ភ្នំពេញៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចាត់​ទុក​សកម្មភាព​របស់​លោក សម រង្ស៊ី ថា​បាន​ដើរ​ឆ្លង​ផុត​ពី​ខ្សែបន្ទាត់​ក្រហម​ប្រជាធិបតេយ្យ និង​បាន​ប្រៀបធៀប​ប្រធាន​ស្តីទី​អតីត​បក្សប្រឆាំង​រូបនេះ​ទៅ​នឹង​ លន់ នល់ ទី​ ២ ដែល​ត្រូវ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​សម័យ​ទំនើប​ដោយសារ​ «​ក្បត់ជាតិ និង​ក្បត់​រាជបល្ល័ង្ក​»​។

អង្គភាព​នេះ​បាន​ចេញ​វីដេអូ​ឯកសារ​មួយ​មាន​រយៈពេល​ ២៣ ​នាទី​ កាលពី​ម្សិលមិញ​ដោយ​លើកឡើង​ថា​លោក សម រង្ស៊ី ដែល​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដើរ​ឆ្លង​ផុត​ខ្សែបន្ទាត់​ដែល​ខណ្ឌ​ចែក​ព្រំដែន​ប្រជាធិបតេយ្យ ហើយ​កំពុង​អនុវត្ត​ផែនការ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​រាជបល្ល័ង្ក​។

វីដេអូ​ឯកសារ​បាន​ថ្លែង​ថា​លោក សម រង្ស៊ី «​បាន​បោះបង់ចោល​ផ្លូវ​ប្រជាធិបតេយ្យ​ទាំងស្រុង និង​ជា​ស្ថាពរ​ដោយ​បច្ចុប្បន្ន​បាន​ងាក​មក​ចាប់យក​អំពើហិង្សា​យ៉ាង​ពេញទី តាមរយៈ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ជា​ចំហ​ដោយ​កំណត់​យក​ថ្ងៃទី ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ជា​កាលបរិច្ឆេទ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការផ្ដួលរំលំ​របបរាជានិយម និង​រាជរដ្ឋាភិបាល​ដែល​នេះ​ជា​បទឧក្រិដ្ឋ​ដ៏ធ្ងន់ធ្ងរ​បំផុត​»​។

ផែនការ​រដ្ឋប្រហារ​ធំៗ​ចុងក្រោយ​គឺ​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម​តាមរយៈ​ការប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ព្រះមហាក្សត្រ​។ អំពើ​ក្បត់​រាជបល្ល័ង្ក​របស់​លោក ​សម រង្ស៊ី គឺជា​ការយក​លំនាំ​តាម​សេនាប្រមុខ​ លន់ នល់​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ​កាលពី​ថ្ងៃទី​ ១៨ ខែ​ មីនា ឆ្នាំ​ ១៩៧០​។ នេះ​បើ​តាម​ការលើក​ឡើង​នៅក្នុង​វីដេអូ​ឯកសារ​ដដែល ដោយ​ចាត់ទុក​ថា​នេះ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទី​ ១​។

ចំណែក​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទី​ ២ របស់​លោក សម រង្ស៊ី ដែល​អង្គភាព​ដដែល​ដាក់​ចំណាត់ថ្នាក់​គឺ​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការអំពាវនាវ​ឲ្យ​កងទ័ព បំបែក​ខ្លួន​ និង​ការប្រកាស​ប្រមូល​លុយ ដើម្បី​ប្រើប្រាស់​សម្រាប់​ទិញ​ទឹកចិត្ត​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​គាំទ្រ​ខ្លួន​។

អង្គភាព​ប្រតិកម្ម​រហ័ស​បាន​ថ្លែង​ថា រាល់​សកម្មភាព​ផ្ដល់​ជា​មធ្យោបាយ ឬ​ហិរញ្ញវត្ថុ​ផ្គត់ផ្គង់ ឬ​ការគាំទ្រ​សកម្មភាព​ទាំងនេះ​ក៏​ត្រូវបាន​ចាត់ទុក​ជា​ការផ្ដល់​ហិរញ្ញប្បទាន​ភេរវកម្ម​។ សកម្មភាព​នេះ​មិន​ត្រឹម​តែ​ផ្ទុយ​នឹង​ច្បាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ប្រទេស​ធំៗ​លើ​ពិភពលោក​កំពុង​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ផងដែរ ជាពិសេស​សហរដ្ឋអាមេរិក​។

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​បញ្ជាក់​ថា ផែនការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ​មិនមែន​ក្នុង​ហេតុផល​សិទ្ធិមនុស្ស​ ឬ​ប្រជាធិបតេយ្យ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ផែនការ​រដ្ឋប្រហារ​តាម​វិធី​ញុះញង់ អុជអាល បំផុសបំផុល អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្តូតត្រង់ និង​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ​ឲ្យ​បះបោរ​តាម​រូបភាព​ជា​បដិវត្តន៍​ហិង្សា​ក្នុង​គោលដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​។ អង្គភាព​ក៏​លើកឡើង​ថា អ្នកគាំទ្រ​ផែនការ​រដ្ឋប្រហារ​នេះ​ក៏បាន​ឆ្លងកាត់​បន្ទាត់​ក្រហម​នៃ​សិទ្ធិ​បញ្ចេញមតិ​ និង​សិទ្ធិ​នយោបាយ ហើយ​បាន​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​រដ្ឋប្រហារ​ផង​ដែរ​។

