
អដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមនៅបឹងជើងឯក។ ហេង ជីវ័ន
ភ្នំពេញៈ អដ្ឋិធាតុជនរងគ្រោះក្នុងសម័យខែ្មរក្រហមជាង ១០ ម៉ឺនត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះបញ្ជីទុកជាវត្ថុអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ ក្រោយពីធ្វើកំណាយលើទីតាំងពិឃាតមនុស្សសំខាន់ៗនៅទូទាំងប្រទេស តាំងពីឆ្នាំ ២០១២ រហូតបច្ចុប្បន្ន។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្ដិវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងកាលពីម្សិលមិញថា គម្រោងស្រាវជ្រាវនិងអភិរក្សអដ្ឋិធាតុជនរងគ្រោះក្នុងសម័យខ្មែរក្រហមនេះមិនមានពេលបញ្ចប់ទេ តែនឹងបន្ដធ្វើជារហូតនៅទូទាំងប្រទេស។
លោកបានបន្ដថា៖ «យើងចង់រក្សាទុកនូវប្រវត្ដិសាស្ដ្រដ៏ជូរចត់មួយនេះនិងអភិរក្សអដ្ឋិធាតុជនរងគ្រោះទាំងនេះ រួចផ្សព្វផ្សាយទៅសាធារណជនឲ្យបានដឹងដើម្បីអប់រំមនុស្សកុំឲ្យក្មេងជំនាន់ក្រោយមានការគុំកួនគ្នានិងចូលរួមធ្វើឲ្យមានសន្ដិភាពក្នុងចិត្ដឲ្យមានយុត្ដិធម៌ក្នុងសង្គម»។
បើតាមលោក វុទ្ធី គោលបំណងនៃការអភិរក្សអដ្ឋិធាតុនេះគឺចង់វាយតម្លៃលើសាកសពដែលកន្លងមកមានពាក្យចចាមអារ៉ាមមិនច្បាស់លាស់ថា ត្រូវអ្នកនេះសម្លាប់ឬអ្នកនោះសម្លាប់ជាការមិនយល់គ្នាដើម្បីសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់។
លោកថា៖ «យើងជាអ្នកបច្ចេកទេស និងអ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រ យើងត្រូវការភាពច្បាស់លាស់មួយ។ អ៊ីចឹងបានយើងធ្វើកោសល្យវិច័យលើសពរួមទាំងនោះ ព្រោះកាលពីមុនមានអ្នកខ្លះយល់ថា ជនរងគ្រោះកាលពីសម័យប៉ុលពតស្លាប់ដោយសារបែបនេះ ដោយបែបនោះ និងថាមិនមែនស្លាប់ដោយរបបវាលពិឃាត។ អ៊ីចឹងយើងស្វែងរកអាហ្នឹង»។
លោកបានថ្លែងថា៖ «កោសល្យវិច្ច័យលើអដ្ឋិធាតុជនរងគ្រោះនេះ យើងរក្សាភ័ស្ដុតាងទាំងមូលថា ជនរងគ្រោះទាំងនោះបានស្លាប់ក្នុងរបបប៉ុលពតដែលត្រូវសម្លាប់ដោយត្បូងចប សម្លាប់ដោយភ្លៅរទេះ សម្លាប់ដោយអារ ក។ ទាំងអស់នេះគឺយើងបានរកឃើញមានរហូតដល់ ៣០ ប្រភេទនៃការសម្លាប់ធ្វើទុក្ខបុកម្នេញឬគេហៅថាធ្វើទារុណកម្មដល់ជនរងគ្រោះតែម្ដង»។
លោក វុទ្ធី ឲ្យដឹងថា ការធ្វើអភិរក្សនិងចុះបញ្ជី បានធ្វើទៅលើទីតាំងជាង ១០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអដ្ឋិធាតុជាង ១០ ម៉ឺននាក់នេះ បានមកពីការធ្វើកំណាយលើទីតាំង ៦ កន្លែង នៅទូទាំងប្រទេសកម្ពុជាក្នុងនោះមាន វាលពិឃាតនៅទួលស្លែង វាលពិឃាតជើងឯក វាលពិឃាតវត្ដប្រាសាទក្របី វាលពិឃាតក្រាំងតាចាន់ វាលពិឃាតគោកព្រេច និងវាលពិឃាតទួលអស់លោក។
លោក វុទ្ធី បញ្ជាក់ថា៖ «វាលពិឃាតទាំងអស់នេះ យើងបានចុះបញ្ជី អភិរក្សអស់ហើយ និងបានប្រាប់ឲ្យគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈតាមបណ្ដាខេត្ដឲ្យពិនិត្យរកមើលវាលពិឃាតធំៗបន្ដទៀត...»។
លោក ឆាំង យុ នាយកមជ្ឃមណ្ឌលឯកសារកម្ពុជា (DCC-AM) យល់ឃើញថា ការចុះបញ្ជី អភិរក្សអដ្ឋិធាតុ និងវាលពិឃាតនេះគឺជាការចូលរួមចំណែកដល់ការផ្សះផ្សាមួយ និងផ្ដល់ការយល់ដឹងដល់អ្នកជំនាន់ក្រោយ។
លោកបន្ដថា៖ «ការចងចាំ គឺជាយុត្ដិធម៌ដែលរឿងនេះ វាមានទំហំធំធេង។ ដូច្នេះការចូលរួមចំណែកណាមួយនៃការថែរក្សាអដ្ឋិធាតុនេះ ពិតជាបានចូលរួមបំពេញនូវភាពអយុត្ដិធម៌ដែលនៅមានការខ្វះខាតសម្រាប់ផ្សះផ្សាដល់ជនរងគ្រោះ»។
បើតាមលោក ឆាំង យុ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានចេញសារាចរកាលពីឆ្នាំ ២០០១ ដែលបានជំរុញឲ្យរដ្ឋបាលថ្នាក់មូលដ្ឋានចូលរួមថែរក្សាអដ្ឋិធាតុជនរងគ្រោះដែលបន្សល់ទុកពីសម័យខ្មែរក្រហមដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្វែងយល់បន្ថែមទៀត។
លោកបន្ថែមថា៖ «អ៊ីចឹងចុះបញ្ជី អភិរក្សអដ្ឋិធាតុនេះ វាជាការបន្ដការងារដែលយើងបានធ្វើតាំងពីជាង ២០ ឆ្នាំមុន ដែលជាសញ្ញាណវិជ្ជមានបន្ថែមទៀត និងបង្ហាញថា យើងមិនបានបញ្ឈប់ឬបំភ្លេចដោយយើងនៅតែបន្ដធ្វើ»៕