កំពង់ស្ពឺៈ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ដើម្បីស្នើឱ្យដកហូតដីព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ២៤៣ ហិកតា មកទុកជាសម្បត្តិរួមវិញ ដោយលោកអះអាងថាអាជ្ញាធរមូលដ្ឋានបានឃុបឃិតជាមួយមន្ត្រីជំនាញដើម្បីលក់ដីនោះ។
ក្នុងពាក្យបណ្ដឹងដែលលោក ជា ហ៊ាន បានដាក់ទៅសាលាខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១៣ ខែធ្នូ គឺបានប្ដឹងជំទាស់ទៅនឹងការចេញបណ្ណកាន់កាប់ដីធ្លីទៅឱ្យឈ្មោះ អឹល សារ៉ា តំណាងឱ្យពលរដ្ឋដែលមានផ្ទៃដីចំនួន ២៤៣ ហិកតាដែលលោក ជា ហ៊ាន អះអាងថាគ្រាន់តែជាអ្នកតំណាងពលរដ្ឋ ២៥ គ្រួសារ ដើម្បីរៀបចំដីព្រៃលក់ក្នុងមួយហិកតាតម្លៃ ១ ៩០០ ដុល្លារ ដោយធ្វើឱ្យបាត់បង់ដីព្រៃដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យឆ្នាំ ១៩៩៣ ស្ដីពីការប្រកាសបង្កើតដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
ពាក្យបណ្ដឹងសរសេរថា សូមលោក វ៉ី សំណាង ជួយស្នើទៅក្រសួងបរិស្ថាននិងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឬខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីសូមឲ្យជួយអន្តរាគមន៍ដកហូតយកដីចំនួន ២៤៣ ហិកតា ស្ថិតក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ទុកជាសម្បត្តិរដ្ឋវិញ។
លោក ជា ហ៊ាន ប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា តាមផ្លូវច្បាប់ គ្មាននរណាម្នាក់អាចរំលោភយកដីក្នុងតំបន់ការពារដែនជម្រកសត្វព្រៃយកទៅលក់ដូរបានទេ ប៉ុន្តែដោយសារអាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញ មន្ទីរបរិស្ថាន និងមន្ទីរដែនដីឃុបឃិតគ្នាប្រព្រឹត្តបទល្មើសដោយឱ្យប្រជាពលរដ្ឋធ្វើជាអ្នកផ្ដិតមេដៃកាន់កាប់ដីទាំងនោះដើម្បីស្នើសុំទៅប្រមុខរដ្ឋាភិបាលឱ្យកាត់ឆ្វៀលចេញធ្វើជាដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
លោកថា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលសម្រេចឱ្យកាត់ឆ្វៀលដីនោះគឺមិនបានដឹងថា ជាដីត្រូវការពារក្នុងដែនជម្រកសត្វព្រៃឡើយ ដោយសារតែពិនិត្យឃើញមានលិខិតស្នើសុំកាន់កាប់ដី និងស្នាមមេដៃពីប្រជាពលរដ្ឋ និងបោះត្រាទទួលស្គាល់ពីភូមិឃុំរហូតដល់ថ្នាក់ខេត្ត។
