ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន​ ១១ កោតសរសើរ​ដល់​រដ្ឋសភា និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​តែងតែ​ទទួលយក​មតិយោបល់ និង​ធាតុ​ចូល​របស់​សង្គម​ស៊ីវិល​ក្នុង​ការធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ និង​បាន​ស្នើឱ្យ​រាជរដ្ឋាភិបាល គួរ​បង្កើត​វេទិកា​ទៀងទាត់​ឱ្យ​សាធារណជន​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​បញ្ហា​នេះ​ផងដែរ​។

លិខិត​ចុះ​ថ្ងៃទី​ ២០ ​ខែ​វិច្ឆិកា ចំនួន​ ៤ ​ទំព័រ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ក្នុងនោះ​ក៏​មាន​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​តម្លាភាព​កម្ពុជា វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ និង​អង្គការ​សម្ព័ន្ធភាព​ដៃគូ​ដើម្បី​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ផងដែរ​នោះបាន​កោតសរសើរ​ និង​អបអរ​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​បំពេញភារកិច្ច​ដ៏ជោគជ័យ​នាពេល​កន្លងមក​។

ក្រុម​អង្គការ​ទាំងនេះ​ក៏​កោតសរសើរ​ដែល​រដ្ឋសភា និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បើកឱកាស និង​ស្វាគមន៍​នូវ​រាល់​ការផ្ដល់​យោបល់​ធាតុ​ចូល និង​អនុសាសន៍​ពី​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ធ្វើឱ្យ​ក្របខណ្ឌ​គោលនយោបាយ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំ​ឆ្នាំ​មាន​ភាពគ្រប់​ជ្រុងជ្រោយ និង​មាន​ការចូលរួម​។

លិខិត​ក្រុម​អង្គការ​ដដែល​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឱ្យបាន​ពេញលេញ​សម្រាប់​ប្រជាពលរដ្ឋ​ និង​បង្កើត​ឱ្យ​មាន​កិច្ចពិភាក្សា​រវាង​រដ្ឋសភា ក្រសួង ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​រួមចំណែក​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​តម្លាភាព ដែល​ការធ្វើ​ដូច្នេះ​ជា​ផ្នែក​មួយ​នៃ​ការធ្វើ​កំណែទម្រង់​។ «​ជាមួយ​គ្នា​នេះដែរ រាជរដ្ឋាភិបាល​គួរ​បង្កើត​វេទិកា ឬ​យន្តការ​ទៀងទាត់​មួយ​សម្រាប់​សាធារណជន​ចូលរួម​វិភាគទាន​ជា​បដិមតិ (​មតិផ្ទុយ​) ក្នុងន័យ​ស្ថាបនា​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការអនុវត្ត​ថវិកា​ដែល​បាន​អនុម័ត​រួច​»​។

ក្រុម​អង្គការ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ហ្មត់ចត់​ក្នុង​ការធានា​ឱ្យបាន​នូវ​ការប្រមូល​ចំណូល​។ ចំណូល​ និង​ចំណាយ​ត្រូវធ្វើឡើង​ឱ្យមាន​សមតុល្យ​គ្នា ដើម្បី​បញ្ចៀស​ការខ្ចី​ថវិកា​ពី​បរទេស​កាន់តែ​ច្រើន​ថែមទៀត​។ ក្រសួង​ទាំងអស់​គួរតែ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ហើយ​ការចំណាយ​លើ​វិស័យ​ការពារជាតិ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​គួរតែ​បន្ថយ​ដើម្បី​យកចិត្ត​ទុកដាក់​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​ឱ្យបាន​ច្រើន​។

ដោយ​ស្វាគមន៍​ការអន្តរាគមន៍​ទាក់ទង​នឹង​ជំងឺ​កូវីដ ​១៩ ក្រុម​អង្គការ​ដដែល​ស្នើឱ្យ​រដ្ឋាភិបាល​បន្ថែម​ការយកចិត្ត​ទុកដាក់​លើ​ជំងឺ​មិនឆ្លង ការលៃលក​បង្កើន​ថវិកា​សម្រាប់​វិស័យ​អប់រំ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​បាន​ច្រើនជាង​ឆ្នាំមុន ព្រមទាំង​យកចិត្ត​ទុកដាក់​លើ​ថវិកា​សម្រាប់​ចំណាយ​នៅ​ថ្នាក់ក្រោម​ជាតិ​។

នៅ​កម្រិត​ម៉ាក្រូសេដ្ឋកិច្ច ក្រុម​អង្គការ​ទាំង​ ១១ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រមូល​ចំណូល​ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌​សង្គម សមធម៌ និង វិសមភាព​សង្គម​។ រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​លើ​ការចំណាយ​លើ​វិស័យ​អាទិភាព កម្ចី និង​បំណុល​បរទេស​បញ្ហា​ប៉ះពាល់​ពី​កូវីដ​១៩ និង​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ចប់​ថា​៖ «​អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​រដ្ឋសភា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មេត្តា​ទទួលយក​នូវ​ធាតុ​ចូល​សំខាន់ៗ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិចារណា​ដោយ​សេចក្ដី​អនុគ្រោះ​។ ក្រុមការងារ​យើងខ្ញុំ ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួបពិភាក្សា ផ្លាស់ប្ដូរ​មតិយោបល់​ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​បាន​រីកចម្រើន ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែង​ថា លិខិត​នេះ​ជា​លិខិត​បង្ហាញ​ពី​គោលជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ឱ្យ​រដ្ឋសភា និង​សាធារណជន​ពិចារណា​។ វា​មាន​លក្ខណៈ​ដូចជា​លិខិត​ចំហ​។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែងថា លោក​មិន​បានឃើញ​លិខិត​នោះទេ ហើយ​ស្នើឱ្យ​សួរ​ទៅ​លោក ជៀម យាប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក​ ជាម យៀប បានទេ​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តែង​ទទួល​ធាតុ​ចូល​ពី​ភាគី​ផ្សេងៗ​រួមមាន​ទាំង​គណបក្ស​នយោបាយ​នានា​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​។ ចំពោះ​ការព្រួយបារម្ភ​លើ​បំណុល​សាធារណៈ​ និង​ការខ្ចីប្រាក់​បន្ថែម​ពី​បរទេស លោក​ ស៊ីផាន ​ថ្លែងថា​៖ «​យើង​ខ្ចី​គេ​ទៅតាម​លទ្ធភាព​ដែល​យើង​អាច​សង​។

យើង​បានរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​ក្នុងការ​ស្ដារ​ឡើងវិញ​បន្ទាប់ពី​កូវីដ​។ យើង​ខ្ចី​អ្វី​ដែលមាន​សារៈសំខាន់​សម្រាប់​ស្ដារ​សេដ្ឋកិច្ច​របស់​យើង​បន្ទាប់ពី​កូវីដ ហើយ​ការប្រាក់​ទាប​បំផុត​។ យើង​មាន​ផែនទី​ត្រឹមត្រូវ​ក្នុង​ការរក្សា​កម្ចី​ឱ្យ​ក្រោម​ពិតាន​សុវត្ថិភាព​នៃ​ការសង​បំណុល​ទៅវិញ​»៕