ភ្នំពេញៈ អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏​គ្មាន​សង្ឃឹម​ថា ជីវចម្រុះ​ដែល​កំពុងតែ​​រងគ្រោះថ្នាក់​ និង​គំរាមកំហែងទាំងនេះ នឹង​អាច​គេច​ផុតពី​ការ​ផុត​ពូជនោះ​​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មា​ន​​​មួយ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ ​(Wildlife Alliance)​។

អង្គការ​នេះ​បន្តថា នៅ​ក្នុង​ប្រទេស ​កម្ពុជា ក្រុម​ឧទ្យានុរក្ស​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចំនួន ១១០ នាក់​ ដែលជា​មន្ត្រី​ឧ​ទ្យា​​នុ​រក្ស​ក្រសួង​បរិស្ថាន​កង​​រា​ជ​​​អាវុ​ធហត្ថ និង​មន្ត្រី​របស់​អង្គ​​ការកំពុង​បំពេញការងារ​មិន​គិត​ពី​ការហត់នឿយ​ស្ថិតនៅ​បន្ទាត់​ជួរមុខ​ ដោយ​ប្រឈម​នឹង​គ្រោះ​​ថ្នាក់​ដល់​ជីវិត​ជា​រៀងរាល់ថ្ងៃ ដើម្បី​ប្រមូលយក​អន្ទាក់​សម្លាប់​សត្វព្រៃ​ខុសច្បាប់ ការចុះ​ឃាត់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​កំពុង​បំផ្លាញ​ដល់​ជីវិត​សត្វព្រៃ​ និង​ជម្រក​របស់​សត្វ និង​ការ​បញ្ឈ​ប់​ការទន្ទ្រាន​យក​ដី​ខុស​ច្បា​ប់​ស្ថិតក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​ចាប់​ពី​ឆ្នាំ ២០១០ មានការ​ធ្លាក់ចុះ​ចំនួន ៧៥០%។

អង្គការ​នេះ​ព្រមាន​ថា៖ ​«ប្រ​​សិ​​ន​បើ​គ្មាន​វីរជន​ឧទ្យានុរក្ស​ទាំងនេះទេ ទេសភាព​ព្រៃ​ទឹក​​​ភ្លៀង​តំបន់​ជួរ​ភ្នំក្រវាញ ដែលជា​តំបន់​ព្រៃ​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេយ៍ នឹង​អាច​ក្លាយជា​ឧទ្យាន​ដែល​មានតែ​នៅលើ​ក្រដា​​ស ដូច​ទៅនឹង​តំបន់​ការពារ​ភាគ​ច្រើ​ន​ទៀត​នៅក្នុង​តំបន់។ ក្រុម​ឧទ្យានុរក្ស​របស់​យើង​ កំពុង​​​ចេ​ញ​ការពារ​ដោយផ្ទាល់​នូវជីវចម្រុះ​ដែល​រង​ការគំរាមកំហែង ៥៥ ​ប្រភេ​ទ​លើ​ផ្ទៃ​ដីព្រៃ​ប្រហែល ៤ សែន​​ហិកតា»។

ការលើកឡើងរបស់អង្គការ Wildlife Alliance នេះ ធ្វើ​ឡើង​​ខណៈមានការប្រារព្ធ​​ទិវា​ឧទ្យានុរក្ស​ពិភពលោក (W​or​l​d Ranger Day) ថ្ងៃទី ៣១ ខែ ​កក្កដា​ ឆ្នាំ ២០១៩ ដែល​ត្រូវ​បា​ន​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ និង​ទទួលស្គាល់​ស្នាដៃ​ និង​ការ​បំពេ​​ញ​ការងារ​ រប​ស់​ក្រុម​ឧទ្យានុរក្ស​ នៅ​ជុំវិញ​ពិភពលោក ដែល​ពួក​គេ​បាន​លះបង់​ជីវិត​ការពារ​ធន​​ធា​នធម្មជាតិ ដោយ​ខ្លះ​បាន​ប្រ​​ឈ​ម​នឹង​ការ​ស្លាប់​ និង​រងរបួ​ស​។

យោងតាម​​តាម​អង្គការ​​អភិរ​ក្ស​​​ធនធាន​ធម្មជាតិ ​(IUC​N) បា​ន​​ចុះផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​​ថា ក្នុង​ឆ្នាំ ២០១៩ នេះ ឧទ្យានុរក្ស​ចំនួ​ន ១៤៩ នាក់​ នៅ​ជុំវិញ​ពិភព​លោ​ក​ បាន​បាត់បង់​ជីវិត ដោយសារតែ​ពួក​គេ​មួយចំនួន កំពុង​ប្រឈម​នឹង​លក្ខ​ខណ្ឌ​ដ៏​គ្រោះថ្នាក់​ ដូច​ជា​​គ្រោះទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ ជំងឺផ្សេងៗសត្វ​កាច​សាហាវ និ​ង​​កត្តា​គ្រោះថ្នាក់​ជាច្រើន​ ដោយ​ពួក​គេ​បាន​យក​ជីវិត​ទៅ​ប្រថុយ​ជា​រៀងរាល់ថ្ងៃ​នៅ​តំប​ន់​ជួរ​មុខ​ ក្នុងការ​អភិរក្ស​ធនធាន​ធម្មជា​តិ​។

