិភាព​ចាំបាច់ និង​អនាម័យ​ក៏​ដូចជា គោលការណ៍​ណែនាំ​នានា​នៅ​​តាម​តំបន់​ទេសចរណ៍​។ ​ការចាប់​ផ្ដើម​ឡើង​វិញ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​នេះ ពិតជា​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​»​។

លិខិត​របស់​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក​រូបនេះ​បន្ត​ថា​៖ «​ដូច​សម្ដេច​បាន​ជ្រាប​ហើយ​ថា អង្គការ​ទេសចរណ៍​ពិភពលោក​កំពុង​សម្រប​សម្រួលការ​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក និង​អង្គការ​អន្តរជាតិ​នានា​តាមរយៈ​ការបង្កើត​គោលការណ៍​ណែនាំ និង​អនុសាសន៍​សម្រាប់​ចាប់ផ្ដើម​ឡើងវិញ​នូវ​សកម្មភាព​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​កម្ពុជា​សម្រាប់​ការចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការរួមចំណែក​ក្នុង​សកម្មភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​។

អង្គការ​ទេសចរណ៍​ពិភពលោក​កោតសរសើរ​យ៉ាងខ្លាំង​ដល់​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន ដែល​តែងតែ​យក​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​សុខុមាលភាព​របស់​ពលរដ្ឋ​ជា​អាទិភាព​។

លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី ​ក៏​បាន​ថ្លែង​ដែរ​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ពី​សប្ដាហ៍​មុននេះ​ជា​ការចូលរួម​ចំណែក​ដល់​ការចាប់ផ្ដើម​ឡើងវិញ​នូវ​ទេសចរណ៍​ប្រកប​ដោយ​សុវត្ថិភាព និង​ការទទួល​ខុសត្រូវ​ក្នុង​ប្រទេស​កម្ពុជា​។

តាម​របាយការណ៍​បឋម​របស់​ក្រសួង​ទេសចរណ៍​ស្ដីពី​ស្ថិតិ​ទេសចរ​ជាតិ​អំឡុង​ពេល​ឈប់សម្រាក​សង​ពិធីបុណ្យ​ចូលឆ្នាំ​ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ ២១ ​ខែ ​សីហា ឆ្នាំ​ ២០២០ មាន​ទេសចរ​​ដើរ​កម្សាន្ដ​ចំនួន​ ១,៤៥ ​លាននាក់​ ក្នុងនោះ​មាន​ទេសចរបរទេស ១៤ ០០០ ​នាក់ ហើយ​ទេសចរ​ជាតិ​បាន​ចាយវាយ​ប្រមាណ​ជាង​ ១០០ ​លាន​ដុល្លារ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ហៅ​កាត់​ថា CATA បាន​ថ្លែង​ពី​ម្សិលមិញ​ថា លិខិត​សរសើរ​របស់​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក គឺជា​ចំណុច​វិជ្ជមាន​សម្រាប់​កម្ពុជា​​ដែល​ធ្វើឲ្យ​ទេសចរ​អន្តរជាតិ​​នៅ​ប្រទេស​ដែល​រង​ផលប៉ះពាល់​​តិច​ពី​កូវីដ​១៩ ពិចារណា​ពី​​ជម្រើស​ទេសចរណ៍​ពួកគេ​។

លោកស្រី​ថា​៖ «​វា​មាន​ភាព​ជា​វិជ្ជមាន​ហើយ​សម្រាប់​កម្ពុជា​មាន​ន័យ​ថា យើង​ល្បី​ហើយ​លើ​​ពិភពលោក ហើយ​យើង​រក្សា​បាន​វិធាន​សុវត្ថិភាព យើង​អនុវត្ត​បាន​ល្អ គឺ​មិនមាន​ការរីករាលដាល​ខ្លាំង គឺ​យើង​អាច​គ្រប់គ្រង​​បាន​។ ដូច្នេះ​វា​ជា​ចំណុច​ល្អ​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​លើ​សកលលោក​ដែល​មាន​ស្ថានការណ៍​រាង​​ស្រាកស្រាន្ត គេ​អាច​នឹកឃើញ​ដល់​កម្ពុជា​»​។

លោកស្រី​បន្ត​ថា ក្នុង​អំឡុង​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យ​ចូលឆ្នាំ​ថ្មី​កាលពី​សប្ដាហ៍​មុននេះ លោកស្រី សង្កេត​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​អនុវត្ត​វិធានសុវត្ថិភាព និង​អនាម័យ​បានល្អ ជាពិសេស​នៅ​តំបន់​ទេសចរណ៍​ធំៗ ដោយ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ហើយ​អាជ្ញាធរ​បាន​រៀបចំ​ទឹក​អាល់កុល​សម្លាប់​មេរោគ​។

ប៉ុន្តែ​លោកស្រី​ក៏​សង្កេតឃើញ​មាន​ភាព​ធូររលុង​បន្តិចបន្តួច​ផងដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ពី​ជនបទ​មួយ​ចំនួន​តូច​ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅ​កន្លែង​ទេសចរណ៍​ខ្នាតតូច​។ ទោះយ៉ាងណា​អាជ្ញាធរ​មូលដ្ឋាន​បាន​​អន្តរាគមន៍​បានល្អ ដោយ​ចុះ​ប្រាប់​ដល់​អ្នក​ដែល​ធ្វេសប្រហែស​លើ​ការរក្សា​គម្លាត​សុវត្ថិភាព និង​អនាម័យ​។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​កម្ពុជា​មិនមាន​ករណី​ថ្មី​ជំងឺ​កូវីដ ​១៩ អស់​ពេល​ ២ ​សប្ដាហ៍​មកហើយ និង​គ្មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ទេ​។ ​តួលេខ​អ្នក​ឆ្លង​មាន​សរុប​មាន​ចំនួន​ ២៧៣ ​នាក់ និង​បាន​ជាសះស្បើយ ២៦៤ ​នាក់​។

បច្ចុប្បន្ន​នេះ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅសល់ ៩ ​នាក់​៕