កំពង់ស្ពឺ: ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានស្នើឲ្យក្រុមហ៊ុនអេចអិលអេចសហការបិទច្រកផ្លូវដែលក្រុមជនល្មើសតែងដឹកឈើខុសច្បាប់តាមរថយន្ត និងគោយន្តកាត់ទីតាំងក្រុមហ៊ុន ប៉ុន្ដែភាគីក្រុមហ៊ុន មិនពាក់ព័ន្ធនឹងបទល្មើសនេះទេ។
តាមលិខិតរបស់លោក ជា ហ៊ាន ដែលដាក់ជូនក្រុមហ៊ុនអេចអិលអេចចុះថ្ងៃទី ៧ ខែមេសា បានឲ្យដឹងថាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំនេះមន្ត្រីអង្គការ ACNCIPO បានទទួលពាក្យបណ្ដឹងពីពលរដ្ឋមូលដ្ឋាន ១ ច្បាប់អំពីសកម្មភាពការដឹកជញ្ជូនឈើដុល និងឈើអារតាមរថយន្ត និងគោយន្តកាត់តាមច្រកផ្លូវក្រុមហ៊ុនដោយបង់លុយឲ្យសន្ដិសុខយាមនៅខាងមុខក្រុមហ៊ុនចំនួន ៥ ម៉ឺនរៀលជាថ្នូរនឹងការបើកផ្លូវ។
លិខិតបន្តថា បន្ទាប់មកមន្ត្រីអង្គការបានធ្វើដំណើរចុះទៅតាមបឹងថ្លុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីស៊ើបសង្កេតបទល្មើសព្រៃឈើដល់ចំណុចកោះក្របៅក៏បានជួបគោយន្តដឹកឈើចេញពីបឹងថ្លុងនោះមែន ដោយឆ្លងកាត់តាមច្រកអូរត្រាវ និងមួយផ្នែកទៀតដឹកចេញពីច្រកសំរោងតាមច្រកក្រុមហ៊ុនអេចអិលអេចនេះ។
លិខិតបន្ថែមថា មន្ត្រីអង្គការបានសួរក្រុមអ្នកដឹកឈើទាំងនោះដោយពួកគេបានអះអាងថា រាល់លើកពួកគេបានដឹកចេញតាមច្រកផ្លូវក្រុមហ៊ុនអេចអិលអេចដោយបង់លុយឲ្យសន្ដិសុខយាមមុខក្រុមហ៊ុនចំនួន ៥ ម៉ឺនរៀល ប៉ុន្ដែក្រុមហ៊ុនមិនពាក់ព័ន្ធបទល្មើសព្រៃឈើទេ។
បន្ថែមពីនេះលោក ជា ហ៊ាន បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថាលោកពិតជាបានដាក់លិខិតមួយទៅក្រុមហ៊ុនអេចអិលអេចមែនកាលពីថ្ងៃទី ៧ ខែមេសាដើម្បីសុំកិច្ចសហការជាមួយអង្គការលោក និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការចូលរួមបិទច្រកដឹកជញ្ជូនឈើចេញពីភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ។
ក៏ប៉ុន្តែលោកអះអាងថា បន្ទាប់ពីដាក់លិខិតនេះរួចលោកមិនទាន់បានទទួលដំណឹងពីភាគីក្រុមហ៊ុននៅឡើយទេ ប៉ុន្ដែផ្ទុយទៅវិញមន្ត្រីក្រុមហ៊ុនបែរជាគំរាមចង់ប្ដឹងលោកឡើងទៅតុលាការទៅវិញ។ លោកមានការសោកស្ដោយ បន្ទាប់ពីក្រុមសន្ដិសុខក្រុមហ៊ុនបានឃាត់រថយន្ត និងឃាត់ខ្លួនលោកជិត ១ ម៉ោងមិនឲ្យចេញពីក្រុមហ៊ុនកាលពីព្រឹកថ្ងៃទី ៦ ខែមេសា ក្រោយពីលោក និងក្រុមការងារជិះរថយន្តឆ្លងកាត់ច្រកដឹកជញ្ជូនឈើនេះដើម្បីស៊ើបអង្កេតរកបទល្មើសជាក់ស្ដែង។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ភាគីក្រុមហ៊ុនអេចអិលអេចនឹងសហការជាមួយអង្គការរបស់ខ្ញុំក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដើម្បីចូលរួមបិទច្រកដែលជាផ្លូវតែមួយគត់ សម្រាប់ការដឹកជញ្ជូនឈើចេញពីភ្នំក្រវាញឆ្លងកាត់ច្រកក្រុមហ៊ុននេះមកភ្នំឱរ៉ាល់ដើម្បីចូលរួមចំណែកអភិរក្សព្រៃឈើយើងឡើងវិញ។ ក្រុមហ៊ុនគាត់មិនពាក់ព័ន្ធបទល្មើសទេ តែគាត់បើកច្រកឲ្យដឹកជញ្ជូនឈើកាត់ក្រុមហ៊ុនគាត់»។
លោក សេង ល័យ ប្រធានគ្រប់គ្រងច្រកចេញចូលរបស់ក្រុមហ៊ុនអេចអិលអេចបានថ្លែងកាលពីថ្ងៃពុធថា លោកបានទទួលលិខិតរបស់លោក ជាហ៊ាន នោះហើយ និងពិនិត្យឃើញថា លិខិតនេះមិនឆ្លុះបញ្ចាំងពីការពិតទេ ដែលថាសន្ដិសុខក្រុមហ៊ុនទទួលលុយ ៥ ម៉ឺនរៀលពីជនល្មើសដឹកឈើខុសច្បាប់នោះ។
លោកបន្តថា ក្រុមហ៊ុនលោកមានវិន័យយ៉ាងតឹងរ៉ឹងចំពោះការចេញ ឬចូលក្រុមហ៊ុនដោយថ្នាក់ដឹកនាំក្រុមហ៊ុនមិនអនុញ្ញាតឲ្យក្រុមសន្ដិសុខក្រុមហ៊ុនទារលុយពីអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវក្រុមហ៊ុនទេ ប៉ុន្ដែលោកក៏មិនបានឃើញករណីមានគោយន្តដឹកឈើឆ្លងកាត់ទីនេះដែរ។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនពួកខ្ញុំនេះ មិនដែលទារលុយពីអ្នកដំណើរទេ ទោះដឹកជញ្ជូនអ្វីក៏ដោយ ហើយខ្ញុំក៏មិនដែលឃើញគោយន្តដឹកឈើតាមច្រកនេះដែរ ប៉ុន្ដែប្រសិនបើមានករណីដឹកជញ្ជូនឈើបែបនេះមែន ក្រុមហ៊ុននឹងសហការជាមួយសមត្ថកិច្ច និងអង្គការរបស់លោក ជា ហ៊ាន ព្រោះយើងក៏ចង់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើដែរ»។
ករណីស្រដៀងគ្នានេះដែរកាលពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមេសាលោក ជា ហ៊ាន បានសហការជាមួយមន្ត្រីឧទ្យានុរក្សភ្នំឱរ៉ាល់ និងមន្ត្រីឧទ្យានុរក្សផ្សេងៗទៀតបានចុះបង្ក្រាបបទល្មើសព្រៃឈើដោយបានរឹបអូសឈើជាច្រើនម៉ែត្រគុប៕