ភ្នំពេញៈ ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីថ្ងៃសុក្របានស្នើឲ្យស្តារឡើងវិញនូវវប្បធម៌សន្ទនារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងដែលវាជាសំណើមួយត្រូវបានគណបក្សប្រឆាំងស្វាគមន៍ ប៉ុន្តែកាលពីម្សិលមិញអ្នកនាំពាក្យរដ្ឋាភិបាលបានបដិសេធ។
លោក ស្រ៊ី ថាមរ៉ុង្គ ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីជំនួបប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាមួយលោក Kentaro Sonoura បានថ្លែងថា ទីប្រឹក្សាបានស្នើក្នុងនាមជាមិត្តភក្តិ ឲ្យចាប់ផ្តើមចរចាឡើងវិញ។ លោកថ្លែងថា៖ «បើយើងនិយាយឲ្យខ្លី គឺអំពីលទ្ធភាពនៃការចរចា ឬកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រី និងអ្នកដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ»។
វប្បធម៌សន្ទនាបានចាប់ផ្តើមនៅឆ្នាំ ២០១៤ នៅពេលដែលលោក ហ៊ុន សែន និងអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការធ្វើពហិការសភារបស់គណបក្សប្រឆាំង រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីជម្លោះក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣។
យ៉ាងណាក៏ដោយកិច្ចសន្ទនានេះបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែបញ្ហានយោបាយបានកើតឡើងជាបន្តបន្ទាប់ រវាងបក្សកាន់អំណាច និងគណបក្សប្រឆាំង។ នៅចុងឆ្នាំ ២០១៥ លោក សម រង្ស៊ី ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅក្រៅប្រទេសដោយសារមានរឿងក្តីក្តាំតុលាការដែលរងការចោទប្រកាន់ជាបន្តបន្ទាប់ហើយអ្នកស្នងតំណែងប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានបង្ខំលាក់ខ្លួននៅទីស្នាក់ការបក្ស ដើម្បីគេចចេញពីការចាប់ខ្លួនពាក់ព័ន្ធនឹងរឿងស្រីញី និងរឿងមិនចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ។
ក្រោយមកលោក កឹម សុខា ត្រូវបានលើកលែងទោសហើយភាគីទាំង ២ ម្តងម្កាលបានបន្តវប្បធម៌សន្ទនានេះរហូតដល់ដើមឆ្នាំ ២០១៧ ហើយវប្បធម៌ចរចារវាងគណបក្សទាំង ២ មិនបានយូរអង្វែងនោះទេ។
នៅចុងខែធ្នូឆ្នាំមុនលោកនាយករដ្ឋមន្ត្រីក៏បាននិយាយថា លោកនឹងឈប់និយាយអំពីគណបក្សសង្គ្រោះជាតិទៀត។
កាលពីខែវិច្ឆិកា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំតែមួយគត់ ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក សុខា ប្រធានគណបក្សនេះត្រូវបានចាប់ខ្លួនពីបទ «ក្បត់ជាតិ»។ សេចក្តីសម្រេចរបស់តុលាការក៏បានហាមឃាត់សមាជិកគណបក្សប្រឆាំងចំនួន ១១៨ រូបមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំផងដែរ។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ តាមរយៈសារមួយលោកស្រីបានអបអរចំពោះការស្នើនេះ។ លោកស្រីបញ្ជាក់ថា៖ «[គណបក្សសង្គ្រោះជាតិ] ស្វាគមន៍យ៉ាងពេញទំហឹង ចំពោះតួនាទីរបស់ជប៉ុនដែលឲ្យចាប់ផ្តើមវប្បធម៌សន្ទនាជាថ្មីនេះ។ យើងសូមឱ្យប្រទេសហត្ថលេខីសំខាន់ៗចូលរួមជាមួយប្រទេសជប៉ុន ដើម្បីធ្វើជាសាក្សី និងជាអ្នកធានាដល់កិច្ចសន្ទនានោះ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានលាលែងពីតំណែងកាលពីខែមីនាឆ្នាំមុនបានយល់ស្រប។
