កោះកុង: អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ (Wildlife Alliance) បានប្រកាស​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​ ៥០០ ​ដុល្លារ​ដល់​អ្នក​ដែល​រាយការណ៍ និង​អ្នក​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ការលួច​ដុត​ព្រៃ​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៤៨ ក្នុង​ខេត្ត​កោះកុង ខណៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បញ្ជាក់ថា បទល្មើស​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា នឹងត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធ​នាគារ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់​មួយចំនួន​ផងដែរ​។

មន្ត្រី​ម្នាក់​នៃ Wildlife Alliance ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា Wildlife Alliance បាន​ជូនដំណឹង​ទៅ​សាធារណជន​ទាំងអស់​ដែល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​លួច​ដុតព្រៃ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤៨ ​ស្ថិត​ក្នុង​ដែនដី​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ប្រគល់ជូន​មក​ក្រុមការងារ​អង្គការ​លោក​នឹង​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​ ៥០០ ​ដុល្លារ​អាមេរិក​។

លោក​បញ្ជាក់ថា​៖ «​បងប្អូន​ណា​ដែល​បានឃើញ​ជនល្មើស​លួច​ដុត​ព្រៃ ហើយ​រាយការណ៍​មក​ក្រុមការងារ​អង្គការ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ហើយ​បញ្ជូន​ទៅ​តុលាការ​ដោយ​អង្គការ​នឹង​ផ្ដល់ប្រាក់ ៥០០ ​ដុល្លារ ប៉ុន្ដែ​បើ​បងប្អូន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យក​ប្រគល់ជូន​អង្គការ​កាន់តែ​ល្អ​ថែមទៀត​»​។

លោក​បន្ថែមថា​នៅក្នុង​ឆ្នាំនេះ​ករណី​ដុត​ព្រៃ និង​ភ្លើង​ឆេះ​ព្រៃ​មាន​ច្រើន​ករណី ដែល​គួរឲ្យ​ព្រួយបារម្ភ និង​មាន​ហានិភ័យ​ខ្ពស់​ទៅលើ​សត្វព្រៃ​គ្រប់​ប្រភេទ​។ ដូច្នេះ​លោក​សូម​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន ឬ​សាធារណជន​នានា​ជួយ​រាយការណ៍​មក​ក្រុមការងារ​ជំនាញ ដើម្បី​ចាត់វិធានការ​ទាន់​ពេលវេលា​តាមច្បាប់​។ បច្ចុប្បន្ន​នេះ Wildlife Alliance កំពុង​គ្រប់គ្រង​គម្រោង​នៅ​ដែនជម្រក​សត្វព្រៃ​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការដុត​ព្រៃ​គឺជា​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​អ្នកប្រព្រឹត្ត​ខុស​ត្រូវតែ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ ចំណែក​ការផ្តល់​ប្រាក់រង្វាន់​ចំពោះ​អ្នក​ដែល​ចាប់បាន​អ្នកដុត​ព្រៃ​គឺជា​រឿង​ធម្មតា ហើយ​ការលើក​ទឹកចិត្ត​ចំពោះ​អ្នក​ផ្តល់ព័ត៌មាន​ដែល​ឈានទៅដល់​ការចាប់​ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​គឺ​គេ​បាន​អនុវត្ត​នៅលើ​ប្រទេស​នានា​ដែរ​។

លោក​បន្តថា​ការដុត​ព្រៃ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ហើយ​ការប្រើប្រាស់​វិធីសាស្ត្រ​ដុត​ព្រៃ ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់ គឺជា​ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​។

ក្រសួង​បរិស្ថាន​សូម​រំឭក​ថា អនុលោម​តាមច្បាប់​ស្ដីពី​តំបន់​ការពារធម្មជាតិ​មាត្រា​ ៦២ ចែងថា​ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី ​៤ ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងករណី​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដូចជា ការកាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​ការបង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​នឹងត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ និង​ពិន័យ​ប្រាក់​មួយ​ចំនួន​ផងដែរ​»​។

លោក នេត្រ ភក្ត្រា បន្ថែមថា​តាមច្បាប់​ការប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៤ ​នេះ​ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ៥ ​ឆ្នាំ ទៅ​ ១០ ​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី ១៥ ​លាន​រៀល​ដល់​ ១៥០ ​លាន​រៀល​។

លោក​បាន​បញ្ជាក់ថា​នៅក្នុង​ករណី​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជា​នីតិបុគ្គល​នោះ​ទោសពិន័យ​ជា​ប្រាក់​ពី ១៥០ ​លាន​រៀល​រហូត​ដល់ ២៥០ ​លាន​រៀល ហើយ​វត្ថុតាង​ទាំងអស់​នោះ​នឹង​ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​៕