ភ្នំពេញៈ លោកចៅ វាសនា អតីតចៅសង្កាត់រងទី ២ ក្រុងប៉ោយប៉ែត កូតាគណបក្ស សម រង្ស៊ី កាលពីម្សិលមិញបានស្នើសុំតុលាការកំពូលឲ្យដោះលែងរូបលោកពាក់ព័ន្ធនឹងការចូលរួមធ្វើបាតុកម្មបំផ្លាញស្នាក់ការគយនៅក្រុងប៉ោយប៉ែតកាលពីឆ្នាំ ២០១៥ ជាបទចោទដែលលោកបានបដិសេធ ខណៈលោកត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ។
លោក ចៅ វាសនា អាយុ ៥៥ ឆ្នាំបានឆ្លើយនៅក្នុងបន្ទប់សវនាការតុលាការកំពូលពីម្សិលមិញថា ក្នុងឋានៈលោកគឺជាអតីតចៅសង្កាត់រងទី ២ ក្រុងប៉ោយប៉ែតដែលកាលនោះមានតួនាទីទទួលខុសត្រូវផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ដោយមានចេញលិខិតបង្គាប់ការពីលោកចៅសង្កាត់ប៉ោយប៉ែតផង។
លុះកាលនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៥ ស្រាប់តែមានក្រុមកម្មករ អូសរទេះផ្ទុះការតវ៉ានៅមុខការិយាល័យគយក្នុងក្រុងប៉ោយប៉ែត។ លោកបន្តថា នៅពេលនោះមានក្រុមកម្មករអូសរទេះច្រើននាក់បានប្រមូលផ្តុំគ្នាហើយលោកក្នុងតួនាទីជាចៅសង្កាត់រងបានទៅអង្កេតមើលក្នុងនាមអាជ្ញាធរដែនដី។ ពេលលោកកំពុងឈរអង្កេតមើលនោះស្រាប់តែមានបុរសកម្មករ អូសរទេះម្នាក់ឈ្មោះ ម៉ៅ ស៊ុន ត្រូវបានសមត្ថកិច្ចអាវុធហត្ថវាយរហូតសន្លប់ ហើយត្រូវក្រុមកម្មករដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ។ បន្ទាប់មកមានសំឡេងស្រែកថា លោក ម៉ៅ ស៊ុន បានស្លាប់ហើយ។
លោកប្រាប់ចៅក្រមថា៖ «ខ្ញុំឮសម្រែកបែបនេះ ខ្ញុំគ្រាន់តែស្រែកបន្ទរថា ខ្ញុំសោកស្តាយ ម៉េចក៏ធ្វើបាបប្រជាជនខ្ញុំ គឺខ្ញុំគ្រាន់តែស្រែកប៉ុណ្ណឹងទេ»។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញ ខណៈចៅក្រមសួរថា ពេលលោកទៅទីតាំងបាតុកម្មនោះ តើលោកមានបានទទួលបញ្ជាពីលោកចៅសង្កាត់ប៉ោយប៉ែតទេ? លោក វាសនា ប្រាប់ចៅក្រមថាក្នុងនាមលោកជាចៅសង្កាត់រងទី ២ ហើយលោកមានលិខិតបង្គាប់ការពីលោកចៅសង្កាត់រួចហើយនោះគឺលោកមិនចាំបាច់សុំការអនុញ្ញាតពីចៅសង្កាត់ទៀតទេ ហើយរាល់កិច្ចការដែលលោកបានចុះទៅកន្លែងណាមួយពេលត្រឡប់មកវិញគឺលោកតែងតែធ្វើរបាយការណ៍ជូនលោកចៅសង្កាត់ជានិច្ច ហើយលោកចៅសង្កាត់ក៏មិនដែលមានប្រតិកម្មអ្វីដែរ។
លោកបន្តថាចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ប៉ោយប៉ែតនោះ ស្រឡាញ់រាប់អានលោកច្រើនណាស់។ លោក ចៅ វាសនា និយាយថា៖ «សូមតុលាការធ្វើការពិចារណាឲ្យបានច្បាស់លាស់ក្នុងរឿងនេះ ព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំសូមតុលាការដោះលែងខ្ញុំ ដើម្បីខ្ញុំបានចេញទៅរកស៊ីចិញ្ចឹមគ្រួសារ»។
លោក វ៉េង ប៊ុនធឿន តំណាង ព្រះរាជអាជ្ញា បានសន្និដ្ឋានថាក្នុងសំណុំរឿង និងតាមការសិក្សាលើអង្គហេតុគឺលោកយល់ឃើញថាជនជាប់ចោទ ចៅ វាសនា បើយោងតាមដើមបណ្តឹងរបស់មន្ត្រីគយបានបង្ហាញថា ជនជាប់ចោទ នៅពេលនោះបានដឹកនាំក្រុមបាតុករហើយគាត់បាននិយាយថាគាត់ជាចៅសង្កាត់រងទី ២ ទៀតដែលធ្វើឲ្យក្រុមកម្មករជឿ។
