ភ្នំពេញៈ ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បានស្នើ​ដល់​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា​ឲ្យ​បន្ថែម​កម្មវិធី​សិក្សា​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ពី​ថ្នាក់​ទី​ ១០ ​ដល់​ថ្នាក់​ទី​ ១២ ​ដោយ​មន្ត្រី​អង្គការ​នេះ​ថា ការស្នើសុំ​នេះ​ក៏មាន​ផ្នែក​ពាក់ព័ន្ធ​ផង​​ដែរ ខណៈ​កម្មវិធី​នេះ​មានតែ​ពី​ថ្នាក់​ទី​ ១ ​ដល់​ថ្នាក់​ទី​ ៩ ស្រប​ពេលដែល​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​ឧសភា​មាន​ការថយចុះ​។

លោក ​គឹម បញ្ញា ​នាយកប្រចាំ​ប្រទេស​កម្ពុជា​អង្គការ​បង្ការ​របួស​អាស៊ី​ (AIP Foundation) ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការអប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​វិស័យ​អប់រំ​កម្ពុជា​ទើបតែ​មាននៅ​ថ្នាក់​ទី​ ១ ​ដល់​ថ្នាក់​ទី​ ៩ ​ប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​ធានា​និរន្តរភាព​ដល់​សិស្ស និង​កាត់បន្ថយ​ចំនួន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​កម្មវិធី​សិក្សា​បន្ថែម​សម្រាប់​ថ្នាក់​ទី​ ១០ ​ដល់​ថ្នាក់​ទី​ ១២ ​នៅ​ទូទាំងប្រទេស ខណៈ​បច្ចុប្បន្ន​ការអនុវត្ដ​សាកល្បង​មានតែ​តាម​សាលារៀន​ក្នុង​រាជធានី​-​ខេត្ដ​មួយចំនួន​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​បើ​យើង​បណ្ដុះ​ផ្នត់គំនិត​អំពី​សុវត្ថិភាព​ចរាចរណ៍​អំពី​ការគោរព​ច្បាប់​ក្នុង​ចំណោម​ក្មេងៗ​ពេល​ពួកគេ​ធំ​ឡើង​នឹង​ឃើញ​ផល​នៅពេល​ដែល​ពួកគាត់​ដល់​វ័យ​ត្រូវ​បើកបរ​នឹង​យល់ដឹង​ពី​ច្បាប់ និង​សុវត្ថិភាព​​ចរាចរណ៍ ហើយ​ឈាន​ទៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោក​ គឹម បញ្ញា ​បាន​បន្តថា ការស្នើសុំ​ឲ្យ​បន្ថែម​កម្មវិធីសិក្សា​នេះ​មិនមែន​មានតែ​សង្គម​ស៊ីវិល​ទេ ប៉ុន្ដែ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មួយចំនួន​ក៏​ទទូច​ស្នើ​ដូចគ្នា​។ លោក​ថា ក្រសួង​អប់រំ​ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការបន្ថែម​ម៉ោង​អប់រំ ដល់​សិស្ស​ពី​​បញ្ហា​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​សុខភាព អនាម័យ​ជាដើម​។

លោក​បន្តថា​៖ «​ទោះបី​ជា​យ៉ាងណា ខ្ញុំ​ចង់​ឲ្យ​ក្រសួង​សិក្សា​មើលថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំងណាស់ ដូច្នេះ​​ក្រសួង​អាច​កំណត់ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ដោយ​ផ្ដោតលើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​នេះ​។ ​ដូច​យើង​ធ្លាប់​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​កន្លង​មក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​មាន​ ១៨ ​ម៉ោង​ យើង​អាច​បង្កើន​ដល់​ ២៥ ​ម៉ោង​ជាដើម ដើម្បី​ធ្វើ​ម៉េច​ឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​មាន​ការយល់ដឹង​កាន់តែ​ប្រសើរ​»​។

លោក បញ្ញា បាន​បន្តថា រាជរដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបង្កើន​កម្មវិធី​នេះ ព្រោះ​ពេល​សុំ​កម្ចី​សាងសង់​ផ្លូវ​​ទៅ​ធនាគារពិភពលោក ADB ​និង​ម្ចាស់ជំនួយ​ផ្សេងទៀត​គឺ​រាជរដ្ឋាភិបាល​តែង​ភ្ជាប់​នូវ​គម្រោង​ថវិកា​មួយចំនួន​សម្រាប់​ការអប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍​។ ​ដូច្នេះ​រដ្ឋាភិបាល​អាច​រំលែក​ថវិកាបម្រុង​ខ្លះ​សម្រាប់​បង្កើន​កម្មវិធី​នេះ​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​ប្រសិនបើ​រដ្ឋាភិបាល​មិនទាន់​មាន​គម្រោង​ក្នុង​ការធ្វើការងារ​នេះ​ទេ យើង​អាច​កៀរគរ​ដៃគូ និង​អ្នកពាក់ព័ន្ធ​​ក្នុង​ការគាំទ្រ​ដល់​ការបង្កើត​ឲ្យ​មាន​កម្មវិធីសិក្សា​សម្រាប់​ថ្នាក់​ទី​ ១០ ​ដល់​ថ្នាក់​ទី​ ១២ ​នេះ និង​ជំរុញ​ឲ្យ​ផ្សព្វផ្សាយ​ការបណ្ដុះបណ្ដាល​ជា​ទៀងទាត់​បាន​»​។