លោកថា ជំហានទី ១ គេចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ហើយបានគេកាត់ឈ្មោះពីពលរដ្ឋដែលស្នើសុំហ្នឹងទៅជាអ្នកផ្សេងមួយទៀត។ «អ៊ីចឹងដើម្បីទន្ទ្រានយកដីហ្នឹងបានគឺគេមិនអាចយក (ដោយខ្លួនគេ) បានទេត្រូវខ្ចីដៃពលរដ្ឋសម្រាប់ធ្វើលិខិតកិច្ចសន្យាទិញ-លក់ និងធ្វើកិច្ចសន្យាកាន់កាប់ជាដើម ហើយដាក់ទៅសម្ដេចនាយករដ្ឋមន្ត្រីតាមរយៈខុទ្ទកាល័យ។ អ៊ីចឹងខុទ្ទកាល័យ អត់បានពិនិត្យមើលវែងឆ្ងាយច្រើនទេ ឃើញតែស្នាមមេដៃប្រជាពលរដ្ឋ និងឃើញតែបោះត្រាភូមិឃុំ ស្រុក និងខេត្តអ៊ីចឹង គាត់ទទួលហើយធ្វើលិខិតមួយទៀតឱ្យក្រសួងដែនដី និងក្រសួងបរិស្ថានពិនិត្យ (ដើម្បីកាត់វៀល)»។
លោក ហ៊ាន អះអាងថា តាមលិខិតទិញ-លក់ដីទាំង ២៤៣ ហិកតានេះ គឺត្រូវបានប្រជាពលរដ្ឋលក់ទៅឱ្យឈ្មួញកណ្ដាលម្នាក់ក្នុងតម្លៃ ១ ៩០០ ដុល្លារ ក្នុងមួយហិកតាកាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ ហើយបច្ចុប្បន្នឈ្មួញនោះកំពុងតែទាក់ទងលក់ដីនោះបន្តទៀតក្នុងតម្លៃ ៣ ៥០០ ដុល្លារក្នុង ១ ហិកតា នៅពេលណាដែលឈ្មួញនោះបានទទួលបានប្លង់រឹងសព្វគ្រប់ពីប្រជាពលរដ្ឋ។
លោកថា៖ «(អាជ្ញាធរ) គេនឹងចុះដាក់តំបន់វិនិច្ឆ័យនៅសប្ដាហ៍ក្រោយនេះ (សប្ដាហ៍ហ្នឹង)។ តំបន់វិនិច្ឆ័យហ្នឹងគឺគេសម្រេចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋហើយក្នុងនោះគេដាក់ឱ្យមានការប្ដឹងទាស់ប្រសិនបើដីទាំង ២០០ ហិកតាហ្នឹងគឺជាដីរបស់ពលរដ្ឋ ហើយត្រូវបានបុគ្គលផ្សេងទៀត ទៅរំលោភយក។ ប៉ុន្តែខ្ញុំក្នុងនាមជាប្រធានអង្គការ ហើយជាដីរដ្ឋ គឺប្ដឹងដើម្បីដកហូតយកមកធ្វើជាដីរដ្ឋវិញ»។
ប៉ុន្តែលោក ឯម សុគុណ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថ្លែងថា ការលើកឡើងរបស់លោកជា ហ៊ាន ជាការចោទប្រកាន់ផ្ដេសផ្ដាស មួលបង្កាច់និងគ្មានមូលដ្ឋានច្បាស់លាស់ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។ លោកបន្តថា ពុំមានការសម្រេចកាត់វៀលដីចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រគល់ទៅឱ្យប្រជាពលរដ្ឋឡើយ។
លោកថា៖ «ជា ហ៊ាន ហ្នឹងដើរតែបង្ខូចគេហ្នឹង ខ្លួនវាតើអ្នកដើរយកដីទៅលក់។ ទាក់ទងនឹងករណីហ្នឹង ខ្ញុំអត់ដឹងទេ ប៉ុន្តែជារួមគ្មានពីណាដែលមានសិទ្ធិយកដីរដ្ឋលក់បានទេ»។
ជាមួយគ្នានេះលោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ដែរថាលោកមិនទាន់ឃើញពាក្យបណ្ដឹងរបស់លោក ហ៊ាន ដែលបានដាក់ទៅកាន់សាលាខេត្តនេះនៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថា រាល់ការស្នើសុំកាន់កាប់ដីព្រៃដែនជម្រក គឺមិនត្រូវបានអនុញ្ញាតឡើយ។ លោកបន្តថា៖ «ខ្ញុំអត់ទាន់បានឃើញពាក្យបណ្ដឹងហ្នឹងមក អ៊ីចឹងមិនដឹងថាត្រូវនិយាយថាម៉េច»។
លោក ជា ហ៊ាន បានបញ្ជាក់ថា នឹងដាក់ពាក្យបណ្ដឹង ១ ទៀតទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ប្រឆាំងចំពោះអ្នកដែលបានឃុបឃិតគ្នាយកដីរដ្ឋលក់នេះ៕