ម្យ៉ាងពេលនោះគេឮសំឡេងជនជាប់ចោទស្រែកថាលោក ម៉ៅ ស៊ុន ស្លាប់ហើយដែលរឹតតែធ្វើឲ្យក្រុមកម្មករផ្ទុះកំហឹង ហើយបានសម្រុកចូលវាយកម្ទេចការិយាល័គយ និងទ្រព្យសម្បត្តិក្នុងនោះផង។ ចំពោះនៅតុលាការខេត្តបន្ទាយមានជ័យបានច្រឡំចោទតាមមាត្រា ២៩ ដូច្នេះសុំកែមកមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌវិញ។
លោកថា៖ «តាំងពីសមត្ថកិច្ចចាប់ខ្លួនគាត់មកគឺនៅតំបន់ក្រុងប៉ោយប៉ែតនោះមានសន្តិសុខស្ងប់ស្ងាត់ល្អណាស់។ ខ្ញុំសូមតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ»។
លោក ជូង ជូងី មេធាវីការពារសិទ្ធិឲ្យលោក ចៅ វាសនា សន្និដ្ឋានថាលោក ចៅ វាសនា ជាចៅសង្កាត់រងនៅសង្កាត់ប៉ោយប៉ែត ហើយគាត់ត្រូវបានលោកចៅសង្កាត់ប៉ោយប៉ែតចេញលិខិតបញ្ជាក់ឲ្យគាត់ទទួលភារកិច្ចផ្នែកសន្តិសុខសណ្តាប់ធ្នាប់។ ដូច្នេះពេលណាដែលកើតមានហេតុការណ៍នៅក្នុងមូលដ្ឋាន គឺគាត់តែងតែចុះទៅអន្តរាគមន៍ដែលគាត់មិនចាំបាច់សុំការអនុញ្ញាតពីលោកចៅសង្កាត់ទៀតទេ។
ត្រង់មាត្រា ៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលសាធារណៈសួរថា មានភាពចាំបាច់ទេ ត្រូវសុំលិខិតបេសកកម្ម ហើយបើពេលទៅបំពេញការងារទាល់តែសុំការអនុញ្ញាតពីចៅសង្កាត់បែបនេះគឺច្បាប់គ្មានន័យទេ។
លោកបន្តថាតុលាការខេត្តបន្ទាយមានជ័យបានចោទលោក ចៅ វាសនា ២ បទចោទទី ១ គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងសមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋតាមមាត្រា ៤៩៤,៤៩៥,៤១០,៤១២,៤១៣ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌជាមូលដ្ឋានក្នុងការចោទប្រកាន់។ ប៉ុន្តែការចោទតាមមាត្រា ៤៩៥,៤១០,៤១២,៤១៣ មិនត្រឹមត្រូវទេ ព្រោះគ្មានអ្វីសំអាងថាលោក ចៅ វាសនា បានប្រព្រឹត្តខុស។
លោក បន្តថាក្នុងរឿងក្តីនេះតុលាការបានចោទមនុស្ស ៧ នាក់ទៀត ក្នុងបទសមគំនិត តែតុលាការមិនទាន់ហៅពួកគេ ដើម្បីបានឆ្លើយក្នុងតុលាការទេ គឺសុទ្ធតែជំនុំជម្រះ និងប្រកាសសាលក្រមកំបាំងមុខអ្នកទាំង ៧ នាក់ទាំងអស់។ ដូច្នេះពួកគាត់មានសិទ្ធិប្តឹងជំទាស់នឹងសាលក្រមនេះ ហើយតុលាការមិនអាចសន្និដ្ឋានថា ពួកគាត់ប្រព្រឹត្តទេ កាលណាពួកគាត់មិនទាន់មានសាលក្រមស្ថាពរ។
លោក ជូង ជូងី បញ្ជាក់ថា៖ «រឿងនេះគ្មានភ័ស្តុតាង និងសាក្សីច្បាស់លាស់ខ្ញុំសុំតុលាការដោះលែងគាត់វិញ»។
ក្រោយជំនុំជម្រះលោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីកាប្រកាសនៅថ្ងៃទី ២ ខែតុលា។
លោក ចៅ វាសនា ត្រូវតុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសដាក់ពន្ធនាគារ ៥ ឆ្នាំ និងបង្គាប់ឲ្យសងការខូចខាតការិយាល័យគយ ១ ម៉ឺនដុល្លារសងលោក គង់ សាអែម ជាមន្ត្រីគយ ៥០០ ដុល្លារថ្លៃព្យាបាល ម្ចាស់រថយន្ត ៨ គ្រឿងមានពី ៣០០ ដល់ ៧០០ ដុល្លារផង។ ដោយមិនសុខចិត្តលោក វាសនា បានប្តឹងទៅសាលាឧទ្ធរណ៍ ហើយត្រូវសាលាឧទ្ធរណ៍កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៩ តម្កល់សាលក្រមរបស់សាលាដំបូងឲ្យនៅដដែល៕