ភ្នំពេញៈ អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ( APHR) បានអំពាវនាវឲ្យមេដឹកនាំប្រទេសអាស៊ានទាំង ១០ ដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រីកម្ពុជាពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលដែលលោកមកចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីនាសប្តាហ៍នេះ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាលហៅអង្គការនេះថាជាបិសាច។
លោក Charles Santiago ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាប្រទេសម៉ាឡេស៊ីបានថ្លែងតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ៩ ខែវិច្ឆិកាថ្មីៗនេះថា៖ «សិទ្ធិមនុស្សកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គោលការណ៍មិនជ្រៀតជ្រែកដ៏វិនាសរបស់អាស៊ានបានបញ្ជាក់ថា ក្រុមប្រទេសទាំងនេះមិនមានឆន្ទៈ និងមិនអាចប្រកាន់ជំហរប្រឆាំងនឹងការរំលោភ (សិទ្ធិមនុស្ស) ទេ។ កង្វះនូវសកម្មភាពនេះត្រូវតែបញ្ចប់សិទ្ធិមនុស្សត្រូវតែយកជារឿងសំខាន់នៅក្នុងការប្រជុំអាស៊ាននៅសប្តាហ៍ក្រោយ»។
លោក Charles Santiago បានបន្ថែមថា៖ «មេដឹកនាំរបស់អាស៊ានមិនអាចអនុញ្ញាតឲ្យរដា្ឋភិបាលកម្ពុជាបន្តគេចវេះបានយ៉ាងងាយស្រួលជាមួយនឹងការធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនោះទេ។ ពួកគេត្រូវតែជំរុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ចប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង និងបោះឆ្នោតសាជាថ្មីដោយត្រឹមត្រូវ សេរី និងយុត្តិធម៌»។
អង្គការ APHR បានអះអាងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា (CPP) របស់លោកបានឈ្នះអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥ នៅក្នុងការបោះឆ្នោតកាលពីចុងខែកក្កដា ឆ្នាំ ២០១៨។
អង្គការនេះបានរិះគន់ថា CPP បានបង្កើនឡើងនូវយុទ្ធសាស្ត្ររឹតបន្តឹងទៅលើក្រុមអ្នកប្រឆាំងដោយកម្ទេចសារព័ត៌មានឯករាជ្យ ធ្វើទុក្ខបុកម្នេញ និងដាក់ពន្ធនាគារសកម្មជនសិទិ្ធមនុស្សរំលាយគណបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា ជាប្រធានគណបក្សមួយនេះ។
ក្រៅពីបញ្ហានៅកម្ពុជាអង្គការ APHR ក៏បានអំពាវនាវឲ្យមេដឹកនាំនៅប្រទេសអាស៊ានទាំង ១០ យកបញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ាមកដាក់ក្នុងរបៀបវារៈរបស់ពួកគេផងដែរ។
ក៏ប៉ុន្តែការអំពាវនាវរបស់ APHR នេះត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រតិកម្មដោយបានហៅអង្គការនេះថាជា «បិសាច»។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «ទី ១ គាត់ជាបិសាចដែលខ្ញុំហៅថាបិសាច គឺប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរ ដែលគាត់គ្មានសមត្ថភាព ឬសមត្ថកិច្ចក្នុងរឿងនេះទេ ព្រោះនេះជារឿងផ្ទៃក្នុងរបស់ខ្មែរ។ បញ្ហាទី ២ ដែលខ្ញុំហៅថា បិសាច គឺគាត់ប្រឆាំងនឹងគោលការណ៍ និងឧត្តមគតិរបស់អាស៊ានគឺការមិនលូកលាន់ផ្ទៃក្នុងនៃសមាជិកប្រជាជាតិអាស៊ាន។ គាត់គ្រាន់តែជាអង្គការគាត់មានគំនិតទុច្ចរិតយកឈ្មោះអាស៊ានដាក់ពីមុខគឺអ្នកនយោបាយទុច្ចរិត»។
លោកបានបន្តថា៖ «យើងមិនដែលយកចិត្តទុកដាក់គាត់ទេព្រោះគាត់ជាត្លុកកំប្លែងតាមសារព័ត៌មាន។ បើគាត់ជាអ្នកនយោបាយពិតប្រាកដគាត់គួរមើលប្រទេសគាត់ថា តើមានការរំលោភសិទ្ធិមនុស្សឬអត់? អាហ្នឹងហើយដែលកាតព្វកិច្ច និងទិសដៅដែលគាត់ត្រូវយកចិត្តទុកដាក់»។
លោកថាក្រុមសមាជិកអង្គការនេះគឺជាសមាជិកសភាភាគតិចនៅតាមបណ្ដាប្រទេសផ្សេងៗដែលគណបក្សរបស់ពួកគាត់មិនធ្លាប់បានឈ្នះឆ្នោតទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរយៈពេល ៣ ថ្ងៃក្នុងសប្ដាហ៍នេះគឺពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ វិច្ឆិកា នៅប្រទេសសិង្ហបុរី៕