ភ្នំពេញៈ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ សមាគម និង​សហ​ជីព​​​ជាង ៦០​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​កាល​ពី​ម្សិល​មិញ បង្ហាញ​​ក្តី​បារម្ភ​ជា​ថ្មី​ទៀត រឿង​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា ខណៈ​ពេល​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​នេះ។​

សេចក្តីថ្លែង​ការ​ណ៍​សរសេរ​ថា​៖ «ក្នុង​នាមជា​អ្នក​លើក​ស្ទួយ​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ​និង​សិទ្ធិ​ការងារ​ យើង​យល់​យ៉ាង​ច្បាស់​អំពី​គោល​ជំហរ​ និង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប។ យើង​មាន​​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង ​លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដែល​នឹង​ជះ​ផល​អវិជ្ជមា​ន ​ដោយ​ផ្ទាល់​ និង​ប្រយោល​ដល់​ជីវភាព​រស់​នៅ​ និង​សុខុមាល​ភាព​របស់​ពលរដ្ឋ និង​ការ​​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំង​មូល»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ការ​ដក​ប្រព័ន្ធ​នេះ​ អាច​ត្រូវ​បាន​បញ្ចៀស​ ប្រសិន​បើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​វិធាន​ការ​សម​រម្យ​ដើម្បី​បំពេញ​តួនាទី​សម្រាប់​ពលរដ្ឋ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​រដ្ឋធម្មនុញ្ញ​ ជា​ពិសេស​ ពាក់​ព័ន្ធ​នឹង​ការប្ដេជ្ញា​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​​អនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ពាក់​ព័ន្ធ និង​សេរីភាព​ សម្រាប់​​ការ​ជួបជុំ​គ្នា​ជា​ដើម។

សេចក្តី​ថ្លែង​ការ​ណ៍​បន្ត​ថា៖ «ដូច្នេះ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​ប្រជា​ពលរដ្ឋ​ខ្មែរ​សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការជាក់​ស្ដែង​ និង​ហ្មត់​ចត់ក្នុង​ការ​ស្ដារ និង​ការ​​ពារ​និង​បំពេញ​លក្ខខណ្ឌ​សិទ្ធិមនុស្ស​​​ និង​សិទ្ធិ​ការងារ​ ដើម្បី​ធានា​សុខុមាលភាព និង​ជីវភា​ព​​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ»។

អង្គការ​​ដែល​បាន​ចូល​រួម​ចេញ​សេច​ក្តី​ថ្លែងការណ៍​ក៏​មាន​​សមាគម​អាដ​ហុក អង្គការ​ខុម​ហ្រ្វែល និង​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ CCIM ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក លោ​​ក ស៊ិង សែន​ករុណា ​ថ្លែង​ថា​៖ «យើងបង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​យើ​ងទៅ​សាធារ​ណ​ជន និង​ភាគី​ពាក់​ព័ន្ធ​ ដូច​ជា​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​ពួក​គាត់​ដឹង ​ពី​ការព្រួយបារម្ភ​របស់​អង្គការ​សង្គមស៊ីវិល​អំពី​ការ​ដំណើរ​ការ​ដក​ EBA តាំង​ពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ»។

លោក​បញ្ជាក់​ថា​៖ «លក្ខខ​​ណ្ឌ​​ដែល​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​នោះ មិន​ទាន់​ឃើញ​រដ្ឋា​​ភិបា​ល​ បាន​ដោះ​ស្រាយ​នូវ​លក្ខ​ខណ្ឌ​ណា​មួយ​ជា​ដុំ​កំភួន​ទេ​ ដើម្បី​ឆ្លើយ​តប។ អ៊ីចឹង​យើង​បារម្ភ​ថា បើ​បាត់​ EBA វា​ប៉ះ​ពាល់​ដល់ជីវភាព​ប្រជា​ពលរដ្ឋ ជាពិសេស​ខាង​កម្មករ ហើយ​ប៉ះពាល់​ជាប្រព័ន្ធ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា»។

