ភ្នំពេញៈ អង្គការ និងសមាគមចំនួន ១៩ បានស្នើឲ្យស្ថាប័នរដ្ឋចំនួន ៤ ពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈច្បាប់ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយនៅពេលនេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សាជាអន្តរក្រសួងបន្តទៀត។
លិខិតចំនួន ៤ ច្បាប់ ដាច់ដោយឡែកពីគ្នា ផ្ញើទៅកាន់លោក សាយ ឈុំ ប្រធានពឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានខ្លឹមសារជំរុញឲ្យស្ថាប័នរដ្ឋទាំងនេះ ធ្វើការពិនិត្យ ដេញដោល និងអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ៗ និងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ (២០១៩-២០២៣) ក្នុងនីតិកាលទី ៦ នេះ។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងជាតំណាងអង្គការ សមាគមទាំង ១៩ ស្ថាប័នលើកឡើងថា ច្បាប់នេះ មានគោលបំណងធានាឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មាន អំពីតួនាទី សកម្មភាពប្រតិបត្តិ សេចក្តីសម្រេចនានារបស់រដ្ឋាភិបាល ហើយច្បាប់នេះ ក៏បានចែងអំពីភារកិច្ចដែលស្ថាប័នសាធារណៈនានា ត្រូវផ្តល់ជូន និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។
លោកបន្តថា៖ «(ច្បាប់) ជំរុញឲ្យស្ថាប័នសាធារណៈបំពេញភារកិច្ចប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេស កាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត និងធានាឲ្យមានការចូលរួមពីសាធារណជន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការវប្បធម៌ជាតិយ៉ាងសកម្ម និងមានគុណភាពខ្ពស់»។
លោក មាស សោភ័ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ បានបញ្ចប់ការពិភាក្សារវាងសង្គមស៊ីវិល សាធារណជន និងក្រុមបច្ចេកទេសរួចហើយ ដោយកំពុងបន្តនីតិវិធីឲ្យមានការជជែកពិភាក្សា ជាអន្តរក្រសួងបន្តទៀត ក្នុងពេលឆាប់ៗខាងមុខ។ លោកបន្តថា ក្នុងនាមជាក្រសួងសាមី គឺបានប្តេជ្ញា ក្នុងការសម្រេចឲ្យបាននូវច្បាប់មួយ ដែលអាចទទួលយកបានខណៈការស្នើរបស់ក្រុមសង្គមស៊ីវិលទាំងនេះ គឺជាអ្វីដែលក្រសួងកំពុងធ្វើ។
លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់ដែរថា ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាការចង់បានរបស់រដ្ឋាភិបាល ក្រោមការអនុវត្តលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មាន សេរីភាពបញ្ចេញមតិ និងសារព័ត៌មានផងដែរ។ អ៊ឹចឹងហើយ ក្នុងនាមក្រសួងក៏សូមស្នើដល់ស្ថាប័នពាក់ព័ន្ធទុកលទ្ធភាពជូនដល់ក្រសួង ដើម្បីពិនិត្យ និងរៀបចំដំណើរការនៃការរៀបចំតាក់តែងនូវសេចក្តីព្រាងច្បាប់នេះដោយចូលរួមលើកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធហ្នឹងច្បាប់នេះ»។
ទោះយ៉ាងណា លោក សោភ័ណ មិនបានបញ្ជាក់ថា ច្បាប់នេះ អាចនឹងត្រូវអនុម័តក្នុងឆ្នាំនេះឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ក្រសួងនឹងព្យាយាមដំណើរការនីតិវិធី ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងដែរថា ចំពោះការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេតែសម្រាប់រដ្ឋាភិបាល គឺមានការប្តេជ្ញារួចមកហើយ ក្នុងការសម្រេចឲ្យបាននូវច្បាប់នេះ។
