ភ្នំពេញៈ អង្គការ​អុកស្វាម (Oxfam) និង​អង្គការ​ ៤ ​ផ្សេង​ទៀត​បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​រយៈពេល​ ១ ​ខែ​ដើម្បី​កៀរគរ​អ្នកគាំទ្រ​ឱ្យបាន ១ ​លាន​នាក់​ដើម្បី​ផ្ញើ​សារ​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ពិភពលោក​សូម​ឲ្យ​ផ្តល់ជូន​ដោយ​ស្មើភាព​ឥតគិតថ្លៃ​ដល់​មនុស្ស​គ្រប់រូប នៅពេល​រកឃើញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​។

អង្គការ​ ៤ ​ផ្សេង​ទៀត​ក្រៅពី​អង្គការ​អុកស្វាម​រួមមាន​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGOF) គណៈកម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព​ (HACC) ​និង​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF)​។ យុទ្ធនាការ​នេះ​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​ ២១ ខែ​ឧសភា ដល់ ថ្ងៃទី​ ២០ ខែ​មិថុនា​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អង្គការ​ទាំងនេះ​ចង់​ឱ្យ​មាន​ការបែងចែក​ថ្នាំ​បង្ការ​ដែល​នឹងត្រូវ​ផលិត​បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ត្រូវ​ធ្វើការ​បែងចែក​ប្រកប​ដោយ​យុត្តិធម៌ និង​ស្មើមុខ​គ្នា​ចំពោះ​មនុស្ស​ជាតិ​ទាំងមូល​។

លោក​បន្តថា ការបែងចែក​នេះ​ត្រូវតែ​ដល់​ដៃ​អ្នក​ដែល​កំពុង​រងគ្រោះ​បាន​មុន​គេ ព្រោះ​ពួកគាត់​មាន​ការខ្វះខាត​ក្នុង​ការការពារ​ខ្លួន ដែល​អាច​ធ្វើឱ្យ​ពួកគាត់​ងាយ​រងគ្រោះ​។ ជន​ទាំងនោះ​រួមមាន ជនភៀសខ្លួន​ដែល​ប្រឈម​ហើយ​មិន​សូវ​មាន​ការយកចិត្ត​ទុកដាក់ ប្រជាជន​ក្រីក្រ ស្ត្រី​មេម៉ាយ​ដែល​ខ្វះ​ការគាំទ្រ​ និង​កុមារ​ជាពិសេស​ក្មេង​មិនទាន់​ចេះ​និយាយ​ដែល​ពិបាក​ក្នុង​ការធ្វើការ​ប្រាស្រ័យ​ទាក់ទង​។ ​

លោក​ តឹក វណ្ណារ៉ា ថ្លែងថា​៖ «​សម្រាប់​យើង​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល គឺ​យើង​ស្នើឱ្យ​ពិភពលោក​យកចិត្ត​ទុកដាក់​បន្ថែម ហើយ​និង​ពិភាក្សា​គ្នា ដើម្បី​ឱ្យ​មាន​លំហូ​ធនធាន​គ្រប់គ្រាន់​នៅក្នុង​ការការពារ​ហើយ​ឆ្លើយតប​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩»​។

ធនធាន​គ្រប់គ្រាន់​គឺ​លោក វណ្ណារ៉ា ចង់​សំដៅ​ទាំង​ធនធាន​ថវិកា ធនធាន​សម្ភារ ធនធាន​បច្ចេកទេស ឱសថ​ថ្នាំ​បង្ការ​សិក្សា​ស្រាវជ្រាវ​ហើយ​ និង​លំហូរ​ព័ត៌មាន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​ខ្លួន​ពី​ការរីក​រាលដាល​ពី​ជំងឺ​នេះ​។

អង្គការ​ទាំង​ ៥ ​នេះ​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ថា ជា​បទពិសោធ​នៅក្នុង​ឆ្នាំ ២០០៩ នៅពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ជា​សកល​ប្រទេស​អ្នកមាន បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ក្នុង​បរិមាណ​ទ្រង់ទ្រាយ​ធំ និង​មុនគេ​។ នេះ​ធ្វើឱ្យ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​ទទួល​បាន​វ៉ាក់សាំង​ក្នុង​បរិមាណ​ទាប និង​យឺត​ជាង​ប្រទេស​ទាំងនោះ​យ៉ាង​ឆ្ងាយ​ដែល​មិនអាច​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​បានទេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​ ​ចាប់តាំងពី​ការផ្ទុះ​វីរុស​កូវីដ​១៩​មក ប្រទេស​​អ្នក​មាន​បាននិង​កំពុង​ព្យាយាម​ទទួល​បាន​ផ្តាច់មុខ​ទៅលើ​សម្ភារ​សំខាន់ៗ​សម្រាប់​ការពារ​អាយុជីវិត​ដូចជា​អុកស៊ីសែន​តេស្ត​វិនិច្ឆ័យ​រោគ​ឧបករណ៍​បញ្ចូល​អុកស៊ីសែន និង​ឧបករណ៍​ការពារ​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ទាំងអស់​នេះ​បង្ហាញថា វា​គឺជា​ហានិភ័យ ព្រោះ​ថា វ៉ាក់សាំង​នៅពេល​ណា​ដែល​ត្រូវ​បាន​គេ​រកឃើញ​នឹង​មាន​សម្រាប់​តែ​អ្នក​មានសំណាង​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​រកប្រាក់​ចំណេញ​មិនមែន​សម្រាប់​មនុស្ស​ដែល​ត្រូវការ​វា​បំផុត​នោះទេ​»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​៕