លោកថ្លែង​ថា ការ​លើក​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋា​​ភិបាល ​គឺ​មាន​លក្ខណៈ​រឹតត្បិត​បើ​ធៀប​នឹង​បទដ្ឋាន​អន្តរ​​ជាតិ។ «ច្បាប់​ហ្នឹង​មាន​ភាពចម្រូង​ចម្រាស។ ពេល​ចេញ​មក​មាន​លក្ខណៈ​រឹត​ត្បិត​ ទៅ​លើ​ភាគី​មាន​និន្នាការ​នយោបាយ ​​ដែល​ជំទាស់​ទៅ​នឹង​ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល។ អ៊ីចឹង​យើង​ឃើញ​ថា ​វា​បម្រើ​ទៅ​ដល់​ភាគី​ម្ខាង ​ដើម្បី​វាយ​ប្រហារ​ ឬ​ផ្ដួល​រំលំ​ទៅ​លើ​ភាគី​ម្ខាង​ទៀត»។

លោក​ករុណា ​បញ្ជាក់​ថា​ គេ​មិន​អាច​យក​ប្រទេស​កម្ពុជា​ទៅ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ផ្សេង​ទៀត​​បាន​ទេ។ «ការ​អនុវត្ត​និង​ការ​អភិវឌ្ឍ​ប្រទេស​មួយ ​វា​មាន​លក្ខណៈ​ និង​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​អន្តរជាតិ​ខុស​គ្នា។ កម្ពុជា​យើង​មាន​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស យើង​មាន​សមាជិក​ជា​ច្រើន​ ដែល​ចូលរួមក្នុង​កិច្ច​ព្រម​ព្រៀង​ហ្នឹង ហើយ​យើង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​អន្តរជាតិ»។

លោក​​ថា​៖​ «​​ដល់​ពេល​គេ​ (អន្តរ​ជាតិ) លើក​ឡើង​ពី​ការ​រំលោភ​បំពាន​ យើង​បែ​រជា​ចោទ​ប្រកាន់​ថា​ ជា​ការ​រំលោភ​​អធិប​​តេយ្យ​អី​ហ្នឹង វា​អត់​មាន​ន័យ​អី​ទេ​ ព្រោះ​គេ​លើក​ឡើង​គឺ​ជា​ការ​គិត​គូរ​ ពី​សុខ​ទុក្ខ​របស់​​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​គេ​ចង់​ឃើញ​រដ្ឋាភិបា​ល​​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ឯង»។

ប៉ុន្តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌បាន​ថ្លែង​ថា អ្វី​ដែល​បាន​កើត​ឡើង​ នៅ​កម្ពុជា​ កន្លង​មក​គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​មិនមែន​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ឬ​ការ​មិន​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​​នោះ​ដែរ។​

លោក​ថ្លែងថា ​ការ​អនុវត្ត​ច្បា​ប់​​នោះ​ គឺ​ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​ និង​សណ្ដាប់ធ្នាប់​សង្គមទប់​ទ​ល់​ទៅ​នឹង​ការ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ តាម​បែប​អនាធិបតេយ្យ។

លោ​ក​​ថ្លែង​ថា៖ «ស​ម្រា​​ប់​ជំហ​ររបស់​រដ្ឋាភិបាល​ យើ​ងនឹង​ធ្វើ​ការចរចា​ឲ្យ​អស់​លទ្ធភាព​ជាមួយ​នឹង​ EU ដើម្បី​ធ្វើ​ការ​ពន្យល់​បកស្រាយ​ ដើម្បី​ឲ្យគាត់​យល់​ថា ទាំងអស់​នេះ ​គឺ​ជា​យន្តការ​ នៃការ​អនុវត្ត​ច្បាប់។ យើង​មិន​បោះ​បង់​​ចោល​យន្ត​ការ​​អនុវត្ត​ច្បាប់ អធិបតេយ្យ​​ភាព គោល​ការណ៍​ប្រជា​ធិបតេ​យ្យ នីតិរដ្ឋ​ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​នោះ​ទេ។ ប៉ុន្តែ​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កាត់​ផ្ដាច់​នូវ​ការ​អនុគ្រោះ​ពន្ធ​ទាំង​អស់​នេះ»។

