កោះកុងៈ មេអណ្តើក​ហ្លួង​ចំនួន​ ៥ ​ក្បាល​ ដែល​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​ខេត្តកោះកុង​បាន​ពង​ជា​លើក​​ដំបូង​សរុប​បាន​ចំនួន​ ៧១ ​ពង ខណៈ​អ្នកជំនាញ​កំពុង​សិក្សា​ស្វែងរក​កន្លែង​ភ្ញាស់​។

នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ wcs កាលពី​ម្សិលមិញ​។

លោក​ លាក់ រតនា មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS ប្រចាំ​កម្ពុជា​ថ្លែងថា អណ្តើក​ទាំង​ ៥ ​ក្បាល​នោះបាន​ពង​ក្នុងពេល​ ២ ​សប្តាហ៍​មុន នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិមិ្មត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន ខេត្តកោះកុង សរុប​មាន​ចំនួន​ ៧១ ​ពង​។ លោក​ថា ពងអណ្តើក​ហ្លួង​ទាំងអស់​នោះ​គឺ​ពង​ចេញ​មេអណ្តើក​ហ្លួង​ ៥ ​ក្បាល ​ដែល​ក្រុមការងារ​បាន​យក​ទៅ​ចិញ្ចឹម​ថែទាំ​នៅក្នុង​មជ្ឈមណ្ឌល​នោះ​កាលពី​ជាង​ ១០ ​ឆ្នាំមុន​។

លោក​បាន​ថ្លែងថា​៖ «​មេអណ្តើក​ហ្លួង​ទាំង​ ៥ ​នោះ​គឺ​មាន​ ៤ ​ក្បាល​ ត្រូវបាន​ក្រុមការងារ​យក​ពី​តាម​ឆ្នេរ​ខ្សាច់​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្រោយ​ញាស់​ភ្លាម និង​ ១ ​ក្បាល​ទៀត ត្រូវបាន​ពលរដ្ឋ​នៅ​ខេត្តកោះកុង​យកមក​ប្រគល់​ឱ្យ​កាលពី​ឆ្នាំ​ ២០១៧»​។

លោក​ សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​កោះកុង និង​មេគង្គ​នៃ​អង្គការ WCS បាន​ថ្លែងថា ចំពោះ​ការភ្ញាស់​ពង​កូនអណ្តើក​ហ្លួង​ទាំងនេះ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា​យ៉ាងណា​នៅឡើយ​ទេ ដោយសារ​ក្រុមការងារ​កំពុង​ស្រាវជ្រាវ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​លើក​ទី​១ ​ហើយ​ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​នៅក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​ក្រោយពេល​មេអណ្តើក​ហ្លួង​ទាំងនេះ​ត្រូវ​បាន​យកមក​ចិញ្ចឹម​ថែទាំ​តាំងពី​ឆ្នាំ​ ២០០៦ ​មក​។

ក្រុមការងារ​កំពុង​ពិភាក្សាគ្នា​ថា តើ​ត្រូវ​សាងសង់​សម្បុក​សិប្បនិម្មិត​ដើម្បី​ភ្ញាស់​ពង​ទាំងនេះ ឬមួយ​ក៏​ទុក​វា​ឱ្យ​ញាស់​ក្នុង​សភាព​ដើម​» ។

លោក ស្ទីវិនផ្លាត អ្នកជំនាញ​ផ្នែក​ឧរង្គសត្វ និង​ថលជលិក​នៃ​អង្គការ WCS ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ថ្លែងថា នេះ​គឺជា​រឿង​សំខាន់​មួយ​ដែល​មិន​គួរឱ្យ​ជឿថា ប្រភេទ​សត្វ​អណ្តើក​ដ៏កម្រ​បែប​​នេះ​អាច​ពង​ច្រើន​នៅ​ទីនោះ​។ ​ការបង្ក​កំណើត​របស់​សត្វ​អណ្តើក​ហ្លួង គឺជា​គោលដៅ​អភិរក្ស​មួយ​សម្រាប់​ស្តារ​ប្រភេទ​អណ្តើក​ហ្លួង ដែល​ជិត​ផុត​នេះ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​រំពឹង​នឹង​អាច​ជំរុញ​ការ​បង្កាត់​ប្រភេទ​អណ្តើក​នេះ​បាន​ចំនួន​ច្រើន​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ថែមទៀត​ និង​អាច​យក​វា​ទៅ​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​»​។

លោកស្រី​បណ្ឌិត សុន ចាលូហ្ស៍ អនុប្រធាន​ផ្នែក​អភិរក្ស ស្រាវជ្រាវ និង​ពេទ្យសត្វ​នៃ​ឧទ្យាន​សត្វព្រៃ​ប្រទេស​សិង្ហបុរី​ (WRS) ​ថ្លែង​ថា ឧទ្យាន​សត្វព្រៃ​ប្រទេស​សិង្ហបុរី​ (WRS) ​មាន​ក្តីរំភើប​ដោយបាន​ចូលរួមចំណែក​ក្នុង​គោលដៅ​ដ៏សំខាន់​មួយទៀត ដើម្បី​អភិរក្ស​ប្រភេទ​អណ្តើក​ដ៏កម្រ​នេះ​។

លោកស្រី​ថា​៖ «​លទ្ធផល​ថ្មី​នេះ​ជា​ការលើក​ទឹកចិត្ត​មួយ​សម្រាប់​ពួកយើង​​ដោយ​ឃើញ​ដៃគូ​របស់​យើង​សម្រេច​ការងារ​បាន​លទ្ធផល​ល្អ​ ទោះបី​ជា​ស្ថិតក្នុង​ស្ថានភាព​នៃ​ការគំរាមកំហែង​ដោយ​ជំងឺ​រាតត្បាត​នៅលើ​ពិភពលោក​ក្តី​» ។

លោក​ អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​ថ្លែង​ថា ការទទួល​បាន​លទ្ធផល​ដ៏អស្ចារ្យ​នេះ​ជា​មោទនភាព​មួយ​។ ពងអណ្តើក​ទាំងនេះ​នឹង​អាច​ញាស់​បន្ត​ពូជ​អណ្តើក​ដ៏កម្រ​នៅ​កម្ពុជា​សម្រាប់​អ្នក​ជំនាន់ក្រោយ​បានដឹង​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​លើក​​ទឹកចិត្ត​ និង​គាំទ្រ​ពេញទំហឹង និង​បន្ត​កិច្ចការស្រាវជ្រាវ​នេះ​ទៀត ដើម្បី​សម្រេច​គោលដៅ​ក្នុង​ពេលអនាគត ហើយ​យើង​សង្ឃឹម​ថា អណ្តើក​ហ្លួង​ទាំងនេះ​នឹង​​មាន​វត្តមាន​រស់នៅ​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​» ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ WCS បញ្ជាក់ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​កោះកុង​មាន​អណ្តើក​ហ្លួង​ចំនួន​ ១៩២ ​ក្បាល​។ ​អណ្តើក​ហ្លួង​ជំទង់​ចំនួន​ ៩៦ ​ក្បាល ​ត្រូវ​បាន​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ ចាប់តាំងពី​ឆ្នាំ​ ២០១៥ មក​។ ជាមួយ​គ្នា​នោះ​ក្រុមការងារ​គ្រោង​នឹង​លែង​ ៥០ ​ក្បាល​ទៀត​ នៅ​ចុងឆ្នាំ​ ២០២១ ​ខាងមុខនេះ​៕

វីដេអូ៖