រតនគិរីៈ ក្រុមហ៊ុនកសិពាណិជ្ជកម្មខ្នាតយក្សមួយរបស់វៀតណាមបានឈូសឆាយបំផ្លាញដីជនជាតិដើមភាគតិចនៅខេត្តរតនគិរី។ នេះបើយោងតាមសេចក្ដីប្រកាសរួមរបស់អង្គការសមធម៌កម្ពុជា និងអង្គការ Inclusive Development International ដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ឧសភា។
សេចក្ដីប្រកាសរួមនេះសរសេរថា ពលរដ្ឋជនជាតិដើមភាគតិចច្រើនភូមិនៅខេត្តរតនគិរីនៃប្រទេសកម្ពុជាបានរង់ចាំជាច្រើនឆ្នាំមកហើយដើម្បីឲ្យក្រុមហ៊ុនកៅស៊ូវៀតណាម ហ័ងអាញ់យ៉ាឡាយ (Hoang Anh Gia Lai) ប្រគល់ដីដ៏ពិសិដ្ឋរបស់ពួកគេមកវិញតាមការសន្យារបស់ក្រុមហ៊ុនដែលបានព្រមព្រៀងសម្រុះសម្រួលពីឆ្នាំ ២០១៥។
ផ្ទុយទៅវិញនៅក្នុងខែមីនា ក្រុមហ៊ុននេះបានយកគ្រឿងចក្រមកឈូសឆាយដីដែលបានកំណត់ថា ត្រូវប្រគល់ឲ្យសហគមន៍វិញតាមរយៈដំណើរការវាស់វែងកំណត់ព្រំដែនដែលដឹកនាំដោយរដ្ឋាភិបាល។ ភាគច្រើននៃដីនេះត្រូវបានក្រុមហ៊ុនឈូសឆាយ ខណៈសហគមន៍ជនជាតិដើមភាគតិចកំពុងស្ថិតនៅក្នុងភូមិមិនចេញទៅណា ដើម្បីការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
សេចក្ដីប្រកាសរបស់អង្គការដកស្រង់សម្ដីរបស់លោក David Pred នាយកប្រតិបត្តិនៃអង្គការ Inclusive Development International មកបញ្ជាក់ថា៖ «ការបំផ្លាញទីសក្ការៈបូជារបស់ជនជាតិដើមភាគតិច ដែលជាទង្វើរបស់ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយនេះគឺជារឿងគួរឲ្យសោកស្តាយបំផុត ហើយការពិតដែលថា ក្រុមហ៊ុននេះបានប្រើប្រាស់ឱកាសនៃការរីករាលដាលជំងឺរាតត្បាតជាសកល ដើម្បីឈូសឆាយដីជនជាតិដើមភាគតិច ដោយខុសច្បាប់ថែមទៀតនេះគឺជារឿងអាក្រក់គួរឲ្យភ្ញាក់ផ្អើល»។
សេចក្ដីប្រកាសបន្តថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ មុនការបំផ្លាញដីរបស់ពួកគេ តំណាងភូមិម៉ុយ ភូមិអ៊ីន ភូមិម៉ាស់ និងភូមិកាក់ រួមជាមួយសហគមន៍ចំនួន ៨ ផ្សេងទៀតបានចូលរួមការប្រជុំសម្របសម្រួលជាមួយក្រុមហ៊ុនហ័ងអាញ់ យ៉ាឡៃ ក្រោមដំណើរការដោះស្រាយវិវាទថ្មីដែលក្រុមហ៊ុនបានស្នើសុំ CAO ដើម្បីកោះប្រជុំ។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកាក់ ឃុំតាឡាវ ស្រុកអណ្ដូងមាស ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ខណៈសហគមន៍កំពុងរង់ចាំការសម្រេច ជាផ្លូវការក្នុងការប្រគល់ដីនេះដោយក្រសួងកសិកម្មដែលត្រូវបានពន្យារពេលដោយសារជំងឺឆ្លងកូវីដ ១៩ ក្រុមហ៊ុនបានឈូសឆាយដីភ្នំអារក្សចំនួន ២ កន្លែង និងឈូសឆាយដីព្រៃមួយចំនួនទៀតនៅក្នុងតំបន់ដីសើម តំបន់បរបាញ់តាមប្រពៃណី និងកន្លែងបញ្ចុះសព។ ការឈូសឆាយនេះបានបំផ្លាញព្រៃ និងបណ្តាលឲ្យមានការខូចខាតមិនអាចស្ដារឡើងវិញបាននូវដីដែលមានតម្លៃខាងជំនឿមិនអាចកាត់ថ្លៃបានចំពោះសហគមន៍។
លោកថ្លែងថា៖ «វត្តអារាម គឺជាកន្លែងគោរពបូជាសាសនាសម្រាប់ប្រជាជនខ្មែរ។ ប៉ុន្តែសម្រាប់ជនជាតិដើមភាគតិចកាចក់យើងខ្ញុំជឿលើអារក្សដែលមាននៅតាមព្រៃភ្នំក្រំថ្ម។ ឥឡូវនេះក្រុមហ៊ុនបានឈូសឆាយភ្នំអារក្សរបស់យើង ដូច្នេះយើងគ្មានកន្លែងគោរពបូជាទៀតទេ ហើយអារក្សនឹងខឹងអ្នកភូមិរបស់យើងគ្រប់គ្នាដែលបណ្ដោយឲ្យរឿងនេះកើតឡើង»។