លោក​ថ្លែង​ថា សង្គម​ស៊ីវិល ​មិន​គួរ​ដាក់​បន្ទុក​នេះ​មក​រាជរដ្ឋាភិបាល​ទេ តែ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​គួរ​ធ្វើ​សកម្មភាព​គ្រប់បែប​យ៉ាង ​ដើម្បី​ស្នើ​ឲ្យ​ EU ធ្វើ​ការ​ពិចារណា​ដោយ​ផ្អែក​លើ​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាជន​ជា​ធំ ជា​ជាង​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ហើយ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ប្រជាជាតិ​​ខ្លួន​ឯង។

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឡើង​ខណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ កំពុង​បំពេញ​ទស្សនកិច្ច​​រយៈ​​ពេល​ ២ ​ថ្ងៃ​នៅ​កម្ពុជា​ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ សម្រាប់​នាំទំនិញ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ ចូល​ទៅ​កាន់​ទីផ្សារ​នៃ​ប្លុក​ដែល​មាន ២៨ ប្រទេស។

លោក​ George Edgar ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប ​ប្រចាំ​កម្ពុជា​ ​ថ្លែង​ថា​ លោក​មិន​ទាន់​អាច​​អត្ថាធិប្បាយ​លើ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​នៅ​ឡើយ។

លោក​ថ្លែង​តាម​សារ​អេឡិចត្រូនិ​​ក​កាល​ពី​ម្សិល​មិញ​ថា៖ «សហភាព​អឺរ៉ុបមាន​ភាព​ច្បា​ស់​​លាស់​ថា ខ្លួន​នឹង​បន្ត​ពិភាក្សា​ ជាមួយ​អាជ្ញាធរ​កម្ពុជា ​នៅ​ក្នុង​ប៉ុន្មាន​ខែ​តទៅ​មុខ​ទៀត អំពី​បញ្ហា​ EBA និង​បញ្ហា​ពាក់​ព័ន្ធ​។ទស្សនកិច្ច​នៅ​សប្ដាហ៍​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ»។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ថា ក្រសួង​របស់​លោក​នឹ​ង​​​ជួប​ជាមួយ​ប្រតិភូ​អឺរ៉ុប​ នៅ​ថ្ងៃ​ពុធ​នេះហើយ​ថា «វា​ជា​ផ្នែក​មួយ ​នៃ​កិច្ច​សន្ទនា​នយោបាយ»។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ជួប​ក្រសួង​មហា​ផ្ទៃ​ នៅ​ថ្ងៃ​ពុធ​នេះ​ដែរ។

កាល​ពី​ខែ​កុម្ភៈគណៈ​កម្មកា​​រ​​អឺរ៉ុប​ បាន​ចាប់​ផ្ដើម​នីតិវិធី​ផ្អាក​ EBA សម្រាប់​កម្ពុជា​ ដែល​ជា​នីតិវិធី​មាន​រយៈ​ពេល ១២ ​ខែ។ ​ដំណាក់​កាល​ ៦ ​ខែ​ដំបូង ត្រូវ​គេ​ហៅ​ថា ​ដំណាក់​កាល «តាមដាន​ និង​វាយ​តម្លៃ» ជា​ពេល​ដែល​មាន​ទំនាក់​ទំនង​ជិត​ដិត ​រវាង​ភាគី​កម្ពុជា​ និង​គណៈកម្មការ​អឺរ៉ុប​ ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​រក្សា EBA៕