រាជធានី​ភ្នំពេញៈ អង្គភាព​លូទឹក-បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្តារ​ប្រឡាយ​ទឹកស្អុយ​បឹងទំពុន​ប្រមូល​កាកសំណល់​សំរាម​ផ្សេងៗ​បាន​ជិត ៧ ពាន់​តោន។

លោក ដួង ចាន់សារ៉ាត់ ​ប្រធាន​អង្គភាព​លូទឹក-បូមទឹក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ ឧសភា​នេះ​ថា ការដែល​ក្រុមការងារ​ចុះទៅ​ធ្វើការ​ស្តារ​ប្រឡាយ​បឹងទំពុន​នេះ​ ព្រោះ​សង្កេត​ឃើញ​ថា មាន​ដុះ​ស្មៅ​ត្រឹប​ច្រើន និង​មាន​សំរាម​ផង​ដែលជា​មូលហេតុ​ធ្វើឲ្យ​មាន​ការរាំងស្ទះ​ទឹក​ហូរ​ទៅ​មិន​រលូន​ល្អ។

លោក​បន្តថា ការថែទាំ​ស្តារ​ប្រឡាយ​នេះ​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ និង​បានបញ្ចប់​នៅ​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ ២០២១ ជា​លទ្ធផល​ស្តារ​ស្មៅ​ត្រឹប​សំរាម​ និង​ភក់​បាន​ចំនួន ៤ ៥៥០ ម៉ែត្រគុប ឬ​ស្មើនឹង ៦ ៨២៥ តោន។

លោក​ថ្លែងថា៖ «ប្រឡាយ​ហ្នឹង​វា​វែង មាន​ប្រវែង​ប្រមាណ​ជាង ៣ ពាន់​ម៉ែត្រ គិត​ចាប់ពី​ស្ពាន​ស្ទឹងមានជ័យ​ និង​មាន​ទទឹង ៣០ ម៉ែត្រ តភ្ជាប់​ទៅកាន់​ស្ថានីយ​បូមទឹក​បឹងទំពុន ហើយ​ការស្តារ​ហ្នឹង​គឺ​យើង​ស្តារ​តែ​នៅ​ចុង​ប្រឡាយ​នេះ​ទេ ដែល​គិត​ទៅ​មាន​ប្រវែង​ប្រមាណ​ជាង ៦០០ ម៉ែត្រ​នៅ​ជាប់​ស្ថាននីយ​បូមទឹក​បឹងទំពុន ព្រោះ​សំរាម​វា​ហូរ​មក វា​កក​នៅ​ទី​ហ្នឹង កាលណា​យើង​ប្រមូល​អស់​ទៅ​វា​លែង​អី​ហើយ»។

ជាមួយ​គ្នា​នេះ លោក​ ដួង ចាន់សារ៉ាត់ បានស្នើ​ប្រជាពលរដ្ឋ​សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ​ផ្តេសផ្តាស ព្រោះ​វា​នាំ​ឲ្យ​មាន​ការកកស្ទះ​ទឹក ជាពិសេស​នៅ​រដូវវស្សា​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ។

លោក ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង អនាម័យ​សហគមន៍ បាន​ឲ្យ​ដឹងថា តាម​ការកត់សម្គាល់រ​បស់​លោក​ផ្ទាល់ បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​មាន​ភាពល្អប្រសើរ​ច្រើន ព្រោះ​ការ​ទុកដាក់ វេចខ្ចប់ និង​ការបោះ​សំរាម​ចោល ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន។

លោក យ៉ុនគូរ៉ា បន្តថា សម្រាប់​អ្នក​នៅតាម​ប្រឡាយ​មាន​ផ្លូវ​ច្រកតូចៗ ភាគច្រើន​មិនមាន​អ្នកប្រមូល​សំរាម​ទៅដល់​ឡើយ ហេតុនេះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​មួយចំនួន នៅតែ​បន្ត​បោះ​សំរាម​ចោល​ទៅក្នុង​ប្រឡាយ ខណៈ​មាន​អ្នកខ្លះ​បាន​យកទៅ​ដុតចោល។

ការដែល​ពលរដ្ឋ​បោះ​សំរាម​ចោល​បែបនេះ​ ដោយសារ​តែ​មិនទាន់​មាន​សេវា ប្រមូល​សំរាម​គ្រប់​ច្រកល្ហក ដែល​ភាគច្រើន​គឺ​មាន​តែ​ការប្រមូល​តាម​ឡាន ដែល​គេ​ហៅថា​ប្រមូល​មធ្យម ប៉ុន្តែ​ការប្រមូល​បឋម​ឬ ប្រមូល​តាម​ច្រកល្ហក​ដែល​ឡាន​ចូល​មិន​ដល់​នោះ​គឺ​នៅមាន​កម្រិត​នៅឡើយ។

លោក​ថ្លែងថា៖ «តាមរយៈ​ការដែល​ខ្ញុំ​សាកសួរ​ផ្ទាល់ ទៅកាន់​ប្រជាពលរដ្ឋ គាត់​ថា គាត់​បង់​សេវា​ក្នុង ១ ខែ ១ ដុល្លារ​ដែរ តាម​ប្រព័ន្ធ​ភ្លើង​ប្រព័ន្ធ​អីហ្នឹង ប៉ុន្តែ​សេវា​ប្រមូល​សំរាម​មិនបាន​ទៅដល់​ផ្ទះ​គាត់។ អីចឹង​ដល់ពេល​គាត់​កាន់​មក​ក្រៅ ប្រុង​បោះចោល​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​គាត់​ចោល ព្រោះ​នៅតាម​បណ្តោយ​ផ្លូវ គ្មាន​ធុងសំរាម​សាធារណៈ​នោះទេ»៕