កោះកុងៈ អតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីពីគណបក្សប្រឆាំងនៅខេត្តកោះកុង នៅថ្ងៃទី៣០ ខែមេសានេះ បានឲ្យដឹងថា គាត់កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីបានភៀសខ្លួនពីភូមិជុំនាប់ដោយសាមានការគំរាមពីក្រុមប្រឹក្សាឃុំមកពីគណបក្សកាន់អំណាច។
លោក វ៉ែន អែត ជាប្អូនប្រុសរបស់សកម្មជនលោកវ៉ែនវ៉នបានអះអាងថាក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនឈ្មោះ ទិល ចាន់ កាលពីកាលពីថ្ងៃទី១៧ ខែមេសា បាននិយាយមកកាន់គាត់ថាគាត់នឹងត្រូវស្លាប់ក្នុងពេលឆាប់ៗ។
ការគំរាមកំហែងនេះកើតឡើងនៅពេលពួកគេទាំង២នាក់បានទៅចូលរួមពិធីមង្គលការរបស់អ្នកជិតខាង។ លោក អែត បានរត់គេចខ្លួន កាលពីថ្ងៃទី ២៣ ខែមេសា។
លោកបានបញ្ជាក់ថា៖ «ឈ្មោះចាន់ បានប្រាប់ខ្ញុំថា ឥឡូវនេះពួកគេបានដឹងអំពីផែនការរបស់ខ្ញុំអស់ហើយ។ មិនយូរទេ ឈ្មោះ អែត នឹងស្លាប់ពីលោកិយ ហើយសូម្បីរត់គេចខ្លួនក៏ពួកគេនៅតែតាមដានចាប់ខ្លួនដែរ។គាត់បាននិយាយបែបនេះនៅចំពោះមុខខ្ញុំនិងអ្នកដទៃទៀត»។
លោក ចាន់ មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃចន្ទនេះ។
អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ១២នាក់ នៅឃុំជុំនាប់បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមុនគណបក្សប្រឆាំងត្រូវបានរំលាយទាំងបង្ខំ។
លោកបន្តថា៖«ខ្ញុំមិនចុះចូល [គណបក្សប្រជាជនកម្ពុជា] ទេ ប៉ុន្តែពួកគេបានចុះចូល ដូច្នេះហើយពួកគេមិនមានបញ្ហាអ្វីទេ»។ លោកបន្ថែមថាលោកជឿថាគេកំពុងតាមឃ្លាំមើលរូបគាត់។
លោកអែត បានរៀបរាប់ថា មានម្តងនោះគាត់បានឃើញបុរស២នាក់មានស្ពាយកាំភ្លើងមួយដើម ដើរនៅចម្ងាយប្រហែល១០ម៉ែត្រពីផ្ទះគាត់នៅម៉ោងប្រហែល ១ យប់។
លោកអែតបានដាក់ពាក្យបណ្តឹងទៅមេប៉ុស្ដិ៍ប៉ុស្តិ៍ជុំនាប់ កាលពីថ្ងៃទី២០ខែមេសា ដើម្បីសុំអន្តរាគមន៍ចំពោះសុវត្ថិភាព។ ក្រៅពីនោះគាត់ក៏បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការសិទ្ធិមនុស្សលីកាដូ ផងដែរ។
លោកថ្លែងថា៖« វាគឺជាការគំរាមកំហែងដល់ជីវិតយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយខ្ញុំត្រូវតែគេចេញពីភូមិជាមួយប្រពន្ធនិងកូនប្រុសអាយុ៦ឆ្នាំរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំកំពុងនៅទីកន្លែងមានសុវត្ថិភាព»។
គាត់បានបន្តថា លោក សុខ ណង មេប៉ុស្តិ៍ឃុំជុំនាប់បានទូរស័ព្ទទៅគាត់កាលពីថ្ងៃចន្ទ ហើយបានប្រាប់គាត់ថាគេនឹងធ្វើរបាយរាយការណ៍ទៅនគរបាលស្រុក។ លោកណង បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោក ស៊ឹម វ៉ារី អធិការស្រុកថ្មបាំងមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក ហួរ អ៊ីន មន្ត្រីឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថាលោកបាន ស៊ើបអង្កេតបន្ទាប់ពីមានបណ្តឹងនេះ។ លោកបញ្ជាក់ថា អង្គការលីកាដូនឹងជំរុញឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះលោក ចាន់។
តាមការចង្អុលបង្ហាញបានឲ្យដឹងថា លោក អែត បានចូលរួមតវ៉ាទាមទារឱ្យដោះលែងសកម្មជនអង្គការមាតាធម្មជាតិដែលត្រូវជាប់ពន្ធនាគារទាក់ទងរឿងរាយការណ៍ករណីបូមខ្សាច់កាលពីឆ្នាំ២០១៥ និងបានធ្វើដំណើរទៅភ្នំពេញដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលកាលពីដើមខែនេះដើម្បីជំរុញឱ្យមានការទទួលស្គាល់ សហគមន៍ជនជាតិភាគតិចជង។
លោកថ្លែថា៖«ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺនិន្នាកានយោបាយ ពីព្រោះគាត់គឺជាបេក្ខជនលេខរៀងទី២ របស់អតីតគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតឃុំសង្កាត់។ មិត្តរួមការងាររបស់គាត់បានចុះចូលអស់ហើយ ប៉ុន្តែគាត់មិនបានចុះចូលទេ»៕ NS