លោកថ្លែងតាមអ៊ីមែលថា៖ «ខ្ញុំបន្តជឿជាក់លើវប្បធម៌សន្ទនា នៅពេលវាត្រូវបានអនុវត្តដោយស្មោះត្រង់មានន័យថាមិនមានការគំរាមកំហែង ឬបំភិតបំភ័យ»។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រីបានច្រានចោលការលើកឡើងនេះ ហើយបានធ្វើទឡ្ហីករណ៍ថា គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយសេចក្តីសម្រេចរបស់តុលាការកំពូល ដូច្នេះការសន្ទនាមិនអាចដំណើរការទៅរួចបានទេ។ «វប្បធម៌សន្ទនាមិនអាចរំលងនីតិរដ្ឋបានទេ»។
លោកបន្តថា សេចក្តីសម្រេចនេះ គឺអនុវត្តទៅលើទាំងគណបក្សសង្គ្រោះជាតិ និងទាំងបុគ្គលដែលនៅក្នុងគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា គណបក្សប្រឆាំងបានថ្កោលទោសខ្លាំងចំពោះ «វប្បធម៌និទ្ទណ្ឌភាព» ដូច្នេះគួរតែគោរពសេចក្តីសម្រេចរបស់តុលាការកំពូល។ លោកក៏បានថ្លែងផងដែរថាលោក សម រង្ស៊ី បាន «បំពាន» វប្បធម៌សន្ទនាដោយបន្តនាំយកបញ្ហាថ្មីៗ ប៉ុន្តែការលើកឡើងបែបនេះត្រូវបានច្រានចោលដោយលោក សម រង្ស៊ី នៅក្នុងអ៊ីមែលពីម្សិលមិញ។
លោក សម រង្ស៊ី បានថ្លែងថា៖ «ខ្ញុំមិនចូលចិត្តការពិតដែលលោក ហ៊ុន សែន និយាយអ្វីៗលក្ខណៈផ្ទាល់ខ្លួន»។ «ប្រហែលជាគាត់ធ្វើវាជាលេស ដើម្បីសម្លាប់ការសន្ទនាដែលអាចនាំទៅរកការសម្រុះសម្រួលបើកផ្លូវឲ្យមានការផ្លាស់ប្តូរលក្ខណៈប្រជាធិបតេយ្យ។ ដើម្បីបង្ហាញភាពជាអ្នកដឹកនាំ យើងត្រូវតែដាក់អារម្មណ៍ផ្ទាល់ខ្លួនរបស់យើងដោយឡែកហើយផ្តោតទៅលើអត្ថប្រយោជន៍ជាតិ»។
ទោះយ៉ាងណាក្តីលោកបានបន្ថែមថា ការសន្ទនាគឺ «ចៀសមិនរួចទេ» ជាមូលដ្ឋាននៃសន្តិភាពស៊ីវិល និងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា៖ «ចំពោះកម្ពុជា វប្បធម៌សន្ទនាពិតប្រាកដត្រូវតែជំនួសវប្បធម៌ហិង្សា និងនិទ្ទណ្ឌភាពដែលជាកេរដំណែលពីរបបខ្មែរក្រហម»។ លោកបានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាត្រូវតែធ្វើការជាមួយគ្នា ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរសតិអារម្មណ៍នោះ។ កាន់តែឆាប់ កាន់តែប្រសើរ»។
អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ក៏បានយល់ស្របចំពោះការលើកឡើងនេះផងដែរ។
«ខ្ញុំស្វាគមន៍ចំពោះការអំពាវនាវនេះ»។ លោកបានបន្តថា៖ «ចំណុចខ្លាំងមួយ ក្នុងចំណោមចំណុចខ្លាំងសំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រីគឺតែងតែធ្វើឲ្យមានតុល្យភាពត្រឹមត្រូវរវាងការគ្រប់គ្រង និងការរក្សាភាពស្របច្បាប់លក្ខណៈអន្តរជាតិ និងក្នុងស្រុកមួយចំនួន។ ខ្ញុំប្រាកដថាការសម្រុះសម្រួលមួយចំនួនដែលនាំមកនូវភាពស្របច្បាប់សម្រាប់ការបោះឆ្នោតនាពេលខាងមុខនឹងរួមចំណែកដល់ស្ថិរភាព»។
ប្រតិភូលោក Sonoura នៅក្នុងកិច្ចប្រជុំនោះក៏បានសន្យាថានឹងបន្តគាំទ្រកម្ពុជា សម្រាប់ការបោះឆ្នោតរបស់កម្ពុជាផងដែរ ខណៈលោក សម រង្ស៊ី ថ្កោលទោសនៅក្នុង tweeter។
លោកបានសរសេរថា៖ «ការប្រកាសថា ជប៉ុននឹងផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់ការបោះឆ្នោតរបស់កម្ពុជាដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៩ កក្កដា ២០១៨ ធ្វើឲ្យអ្នកប្រជាធិបតេយ្យទាំងអស់មានការភាន់ច្រឡំ»។
ស្ថានទូតជប៉ុន មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះទេកាលពីម្សិលមិញ៕ NS /PS