ភ្នំពេញៈ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF) និង​រដ្ឋបាល​ជលផល​ដែល​បាន​រកឃើញថា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប កំពុង​ត្រូវ​បាន​គេ​ដាក់លក់​នៅ​តាម​ទីផ្សារ​ត្រី​នានា ហើយ​ខ្លះ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ការពារ​ត្រី​ជិត​ផុត​ពូជ​ទាំងនោះ​។

ការសិក្សា​អង្កេត​ខ្លី​មួយ​ពី​ថ្ងៃ​ទី​ ៧ ​ដល់​ថ្ងៃទី​ ២៤ ខែ​មករា ឆ្នាំ​ ២០២០ របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF) និង​រដ្ឋបាល​ជលផល​ដែល​ទើបតែ​ឃើញ​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​រកឃើញ​ថា នៅ​តាម​ទីផ្សារ​ក្នុង​ខេត្តក្រចេះ​គឺ​មាន​លក់​ត្រី​ចំនួន​ ៣៥ ​ប្រភេទ​ដែល​ក្នុងនោះ រួមមាន​ទាំង​ត្រី​ជិត​ផុត​ពូជ​ចំនួន ៦ ​ប្រភេទ​។

ការសិក្សា​នេះ​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ WWF សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ដែល​បាន​ចុះ​កត់ត្រា​ទុក​នូវ​ទិន្នន័យ​ត្រី​ដែល​ត្រូវបាន​គេ​ដាក់លក់​នៅ​លើ​ទីផ្សារ​ក្នុង​ទី​រួម​ខេត្តក្រចេះ និង​ជួប​សម្ភាស​ជាមួយ​អ្នកនេសាទ និង​សហគមន៍​នេសាទ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ការជួញដូរ​ត្រី​នេះ​បាន​ប្រមូលផ្តុំ​នៅ​ទីតាំង​ធំៗ​ចំនួន​ ៣ រួមមាន នៅ​កោះ​ខ្ញែ អូរម្រះ និង​ត្បូងខ្លា ហើយ​ត្រី​ដែល​បាន​ប្រមូល​ទិញ​ពី​ទីតាំង​ទាំងនេះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ទីផ្សារ​នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​មក​បញ្ជូន​ទៅ​ខេត្តរតនគិរី និង​បន្តទៅ​ប្រទេស​វៀតណាម ហើយ​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​ឡាវ​​ដោយ​កាត់​តាម​អន្លង់​ទឹក​ឈើទាល​។ ក្រៅពី​នោះ​ក៏​មាន​ការដឹកជញ្ជូន​មកកាន់​ទីផ្សារ​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប​គឺ​តាមរយៈ​រថយន្តឈ្នួល​ចេញ​ពី​ទីតាំង​ប្រមូលផ្តុំ​ការជួញដូរ​ត្រី ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ និង​ឃុំ​សណ្តាន់​។

របាយការណ៍​សរសេរ​ថា​៖ «​ការធ្វើ​ពាណិជ្ជកម្ម និង​ជួញដូរ​ត្រី​ជិត​ផុត​ពូជ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ​។ សកម្មភាព​នេះ​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ធនធាន​ជលផល​កម្ពុជា ពិសេស​ប្រភេទ​ត្រីមេ​ពូជ​សំខាន់ៗ និង​សត្វ​ផ្សោត​ទន្លេ​ដែល​ជា​បេតិកភណ្ឌ​មាន​ជីវិត​របស់​ជាតិ​យើង​ផង​ដែរ​»​។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើកឡើង​ថា អ្នកនេសាទ​ត្រី អ្នកទិញ​ត្រី និង​ឈ្មួញ​កណ្តាល មិន​សូវ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​កិច្ចការពារ និង​ការគ្រប់គ្រង​ធនធាន​ជលផល​ទេ ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការគំរាមកំហែង​ដែល​រួមគ្នា​អភិរក្ស​កុំឱ្យ​បាត់បង់​។

លោក អេង ជាសាន ​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​បន្ថែមទៀត ជូន​ដល់​ប្រជានេសាទ និង​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេង​ទៀត​ជា​ធរមាន ក៏ដូចជា​បំផុស​ស្មារតី​របស់​ប្រជាជន​ឱ្យ​ចូល​រួមការពារ និង​ថែរក្សា​ធនធាន​ជលផល​កម្ពុជា​កុំឱ្យ​បាត់បង់ ហើយ​បន្ត​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​ចាប់យក​ជម្រើស​មុខរបរ​ផ្សេងទៀត បន្ថែម​ពី​លើ​ការនេសាទ​»​។

ចំណែក​លោក សេង ទៀក នាយក​អង្គការ WWF ចង់ឱ្យ​មាន​ការបង្កើន​ការអប់រំ​ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេង​ទៀត​តាមដាន​សកម្មភាព​នេសាទ​ខុសច្បាប់​ដែល​ប្រើ​ឧបករណ៍​ឆក់ ការបញ្ឈប់​ការប្រមូលផល​ត្រី និង​ផ្លូវ​ដឹកជញ្ជូន​ត្រី​ដែល​បាន​មកពី​សកម្មភាព​នេសាទ​ខុសច្បាប់​ជាដើម​។

លោក​ថា​៖ «​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ មេត្តា​បង្កើន​ការរឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត និង​បង្កើន​យន្តការ​ត្រួតពិនិត្យ​ជាប្រចាំ​នៅ​តាម​បណ្តា​ទីផ្សារ និង​ដេប៉ូ​ទិញ​លក់​ត្រី ព្រមទាំង​ដាក់​ពិន័យ​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដល់​ជនល្មើស​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​តំបន់​ហាមឃាត់ និង​ធ្វើ​ពាណិជ្ចកម្ម​ប្រភេទ​ត្រី​ជិត​ផុត​ពូជ និង​ត្រីមេ​ពូជ​ក្នុង​ប្រទេស​​កម្ពុជា​»​។

ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម ត្រូវ​បាន​ចាត់ថ្នាក់​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ជា​សកល​ និង​នៅក្នុង​ប្រទេស​កម្ពុជា ចំណែកឯ​ត្រីខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី ជា​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើឡើង​ស្រប​ពេល​មាន​ការកើនឡើង​នូវ​សកម្មភាព​នេសាទ​នៅក្នុង​ដែន​អភិរក្ស​នៅក្នុង​ខេត្តក្រចេះ​ដែល​ជា​តំបន់​ច្បាប់​ហាមឃាត់ មិន​ឱ្យ​មាន​ការប្រើប្រាស់​ឧបករណ៍​នេសាទ​​ដូចជា​សំណាញ់ មង​បណ្តែត មងកាំង​សន្ទូចរនង ឧបករណ៍​ឆក់ និង​ថ្នាំ​បំពុល​។

ចំនួន​មងនេសាទ​ដែល​បង្ក្រាប​បាន​ក្នុង​ចន្លោះ​ខែធ្នូ ឆ្នាំ​ ២០១៩ ដល់​ខែឧសភា ឆ្នាំ​ ២០២០ ​នៅ​ខេត្តក្រចេះ​បាន​កើនឡើង​ចំនួន ៣៨ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​ ២០១៨ និង​ ២០១៩ ក្នុងនោះ​ការប្រើប្រាស់​សន្ទូចរនង​ក៏​មាន​ការកើនឡើង​ចំនួន ៤៦ ​ភាគរយ​៕