ភ្នំពេញៈ អតីតចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃពុធបានទៅសារភាពចំពោះមុខនគរបាលរាជធានីភ្នំពេញអំពីផែនការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ដែលរដ្ឋាភិបាលហៅថា «រដ្ឋប្រហារ» ខណៈមនុស្ស ៣ នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន។
អ្នកស្រី សេង សុខន អតីតចៅសង្កាត់ដេប៉ូ ២ របស់អតីតគណបក្សសង្គ្រោះជាតិបានទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃពុធ។ នេះបើយោងតាមការចាក់ផ្សាយវីដេអូរបស់ទូរទស្សន៍រដ្ឋ (ទទក)។
អ្នកស្រីបានថ្លែងថាកាលពីមុនអ្នកស្រីមើលឃើញគោលនយោបាយរបស់លោក សម រង្ស៊ី ល្អ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយអ្នកស្រីបានទទួលផែនការ និងការណែនាំពីគណបក្សសង្គ្រោះជាតិដោយប្រាប់អ្នកស្រីឲ្យកៀរគរសមាជិកដទៃៗទៀតជាញឹកញាប់ដូចជាក្នុងអំឡុងពិធីហូបនំបញ្ចុកខ្មែរ និងពិធីបុណ្យដទៃៗទៀត។
អ្នកស្រីបានបន្តថា៖ «ឥឡូវនេះបន្ទាប់ពីលោក សម រង្ស៊ី មានកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលផែនការពី ម៉ម ផល្លា ឲ្យញុះញង់ប្រជាពលរដ្ឋទៅទទួលលោក សម រង្ស៊ី នៅពេលគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ។ បន្ទាប់មក ខ្ញុំបានឃើញអ្វីដែលលោក សម រង្ស៊ី បានធ្វើដូចជាការអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរឲ្យយោធាបែរកាំភ្លើងទៅរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រខ្ញុំយល់ថាអំពើទាំងអស់នេះគឺជាអំពើក្បត់ជាតិ និងខុស»។
អ្នកស្រី សុខន បានថ្លែងថា៖ «ដោយយល់អំពីបញ្ហានោះ ខ្ញុំបានសម្រេចចិត្តមកសារភាពនៅចំពោះមុខអាជ្ញាធរ។ ខ្ញុំបានថ្កោលទោសរាល់សកម្មភាពទាំងអស់របស់លោក សម រង្ស៊ី ដូចជាការញុះញង់ឲ្យមានការបែរកាំភ្លើងទៅរដ្ឋាភិបាល ក្រោកឈរប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ»។ ជាងនេះផងដែរ អ្នកស្រីបានអំពាវនាវសមាជិកគណបក្សសង្គ្រោះជាតិដទៃៗទៀតរត់ចូលរដ្ឋាភិបាល។
អ្នកស្រីត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទពីបទ «រួមគំនិតក្បត់» រួមជាមួយមនុស្ស ៤ នាក់ដទៃទៀតរួមមាន ឈ្មោះ ទិត សុផាត ខេន សុខហ៊ាង គ្រុយ សុខេមរិន និង វឿង សំណាង។ ទិត សុផាត ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ ២ និង ខេន សុខហ៊ាង ជាអតីតចៅសង្កាត់ព្រែកប្រា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។
គិតត្រឹមថ្ងៃពុធ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងថា មនុស្សសរុប ២៤ នាក់ត្រូវបានចាប់ខ្លួនពីបទ «រួមគំនិតក្បត់» ចាប់តាំងពីរដ្ឋាភិបាលបានចាត់ទុកការប្រកាសរបស់លោក សម រង្ស៊ី ថាមានការផ្តល់ថវិកាសម្រាប់យោធាដែលរត់ចេញពីរដ្ឋាភិបាលជាផ្នែកនៃ «រដ្ឋប្រហារ»។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា មនុស្សប្រមាណ ៣០ នាក់ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស។ តុលាការតែងតែរំឭកអ្នកដែលពាក់ព័ន្ធនៅក្នុងផែនការ «រដ្ឋប្រហារ» ឲ្យសារភាពដើម្បីទទួលបានការលើកលែងទោស។
អ្នកស្រី សុខន មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន ប៉ុន្តែកូនប្រុសរបស់អ្នកស្រី លោក ជា សារឿន បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា ម្តាយរបស់លោកកំពុងបំភ្លឺជាមួយសាលាដំបូងរាជធានីភ្នំពេញចំពោះបទចោទប្រកាន់នោះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបានថ្លែងថា អ្នកស្រី សុខន បានសម្រេចចិត្តត្រឹមត្រូវចំពោះការសារភាពដែលអាចជួយអ្នកស្រីរួចផុតពីបទចោទប្រកាន់។
លោកបានថ្លែងថា៖ «ការសារភាពបង្ហាញថា សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនបានមកទាន់ពេលវេលា។ ពួកគេមួយចំនួនជឿតាមអ្វីដែលលោក សម រង្ស៊ី និយាយ ប៉ុន្តែនៅទីបំផុតមិនបានអ្វី ប៉ុន្តែត្រូវចាប់ខ្លួន»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា ការសារភាពរបស់មនុស្សម្នាក់មិនមែនបង្ហាញពីនិន្នាការ។
លោកបានថ្លែងថា៖ «ដូច្នេះវាលឿនពេក មិនទាន់អាចនិយាយថា តើនុយបច្ចុប្បន្នរបស់រដ្ឋាភិបាលនឹងជោគជ័យជាងនុយកាលពីពេលមុនឬអត់នោះទេ។ ការផ្តល់តំណែងដដែលដល់ក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលមុនបានបរាជ័យក្នុងការទទួលបានសមាជិកគណបក្សសង្គ្រោះជាតិភាគច្រើនឲ្យស៊ីនុយនេះ រត់ទៅចូលខាងរដ្ឋាភិបាល»។
លោកបានបន្តថា ការផ្តល់សម្បទាននយោបាយរបស់រដ្ឋាភិបាលមិនទទួលបានជោគជ័យច្រើនជាងនេះទេនៅពេលដែលមនុស្សតែមួយចំនួនតូចក្នុងចំណោមសមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ១១៨ នាក់បានដាក់ពាក្យសុំសម្បទាន។
ទន្ទឹមនេះដែរលោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា មានមនុស្ស ៣ នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ និងញុះញង់។ មនុស្ស ២ នាក់ដែលត្រូវបានចាប់ខ្លួនគឺនៅខេត្តកំពង់ចាម រួមមាន ឈ្មោះ លី គឹមហ៊ាង អាយុ ៤៧ ឆ្នាំ អន សាវេន អាយុ ៦៤ ឆ្នាំ និងទី ៣ ឈ្មោះ ឈិន ម៉ារ៉ាឌី អាយុ ៤០ ឆ្នាំដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ។
លោកបានបន្តថា បើរួមទាំងការចាប់ខ្លួន ៣ នាក់ចុងក្រោយចំនួននៃការចាប់ខ្លួនសរុបនាប៉ុន្មានសប្តាហ៍នេះបានកើនឡើងដល់ ២៧ នាក់៕ PS