លោក​បញ្ជាក់ថា ក្រៅពី​ការយក​ចិត្ដ​ទុកដាក់​ដល់​សិស្ស​ពី​​ថ្នាក់​ទី​ ១ ​ដល់​ថ្នាក់​ទី​ ១២ អង្គការ AIP អង្គការ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​កំពុង​ខិតខំ​ផ្សព្វផ្សាយ​អប់រំ​ដល់​និស្សិត​តាម​គ្រឹះស្ថាន​​ឧត្ដមសិក្សា​ផងដែរ​។ ​ក្រៅពី​មាន​យុវជន​គំរូ​ដែល​បណ្ដុះបណ្ដាល​តាម​សាកលវិទ្យាល័យ​មួយចំនួន​អង្គការ AIP ក៏​កំពុង​បណ្ដុះបណ្ដាល​តំណាង​តាម​គ្រឹះស្ថានឧត្ដមសិក្សា​ដូចជា​គ្រូ សាស្ដ្រាចារ្យ ផងដែរ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​បច្ចេកទេស​អប់រំ​ផ្សព្វផ្សាយ​ពី​រឿង​សុវត្ថិភាព​ចរាចរណ៍​នេះ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ការអប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​អប់រំ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​អង្គការ HANDICAP INTERNATIONAL ​ធ្លាប់​បាន​រៀបចំ​កម្មវិធី​សិក្សា​តាំងពី​ឆ្នាំ​ ២០០៤ ​មក​បន្ថែម​លើ​ខ្លឹមសារ​ដែល​បាន​បញ្ជ្រាប​ពីមុនមក​។ ​ក្រសួង​បាន​​បោះពុម្ព​ជា​សៀវភៅ​ «​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» តាំងពី​ថ្នាក់​ទី​ ១ ​ដល់​ទី​ ៩ តាំងពី​ឆ្នាំ​ ២០០៦ ​មក និង​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។

លោក សុវាចា បាន​បញ្ជាក់ថា​៖ «​ចំណែកឯ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ថ្នាក់​ទី​ ១០ ​ដល់​ ១២ ធ្វើ​ឡើងជា​« វេទិកា​ផ្សព្វផ្សាយ​» ​ដោយ​សហការ​ទាំង​ ៣ ​ភាគី​ខាងលើ​ដដែល​។ ​ដោយឡែក​កម្មវិធីសិក្សា​ដែល​យើង​កំពុង​អភិវឌ្ឍ​សព្វថ្ងៃ​ខាងមុខ​វិជ្ជា​សិក្សា​សង្គម​ក៏បាន​គិតគូរ​បញ្ចូល​បន្ថែម​។ ​ថ្មីៗ​នេះ​ក្រសួង​ក៏​បានចេញ​សេចក្តី​ណែនាំ​បន្ថែម​ ១ ​ទៀត​លើ​ការពង្រឹង​ការអនុវត្ត​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​នៅតាម​សាលារៀន​ទូទាំង​ប្រទេស​ហើយ​បាន​ផ្សព្វផ្សាយ​ហើយ​ដែរ​»​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គ.ស.ច.គ​) ​កាលពី​ថ្ងៃ​ម្សិលមិញ​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​នៃ​ការរឹតបន្ដឹង​អនុវត្ដ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែ​ឧសភា​ឆ្នាំនេះ ដោយ​អះអាង​ថា​បាន​ដំណើរការ​ល្អ និង​ទទួលផល​ជា​វិជ្ជមាន ព្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​។

តាម គ.ស.ច.គ បើ​ប្រៀបធៀប​ត្រឹម​ខែ​ឧសភា​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ ១៣០ ​លើក​ ស្មើនឹង​ ៣៧ ​ភាគរយ​ (២១៨/៣៤៨) ​អ្នកស្លាប់​ថយចុះ​ ៤២ ​នាក់ ​ស្មើនឹង​ ២៧ ​ភាគរយ​ (១១៣/១៥៥ ​នាក់​) ​អ្នករបួស​ថយចុះ​ ១៦ ​នាក់​ស្មើនឹង​ ៣២ ​ភាគរយ​ (៣៤២/៥០៤ ​នាក់​)៕