ភ្នំពេញៈ អង្គការ​មូលនិធិ​អាស៊ី​តាមរយៈ​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart Axiata កំពុង​រៀបចំ​កម្មវិធី​បង្កើត​សៀវភៅ (BookLab) លើក​ទី​ ៩ នៅ​ប្រទេស​កម្ពុជា ដែលជា​សៀវភៅ​រឿង​កុមារ​ថ្មី​ចំនួន ១០ ​ចំណងជើង​បន្ថែមទៀត សម្រាប់​ឱ្យ​សាធារណជន​អាន​នៅលើ​បណ្ណាល័យ ឌីជីថល ឈ្មោះ​ថា​ «Let''s Read Digital Library for Children» លើ​វេបសាយ និង​អេហ្វ (App) ​ដោយ​ឥតគិតថ្លៃ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ភាគី​ទាំង​ ២ ស្ដីពី​ការរៀបចំ​កម្មវិធី​បង្កើត​សៀវភៅ​នេះ​កាលពី​ថ្ងៃទី​ ១៩ ​ខែ​តុលា ​បានឱ្យដឹងថា បណ្ណាល័យ​ឌីជីថល Let''s Read បាន​បង្កើន​ចំនួន​ចំណងជើង​សៀវភៅ​រឿង​កុមារ​ជា​ភាសា​ខ្មែរ រហូត​ដល់​ជាង ៤០០ ក្បាល និង​មាន​សៀវភៅ​រឿង​សរុប​ជិត ៥ ០០០ ចំណងជើង​សរសេរ​ជា ៣៧ ​ភាសា​ផ្សេងគ្នា​សម្រាប់​កុមារ​អាន​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា ស្របពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នេះ​តាមរយៈ​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ស្មាត អង្គការ​មូលនិធិ​អាស៊ី​បាន​រៀបចំ​កម្មវិធី​អនឡាញ​បកប្រែ​សៀវភៅ​ចំនួន ២ ​លើក កាលពី​ខែ​មិថុនា និង​ខែកក្កដា ឆ្នាំ​នេះ​ដោយ​មាន​អ្នកស្ម័គ្រចិត្ត​ និង​អ្នកជំនាញ​ផ្នែក​ភាសា​ខ្មែរ​ជាង​ ១៧០ ​នាក់​ ចូលរួម​បកប្រែ​សៀវភៅ​កុមារ​ ៦០ ​ក្បាល​ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​ខ្មែរ​។

លោកស្រី មេឡូនី លីនប៊ឺក តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា​ថ្លែង​ថា​៖ «​សៀវភៅ​រឿង​កុមារ​ថ្មី​ទាំង​ ១០ ​ចំណងជើង​នេះ​បាន​ផ្តោត​ទៅ​លើ​ប្រធានបទ គ្រួសារ សហគមន៍​ និង​មិត្តភាព​»​។

លោកស្រី​បាន​ឱ្យ​ដឹងថា ក្នុង​កម្មវិធី​បង្កើត​លើក​ទី​ ៩ ​នេះ​បាន​បន្ថែម​វិធីសាស្ត្រ​ថ្មី​ក្នុង​ដំណើរការ​នៃ​ការនិពន្ធ​សៀវភៅ​ដោយ​ផ្តល់ឱកាស​ឱ្យ​អ្នកនិពន្ធ​ជួប​ជាមួយ​នឹង​កុមារ​ដើម្បី​សិក្សា និង​ទទួល​បាន​គំនិត​យោបល់​ និង​ចំណង់ចំណូល​ចិត្ត​របស់​កុមារ​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា វិធីសាស្ត្រ​នេះ​នឹង​ធ្វើឱ្យ​គុណភាព​សៀវភៅ​របស់​យើង​កាន់តែ​ល្អ​បន្ថែម​ទៀត​ និង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​កុមារ​បន្ថែមទៀត នៅពេល​ដែល​ពួកគេ​អាន​សៀវភៅ​ទាំងនេះ​»​។