លោក ស៊ីផាន អះអាងថា រដ្ឋាភិបាល ក៏កំពុងត្រៀមលក្ខណៈរបស់ខ្លួនជាស្រេច ដើម្បីឆ្លើយតបនៅពេលច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ចូលជាធរមាន តែថា ការធ្វើឲ្យច្បាប់នេះ ចូលជាធរមានលឿនកម្រិតណានោះ គឺអាស្រ័យលើក្រសួងសាមី។
លោកថា៖ «ជាមួយគ្នាហ្នឹងដែរ យើងកំពុងបង្កើនសមត្ថភាពការឆ្លើយតបរបស់មន្ត្រីព័ត៌មាន ឬមន្ត្រីអ្នកនាំពាក្យ។ អាហ្នឹងគឺជាសារៈសំខាន់ ដែលគេកំពុងតែហ្វឹកហ្វឺនឲ្យការងាររបស់ (ពួកគេ) បានត្រឹមត្រូវ»។
ចំណែក លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ថ្លែងដែរថា ស្ថាប័នជាតិកំពូលមួយនេះ នៅពុំទាន់ទទួលបានលិខិតដែលក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានស្នើមកទេ។ តែយ៉ាងណា លោកថា រដ្ឋសភា មានឆន្ទៈក្នុងការពិនិត្យច្បាប់ដែលបម្រើផលប្រយោជន៍របស់ពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ប្រទេសយើងស្ថិតក្នុងប្រទេសប្រជាធិបតេយ្យ យើងនឹងខិតខំធ្វើការឲ្យប្រទេសយើងមានភាពរីកចម្រើន តាមរយៈការអនុម័តច្បាប់គ្រប់យ៉ាង។ ខ្ញុំជឿថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានហ្នឹងក៏មានប្រទេសជាច្រើន បានធ្វើឡើង ហើយនៅប្រទេស កម្ពុជា យើង ក៏ខិតខំធ្វើដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនេះដែរ»។
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ក្នុងជំនួបលើកទី៣ របស់លោក ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី បានប្រកាសពីការគាំទ្រ និងធានាឲ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលទី៦ នេះ ហើយស្ថាប័នរដ្ឋនានា ជាពិសេសក្រសួងព័ត៌មានក៏បានប្រកាសពីការតាំងចិត្តនេះផងដែរ។
តែយ៉ាងណា ចំពោះដំណើរការនៃការតាក់តែង និងអនុម័តច្បាប់នេះ គឺមានរយៈពេលប្រមាណជា ៦ ឆ្នាំមកហើយ ដោយចាប់តាំងពី លោកនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចជាលើកដំបូង កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៣ ឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំនិងបើកវេទិកាពិគ្រោះយោបល់ ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធ ដើម្បីតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាប្រព័ន្ធផ្សព្វផ្សាយថ្លែងថា បើច្បាប់នេះត្រូវបានអនុម័តឲ្យបានឆាប់ នោះគឺភាគីពាក់ព័ន្ធ រួមមានរដ្ឋាភិបាល ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាននឹងទទួលបានផលប្រយោជន៍ដ៏ច្រើន។ លោកបន្តថា ជាមួយនឹងផលប្រយោជន៍ទាំងនេះច្បាប់នេះក៏នឹងចូលរួមលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត លើប្រព័ន្ធអីុនធឺណិតផងដែរ។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងឆន្ទៈរបស់អ្នកធ្វើច្បាប់ បើសិនជាគាត់មានឆន្ទៈចង់ធ្វើ គាត់អាចធ្វើចេញភ្លាមៗ ប៉ុន្តែយើងក៏មិនបន្ទោសដែរព្រោះបរិបទនយោបាយនាពេលនេះ ធ្វើឲ្យរារែក បើទោះជាសេចក្តីព្រាងច្បាប់នេះ ធ្វើហើយក៏ដោយ តែស្ថានភាពនយោបាយធ្វើឲ្យរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា គាត់មមាញឹកក្នុងការដោះស្រាយ ឬចាត់វិធានការលើស្ថានភាពបច្ចុប្បន្នសិន»៕