មន្ត្រី​ក្រសួងបរិស្ថាន​ធ្លាប់​បញ្ជាក់ថា កម្ពុ​ជាមាន​ផ្ទៃដី​ដើម្បី​ការពារ​ធម្មជាតិ​ ឧទ្យាន​ជាតិ​ចំនួន ៧ លាន ៥ សែន​ហិកតា ស្មើនឹង ៤១% នៃ​ផ្ទៃដី​សរុប និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុង​ចុះ​ល្បាត​ការពារ​តំបន់​ទាំ​ង​នោះ​មាន​ចំនួន ១២២០ នាក់​​។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខា​​ធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​​​​ថ្លែង​ថា កម្ពុជា​​​ចាប់​​ផ្ដើម​​​មាន​​​មន្ត្រី​​​ឧ​​​ទ្យា​​​នុ​​​រក្ស​​​តាំងពី​​​ឆ្នាំ​ ១៩៩៣ ហើយ​​​កម្ពុជា​​​ចាប់​​ផ្ដើម​​​ប្រារព្វ​​​ទិវា​​​ឧ​​​ទ្យា​​​នុ​​​រក្ស​​​​​​ពិភ​ព​​លោក គឺ​​​ចាប់តាំងពី​​​ឆ្នាំ ២០១៧ បន្ទាប់ពី​​​ទិវា​​​នេះ​​​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដំបូងកាល​ពីឆ្នាំ ​២០០៧។

លោក​​​បន្តថា កម្ពុជា​ប្រារព្ធ​ទិវា​នេះ​ ដើម្បី​​​ផ្ដល់​​​គុណ​​​តម្លៃ​​​ និង​​​លើកទឹកចិត្ត​​​ដល់​​​មន្ត្រី​​​ឧ​​​ទ្យា​​​នុ​​​រក្ស​លើកកម្ពស់​​​ការ​យ​ល់​​ដឹង​​​របស់​​​សាធារណជន​​​អំពី​​​តួនា​ទី​​​របស់​​​​​​មន្ត្រី​ និង​ជំរុញ​លើ​ក​​ទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយ​មន្ត្រី​ឧទ្យា​នុ​រក្ស​ដើម្បី​ការ​ពារ​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ប្រកប​ដោ​យ​​និរន្តរ​ភាព។

លោក​​​ថា៖ ​«សម្រា​ប់​​​ប្រទេស​​​កម្ពុជា ក្រសួងបរិស្ថាន បាន​​​ប្រារព្ធ​​​ទិវា​​​នេះ​​​ឡើងជា​​​លើ​ក​ដំបូង​​​នៅ​​​ឆ្នាំ ២០១៧ ដោយ​​​​​មា​ន​​​​ការចូលរួម​​​ពី​​​បណ្ដា​​​ស្ថាប័ន​​​ពាក់ព័ន្ធអង្គការ​​​ជាតិ​​​ និង​​​អន្តរ​​ជាតិ និង​​​ស្ថាប័ន​​​ សិស្សានុសិស្ស សហគមន៍​​​មូលដ្ឋានសាធា​រណ​ជន និង​ស្ថាប័ន​ឯកជន​នានា​យ៉ាងច្រើន»។

កាលពី​ចុងខែ​មករា​ឆ្នាំមុន អ្នក​ចុះ​ល្បាត​ព្រៃ​ចំនួន ៣ នាក់ ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួង​បរិ​​ស្ថាន និង​មន្ត្រី​អង្គការ​ WCS ត្រូវបាន​មន្ត្រី​ប៉ូលីស​ និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ ស្ថិតក្នុង​ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី​បា​ញ់​សម្លាប់ ខណៈ​ពួកគេ​កំពុ​ង​ចុះ​បំពេញ​ការងារ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ។

អង្គការ Wildlife Alliance បញ្ជាក់ថា ក្រុម​អនុរក្សតែង​ស្នាក់នៅ​ឆ្ងាយ​ពី​គ្រួសារ​ និង​ដេក​នៅក្នុង​ព្រៃ​ដើម្បី​ការពារ​ធន​ធាន​ធម្មជាតិ និង​បាន​អំពាវ​នាវ​ឱ្យមាន​បរិច្ចាគ​ជា​ថវិកា​ដើ​ម្បី​​ជួយ​ទៅដល់​ជីវភាព​របស់​ក្រុម​អនុរក្ស ​និង​គ្រួសារ​របស់​ពួកគេ ដែល​ការបរិច្ចាគ​នេះ គឺ​ការមិន​ទុកឱ្យ​ក្រុម​អនុរក្ស​ទាំងនោះ​ត្រូ​វ​​ចេញ​ប្រយុទ្ធ​ការពារ​ព្រៃឈើ​ និង​​សត្វព្រៃ​តែឯង និង​ដើម្បី​ធានាថា ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំ​ក្រវា​ញ នឹង​នៅតែ​ជា​ឋាន​សួគ៌​ដ៏​មាន​សុវត្ថិភាព​សម្រាប់​សត្វ​ដំរី ព​ង្រូ​ល​ ខ្លា​ពពក និង​ជីវចម្រុះ​ជាច្រើន​ផ្សេង​ទៀត៕