បើតាមលោក សឿន តំបន់ដែលក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ បានឈូសឆាយកាលពីខែមីនាស្ថិតក្នុងចំណោមតំបន់ដែលត្រូវបានកំណត់សម្រាប់ប្រគល់ត្រឡប់ទៅឲ្យពលរដ្ឋក្នុងភូមិម៉ុយ ភូមិអ៊ីន ភូមិម៉ាស និងភូមិកាក់។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាប្រាប់ថា ក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ ដឹង ច្បាស់ហើយថាដីដែលក្រុមហ៊ុនបានឈូសឆាយពេលថ្មីៗទៀតនេះគឺជាដីក្នុងតំបន់ដែលបានកំណត់សម្រាប់ប្រគល់ទៅឲ្យសហគមន៍ទាំង ៤ នោះវិញ។ ការឈូសឆាយនេះជាសកម្មភាពចុងក្រោយ ក្នុងចំណោមសកម្មភាពដោយចេតនាជាច្រើនទៀតរបស់ក្រុមហ៊ុននេះ។
លោកបន្តថា ការបំផ្លាញដែលក្រុមហ៊ុនបានបង្កឡើងទៅលើសហគមន៍ទាំង ៤ នេះបានធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត ហើយនាំឲ្យមានការសង្ស័យថា តើក្រុមហ៊ុននេះពិតជាបានតាំងចិត្តដោះស្រាយទំនាស់ដែលបានអូសបន្លាយជាយូរមកហើយនេះឬយ៉ាងណា។
លោកថ្លែងថា៖ «ក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយត្រូវតែបញ្ឈប់សកម្មភាពឈូសឆាយដីសហគមន៍ជាបន្ទាន់ ហើយត្រូវប្រគល់ដីជូនសហគមន៍វិញ និងត្រូវផ្ដល់សំណងសម្រាប់ការខូចខាតទាំងអស់ដែលក្រុមហ៊ុនបានបង្កចំពោះសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី»។
លោក វុទ្ធី ឲ្យដឹងទៀតថា កាលពីខែមីនាកន្លងទៅថ្មីៗនេះ អភិបាល ខេត្តរតនគិរីបានស្នើសុំជាផ្លូវការទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យប្រគល់ដីចំនួន ៦៤ ទីតាំង ឬស្មើនឹង ៧២២ ហិកតា ដែលជាដីប្រពៃណីជនជាតិដើមភាគតិច។
ដីទាំងនេះត្រូវបានដាក់បញ្ចូលដោយមិនត្រឹមត្រូវទៅក្នុងដីសម្បទានកសិកម្មរបស់ក្រុមហ៊ុនហ័ងអាញ់ យ៉ាឡាយ ដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ១២ សហគមន៍វិញ ដើម្បីឲ្យជនជាតិដើមភាគតិច ប្រតិបត្តិតាមជំនឿប្រពៃណី វប្បធម៌របស់ពួកគេ និងដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់ពួកគេ។
លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់កាលពីថ្ងៃចន្ទថា សំណើនោះក្រសួងបានទទួលហើយ។ ប៉ុន្តែយោងលិខិតរបស់ការិយាល័យទីប្រឹក្សាដោះស្រាយវិវាទករណីក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ឈូសឆាយដីភ្នំអារក្ស ច្រប់ ច្រាប និងដីកប់សពនៅឃុំតាឡាវ ឃុំញ៉ាង ឃុំប៉ូយក្នុងស្រុកអូជុំ និងស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលក្រសួងទទួលបានកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២០ គឺនៅមានចំណុចមិនឯកភាពគ្នាទៅលើទំហំផ្ទៃដី។
លោកថា៖ «ទំហំតួលេខផ្ទៃដីដែលស្នើសុំកាត់នៅមិនទាន់មានឯកភាពគ្នានៅឡើយ ព្រោះខេត្តស្នើសុំកាត់ចេញពីដីសម្បទាន ៧៤២,២៦ ហិកតា ផ្ទៃដីឯកភាពគ្នាមាន ៥៧២,៣២ ហិកតា ផ្ទៃដីមិនទាន់បានឯកភាពគ្នាចំនួន ១៦៩,៩៥ ហិកតា។
ដោយតួលេខ មិនឯកភាពគ្នាក្រសួងសូមឲ្យសហគមន៍ប្រជាពលរដ្ឋ ក្រុមហ៊ុន ក្រុមការងារខេត្ត ក្រុមការងារ CAO និងអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញពីទំហំផ្ទៃដីដែលត្រូវកាត់ចេញពីដីសម្បទានសេដ្ឋកិច្ចឲ្យមានឯកភាពគ្នា។ បន្ទាប់ពីបានឯកភាពគ្នា ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តនឹងចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដើម្បីពិនិត្យបន្ថែម។
អាជ្ញាធរខេត្តរតនគិរី និងក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ មិនអាចទាក់ទងសុំបំភ្លឺបានទេម្សិលមិញ៕