លោក គាំ ទិវា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ Smart Axiata បាន​លើកឡើងថា ការរួមបញ្ចូល​នូវ​គំនិត​យោបល់​របស់​កុមារ​នៅក្នុង​ដំណើរការ​នៃ​ការផលិត​រឿងនិទាន​កុមារ ពិតជា​ធ្វើ​ឱ្យ​សៀវភៅ​រឿង​ទាំងនោះ​មាន​គុណភាព​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា សិស្សានុសិស្ស​នឹង​រីករាយ​ក្នុង​ការអាន​សៀវភៅ​រឿង​ទាំងនេះ​ព្រោះ​យោបល់​របស់​ពួកគេ​ត្រូវ​បាន​យកចិត្ត​ទុកដាក់ ជាពិសេស​នៅក្នុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ សៀវភៅ​ឌីជីថល​ពិតជា​មាន​សារៈសំខាន់ និង​ងាយស្រួល​បំផុត​ក្នុង​ដំណើរការ​នៃ​ការរៀន​អាន និង​សិក្សា​រៀនសូត្រ​របស់​កុមារ​»​។ ក្រុមហ៊ុន Smart Axiata បាន​ប្តេជ្ញា​ក្នុង​ការលើក​កម្ពស់​បទពិសោធ​នៃ​ការសិក្សា​រៀនសូត្រ​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។

បើ​តាម​សេចក្តីប្រកាស អង្គការ​មូលនិធិ​អាស៊ី​បាន​សហការ​ជាមួយ​នឹង​អង្គការ​ឆាលហ្វាន​កម្ពុជា​បាន​រៀបចំ​ការជួបជុំ​រវាង​អ្នកនិពន្ធ និង​កុមារ ដើម្បី​ឱ្យ​ពួកគាត់​អាច​ជជែក​ពិភាក្សា​ដើម្បី​ស្វែងយល់​នូវ​គំនិត​យោបល់​សម្រាប់​ការនិពន្ធ​រឿង​មុននឹង​ដាក់ចេញ​សៀវភៅ​ទាំងនោះ​ជា​សាធារណៈ​។ សៀវភៅ​ទាំងនោះ នឹង​ត្រូវ​បាន​យក​ទៅ​ដាក់​បង្ហាញ និង​សុំ​មតិយោបល់​បន្ថែមទៀត​ពី​កុមារ​ដែល​បាន​ចូលរួម​ផ្ដល់​យោបល់​ និង​គំនិត​ទាំងអស់​ផងដែរ​។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាលហ្វាន​កម្ពុជា​ថ្លែងថា ជាទូទៅ​គេ​និយាយថា កុមារ​កម្ពុជា​មិន​ចូលចិត្ត​អាន​។ នេះ​មិនមែន​ជា​ការសន្និដ្ឋាន​ដែល​ត្រឹមត្រូវ​នោះទេ​។ កុមារ​ខ្លួនឯង​ទើប​ដឹង​ច្បាស់​ថា សៀវភៅ​មួយណា ដែល​ពួកគេ​ចូលចិត្ត​អាន ដូច្នេះ​ការពិភាក្សា​ជាមួយ​កុមារា កុមារី​ជាមុន ទើប​ស្ថាប័ន​អភិវឌ្ឍន៍​វិស័យ​អប់រំ​អាច​ផលិត​បាន​នូវ​ធនធាន​អំណាន​ដ៏សម្បូរបែប​ដែល​សមស្រប​តាម​វប្បធម៌ អាយុ និង​ចំណាប់អារម្មណ៍​របស់​កុមារ​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់​ថា ឱកាស​ក្នុង​ការទទួល​បាន​សៀវភៅ ដែល​មាន​គុណភាព ភាពរីករាយ​ក្នុង​ការអាន​ និង​ការរីកចម្រើន​ក្នុង​ការអាន ពិត​ជា​មាន​ទំនាក់ទំនង​នឹង​គ្នា​»៕