ភ្នំពេញ៖ អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​កម្ពុជា​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ១ លាន​នាក់​នៅ​ទូទាំង​ប្រទេស។

លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter កាល​ពី​ថ្ងៃទី ១១ ខែ​មេសា​ថា លោកស្រី​ពិត​ជា​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។

លោកស្រី​ថ្លែង​ថា៖ «សូម​អបអរ​សាទរ​ចំពោះ​កម្ពុ​ជា​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ប្រចាំង​នឹង​ជំងឺ​កូវីដ ១៩។ គិត​ត្រឹម​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ជូន​ប្រជាពលរដ្ឋ​ខ្លួន​បាន​ជាង ១ លាន​នាក់។ ដោយ​ក្តី​រីករាយ និង​កត់​សម្គាល់​ឃើញ​ថា បុគ្គលិក​ថែទាំ​សុខភាព និង​ក្រុម​មនុស្ស​ចាស់​ក្នុង​ចំណោ​មនុស្ស​ដែល​ត្រូវ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩»។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ ១ លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ អ្នក​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី ១ លាន គឺ​លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​មនុស្ស​ដំបូង​គេ​បំផុត​ដែល​ទទួល​វ៉ាក់សាំង គឺ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី​ថ្លែង​ថា អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ទី ១ លាន លោក ប៉ាន់ សុវណ្ណរិទ្ធិ បាន​ទទួល​អំណោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​ទឹក​ប្រាក់ ៥ លាន​រៀល​ ដែល​ជា​ប្រាក់​រង្វាន់​ត្រូវ​ឆ្នោត​ចាក់​វ៉ាក់សាំង​កូវីដ ១៩។

លោកស្រី​ថ្លែង​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​វេន​រៀងៗ​ខ្លួន​ឱ្យ​បាន​គ្រប់គ្នា ដើម្បី​ការពារ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ ១៩ កាត់​បន្ថយ​នូវ​អត្រា​សម្រាក​ពេទ្យ និង​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​សាហាវ​នេះ»៕