វីដេអូ​ដដែល​ថ្លែងថា​៖ «​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ​នៅ​កម្ពុជា ទណ្ឌិត សម រង្ស៊ី ជា​មនុស្ស​ទី​ ២ បន្ទាប់ពី​សេនាប្រមុខ​ លន់ នល់ ដែល​ថ្លើមធំ​ហ៊ាន​ជាន់ឈ្លី​ព្រះមហាក្សត្រ​ជា​សាធារណៈ​តាមរយៈ​ពាក្យសម្ដី និង​សំណេរ​ប្រមាថ​យ៉ាង​ឃោរឃៅ​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​របស់​ព្រះអង្គ​»​។

អង្គភាព​នេះ​លើកឡើង​ថា​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ដល់​ទីបញ្ចប់​ហើយ ដោយសារ​តែ​លោក​មាន​កំហុស​កាន់តែ​ធ្ងន់ រដ្ឋាភិបាល​មាន​វិធានការ​កាន់តែ​តឹងរ៉ឹង​ការគាំទ្រ​របស់​លោក​កាន់តែ​បាត់បង់ ចំណែក​ព្រះមហាក្សត្រ ដែល​ជា​ច្រក​តែមួយ​គត់​សម្រាប់​បើកផ្លូវ​ឲ្យ​លោក​រួច​ផុតពី​ទោស​ទាំងអស់​នោះ ក៏ត្រូវ​បាន​លោក​ប្រកាស​ផ្ដួលរំលំ​ទៀត​។

អង្គភាព​នេះ​បញ្ជាក់​ពី​ជំហរ​រដ្ឋាភិបាល ដោយ​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ដាច់ខាត​ត្រូវតែ​កម្ទេចចោល​ក្បាល​ម៉ាស៊ីន​ដឹកនាំ និង​បណ្ដាញ​នៃ​រចនាសម្ព័ន្ធ​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជានិយម និង​រាជរដ្ឋាភិបាល​ជ្រក​ក្រោមលេស​វិល​ចូល​ស្រុក ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​ពេល​នេះ​ជន​ក្បត់ជាតិ​ សម រង្ស៊ី និង​គូកន​ពិតជា​បាន​ឆ្លងកាត់​បន្ទាត់​ក្រហម ប្រជាធិបតេយ្យ ហើយ​កំពុង​អនុវត្ត​ផែនការ​ធ្វើ​រដ្ឋប្រហារ​»​។

លោក ឯក សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​បាន​ថ្លែងថា លោក សម រង្ស៊ី បាន​ឆ្លង​បន្ទាត់​ក្រហម​នៅ​កម្ពុជា ប៉ុន្តែ​លោក​នៅតែ​មាន​សកម្មភាព​ធម្មតា​នៅ​ក្រៅ​ប្រទេស​ដូចជា​អាមេរិក និង​បារាំង​។

លោក​បាន​បន្តថា​៖ «​អ្នកនយោបាយ​ប្រើ​គ្រប់​មធ្យោបាយ​លែង​បាន​គិត​ពី​ផលប្រយោជន៍​រួម​ហើយ ដោយ​ឈ្លោះ​គ្នា​ជា​លក្ខណៈ​បុគ្គល​»​។ ចំពោះ​ការអំពាវនាវ​ឲ្យ​កងកម្លាំង​បែរ​ចុង​កាណុង​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​លោក សុវណ្ណារ៉ា យល់ថា នៅពេល​នេះ​វា​គ្រាន់តែ​ជា​ការប្រកាស​នៅឡើយ​មិនទាន់​ចូលដល់​ហិង្សា​ជាក់ស្ដែង​ទេ ពីព្រោះ​ទង្វើ​ជាក់ស្ដែង​មិនទាន់​កើតឡើង​នៅឡើយ​។

ចំណែក​អ្នកវិភាគ​នយោបាយ​ម្នាក់​ទៀត​គឺ​លោក ឡៅ ម៉ុងហៃ បាន​យល់ឃើញ​ថា បើ​រដ្ឋាភិបាល​ចាត់ទុក​អ្វី​ដែល​លោក​ សម រង្ស៊ី កំពុង​ធ្វើ​ថា​បាន​ឆ្លង​បន្ទាត់​ក្រហម រដ្ឋាភិបាល​ក៏​គួរតែ​គិត​ផង​ដែរ ពាក់ព័ន្ធ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​លើ​ការធ្វើ​បាតុកម្ម​កាលពី​ដើម​ខែ​មករា ឆ្នាំ​ ២០១៤៕

វីដេអូ៖