ភ្នំពេញៈ អង្គការចំនួន ១៦ លើពិភពលោកបានរកឃើញថា ១ ភាគ ៣ នៃប្រភេទត្រីទឹកសាប ដែលពិភពលោកមិនសូវផ្តោតការយកចិត្តទុកដាក់កំពុងទទួលរងការឈានទៅរកការផុតពូជ ខណៈត្រីទឹកសាបជាច្រើនប្រភេទរបស់កម្ពុជាដែលត្រូវបានហាមឃាត់ នៅតែប្រឈមនឹងការជួញដូរ។
ការរកឃើញនេះត្រូវបានផ្សព្វផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាន់របស់អង្គការ WWF នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ដោយបានបង្ហាញពីការរកឃើញថ្មីរបស់អង្គការទាំងនេះនៅក្នុងរបាយការណ៍ស្តីអំពីប្រភេទត្រីទឹកសាបនៅលើពិភពលោក (World''s Forgotten Fish)។
របាយការណ៍នេះបានពណ៌នាលម្អិតពីប្រភេទត្រីទឹកសាបដ៏អស្ចារ្យជាច្រើន រួមទាំងប្រភេទត្រីដែលទើបតែស្រាវជ្រាវរកឃើញថ្មីៗ សរុបប្រមាណជា ១៨ ០៧៥ ប្រភេទ ដែលជាចំនួនច្រើនជាងពាក់កណ្តាលនៃប្រភេទត្រីទាំងអស់ក្នុងពិភពលោកហើយស្មើនឹង ១ ភាគ ៤ នៃប្រភេទសត្វឆ្អឹងកងទាំងអស់នៅលើភពផែនដីនេះ។
អង្គការអភិរក្សចំនួន ១៦ បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ត្រីទឹកសាបជាច្រើនប្រភេទនៅលើពិភពលោក មានសារៈសំខាន់សម្រាប់សុខភាព សន្តិសុខស្បៀង និងជីវភាពរបស់មនុស្សរាប់លាននាក់។ ប៉ុន្តែត្រីទាំងនេះបាននិងកំពុងរងការគំរាមកំហែងកាន់តែខ្លាំងឡើង ហើយ ១ ភាគ ៣ នៃប្រភេទត្រីទាំងនេះកំពុងទទួលរងការផុតពូជ។
របាយការណ៍បានបញ្ជាក់ថា៖ «ធនធានជលផលទឹកសាប គឺជាប្រភពប្រូតេអ៊ីនចម្បងបំផុតសម្រាប់មនុស្ស ២០០ លាននាក់នៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូងព្រមទាំងជាប្រភពផ្តល់ការងារ និងរបរចិញ្ចឹមជីវិតដល់មនុស្សចំនួន ៦០ លាននាក់ផងដែរ»។
ទិន្នផលត្រីទឹកសាបច្រើនសម្បូរបែប ក៏ជួយទ្រទ្រង់ដល់ឧស្សាហកម្មធំៗរបស់សកលលោកចំនួន ២ ប្រភេទដូចជាការនេសាទត្រីបែបកម្សាន្តមានទំហំទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈការចិញ្ចឹមត្រីសម្រាប់លម្អដែលកំពុងពេញនិយមបំផុតលើពិភពលោកក្លាយជាការរួមចំណែកពាណិជ្ជកម្មដែលមានតម្លៃដល់ទៅ ៣០ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍។
លោក ស្ងួត អរ នាយកកម្មវិធីធនធានទឹកសាបអន្តរជាតិនៃអង្គការ WWF ថ្លែងថា ទន្លេ បឹង និងតំបន់ដីសើមនានា នៅក្នុងពិភពលោកជាកន្លែងដែលទទួលរងការខូចខាតធនធានធម្មជាតិធ្ងន់ធ្ងរជាងគេទាំងអស់ ហើយសញ្ញាយ៉ាងច្បាស់បំផុតនៃការខូចខាតធនធានធម្មជាតិទាំងនេះ គឺការធ្លាក់ចុះចំនួនត្រីទឹកសាបយ៉ាងឆាប់រហ័ស។
លោកថា ការធ្លាក់ចុះនេះជាការប្រកាសអាសន្នសម្រាប់ធនធាន ទឹកសាប ដែលគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត។ «អ្វីដែលពួកយើងត្រូវការឥឡូវនេះ គឺការទទួលស្គាល់នូវគុណតម្លៃរបស់ត្រីទឹកសាប និងធនធានជលផលទឹកសាប ដើម្បីឱ្យរដ្ឋាភិបាលកំណត់ការអនុវត្តគោលដៅ និងដំណោះស្រាយថ្មីៗក៏ដូចជាការកំណត់អាទិភាពក្នុងកិច្ចការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទឹកសាបឡើងវិញ។ យើងទាំងអស់គ្នាត្រូវការភាពជាដៃគូ និងភាពច្នៃប្រឌិតតាមរយៈចំណាត់ការសកម្មភាពរួមដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកវិនិយោគសង្គមស៊ីវិល និងសហគមន៍»។
តាមរបាយការណ៍នៃការរកឃើញថ្មី ត្រីទឹកសាប ៨០ ប្រភេទត្រូវបានចាត់ជាប្រភេទផុតពូជ ក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះរបស់សហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUC-N) ក្នុងនោះរួមមានទាំងត្រីទឹកសាបចំនួន ១៦ ប្រភេទដែលបានកត់ត្រាជាប្រភេទផុតពូជក្នុងឆ្នាំ ២០២០ ផងដែរ។ ទន្ទឹមនឹងនេះ ចំនួនត្រីទឹកសាបដែលជាប្រភេទត្រីបំផ្លាស់ទីបានធ្លាក់ចុះ ៧៦ ភាគរយ ចាប់តាំងពីឆ្នាំ ១៩៧០ ហើយពពួកត្រីមេពូជបានធ្លាក់ចុះ ៩៤ ភាគរយ។
លោក សេង ទៀក នាយក WWF ឱ្យដឹងដែរថា តាមការវាយតម្លៃបឋមស្តីអំពីការជួញដូរត្រី និងនេសាទខុសច្បាប់ឆ្នាំ ២០២០ របស់ WWF កម្ពុជា រកឃើញមានត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីក្របី ត្រីខ្លា ត្រីត្រចៀកដំរី និងត្រីបបែលទឹកសាប ក្នុងចំណោមត្រី ៣៥ ប្រភេទផ្សេងទៀតត្រូវបានគេលក់តាមទីផ្សារនៅកម្ពុជាក៏ដូចជានាំចេញទៅលក់នៅប្រទេសជិតខាង។
ត្រីគល់រាំង និងត្រីត្រសក់ក្រហមត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា ចំណែកឯត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរីត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។
លោកថា៖ «ត្រីទឹកសាបទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍មូលដ្ឋាន ប៉ុន្តែត្រីទាំងនេះមិនសូវទទួលបានការផ្តោតការយកចិត្តទុកដាក់។ ត្រីទាំងនេះមានសារៈសំខាន់ចាំបាច់សម្រាប់សុខភាពមនុស្ស និងប្រព័ន្ធអេកូឡូស៊ីទឹកសាបទាំងមូលដែលមនុស្ស និងជីវិតនៅលើផែនដីទាំងអស់ពឹងអាស្រ័យ។ សារៈសំខាន់ទាំងអស់នេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងអភិរក្សជានិច្ច»៕
វីដេអូ៖