ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ (CMH) ​កាលពី​ថ្ងៃទី ២៧ ឧសភា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង និង​អនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​លើ​នីតិបុគ្គល​ដែល​ធ្វើ​ខុស ខណៈ​ដែល​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​នៅតែ​បន្ត​បំពាន​ច្បាប់​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ CMH ចុះ​ថ្ងៃទី​ ២៧ ខែ​ឧសភា​ ឲ្យ​ដឹងថា កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់​ជា​ទង្វើ​ល្មើសច្បាប់​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង និង​អនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដោយ​ធ្វើការ​ផាកពិន័យ​លើ​នីតិបុគ្គល ដែល​ប្រព្រឹត្ត​បទល្មើស​ដែល​ធ្វើ​ខុស ដូចជា​ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​នៅតែ​បន្ត​បំពាន​នឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ជាដើម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា​ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ៣១ ​ឧសភា ឆ្នាំ​ ២០២០ ​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ស្ដីពី​ «​ការការពារ​យុវជន​ពី​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​បង្ការ​យុវជន​កុំ​ឲ្យ​ប្រើប្រាស់​ថ្នាំជក់ និង​សារធាតុ​នីកូទីន​»​។

អង្គការ WHO បាន​ពន្យល់​ពី​កលល្បិច​ឧស្សាហកម្ម​ថ្នាំជក់​មានដូចជា​ការប្រើប្រាស់​រសជាតិ ដើម្បី​ទាក់ទាញ​យុវជន​ដោយ​ផ្សព្វផ្សាយ​ថា ផលិតផល​ថ្នាំជក់​របស់​ខ្លួន​ជា​ផលិតផល​ «​កាត់បន្ថយ​គ្រោះថ្នាក់​»​ ឬ​ «​មាន​អនាម័យ​ជាង​»​ បារី​ធម្មតា​ដោយ​គ្មាន​ការ​បញ្ចាក់​លក្ខណៈ​វិទ្យាសាស្ត្រ និង​ឧបត្ថម្ភ​ដល់​តារា​/​ជន​មាន​ឥទ្ធិពល និង​ការឧបត្ថម្ភ​កម្មវិធី​ប្រកួត​ម៉ាក​ផលិតផល​ដែល​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ និង​ផលិតផល​នីកូទីន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​កលល្បិច​ឧស្សាហកម្ម​ថ្នាំជក់​ធ្វើជា​លក់​បារី​រាយ​ក្នុង​ ១ ​ដើមៗ​ដែល​ធ្វើឲ្យ​បារី​មាន​តម្លៃ​ទាប និង​ងាយស្រួល​សម្រាប់​សិស្សានុសិស្ស​ទិញ​ផលិតផល​ថ្នាំជក់ និង​ផលិតផល​នីកូទីន​បាន និង​ស្វែងរក​ទីផ្សារ​ផលិតផល​ថ្នាំជក់​ដោយ​ប្រយោល​តាមរយៈ​ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត​។​ល​»​។

លោក​វេជ្ជបណ្ឌិត​ មុំ គង់ នាយកប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ (CMH) ​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ក្រៅពី​ការពន្យល់​របស់​អង្គការ WHO ជុំវិញ​ការជួញដូរ​បារី​នេះ​លោក​ក៏បាន​ដកស្រង់​ការសិក្សា​ពី​ការអង្កេត​មួយ​ស្ដីពី​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល ថ្នាំជក់​របស់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៩​។ ការសិក្សា​បានបង្ហាញ​ថា​មាន​បារី​ប្រមាណ ៣០ ​ភាគរយ ​ដែល​ដាក់តាំង​លក់​លើ​ទីផ្សារ​ពុំមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព​។

លោក​ គង់ បន្តថា បារី​ ៥៨ ភាគរយ ​ដែល​លក់​លើ​ទីផ្សារ​ពុំមាន​តែមប្រិ៍​ពន្ធ​នោះទេ​។ ការសិក្សា​នេះ​ក៏បាន​បញ្ជាក់ថា មាន​ការផ្សាយពាណិជ្ជកម្ម​បារី​ប្រមាណ​ ២០ ​ភាគរយ និង​ការផ្ដល់​សម្ភារ​ផ្សាយពាណិជ្ជកម្ម​អាច​នឹង​ផ្ដល់​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​លក់​បារី​ទៅ​ឲ្យ​អ្នកលក់​បារី​រាយៗ​ជាច្រើន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ និង​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ពង្រឹង ការអនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​បន្ថែមទៀត​ទៅលើ​ការលក់ដូរ​បារី​នៅលើ​ទីផ្សារ និង​ការផ្សព្វផ្សាយ​តាម​ទីសាធារណៈ​។ ខ្ញុំ​សង្កេត​ឃើញ​ថា ការលក់ដូរ​បារី​នៅ​តាមទីសាធារណៈ​នៅតែ​មាន​ជា​ហូរហែ​។ ដូច្នេះ​ខ្ញុំ​ស្នើឲ្យ​មានការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ពី​ការជក់បារី​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានទេ​។

ទោះយ៉ាងណា អង្គការ CMH បាន​ដកស្រង់​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩ ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ចំនួន ១៥ ០០០ ​នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​។

៣៣ ​ភាគរយ​នៃ​អ្នកស្លាប់​ទាំងអស់​ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប​បំផុត​។ មិន​តែ​ប៉ុណ្ណោះ​ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​ខាតបង់​ទឹកប្រាក់​ចំនួន ៦៤៩ ​លាន​ដុល្លារ​អាមេរិក​ ដែល​ស្មើនឹង​ ៣ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​របស់​កម្ពុជា​៕