ភ្នំពេញៈ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ល្បី​ឈ្មោះ​ ១ ​រូប គឺ​លោក អ៊ូ ច័ន្ទរ័ត្ន កំពុង​ស្ទាបស្ទង់​មតិ​អ្នកបោះឆ្នោត​មុននឹង​ឈាន​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​។ ការសម្រេច​គ្រោង​បង្កើត​បក្ស​ថ្មី​នេះ​ដោយសារ​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង មិនអាច​វិល​ត្រឡប់មក​ដឹកនាំ​បក្ស​នេះ​វិញ​បាន ហើយ​លោក​មើលឃើញ​ថា មាន​តែ​ការបោះឆ្នោត​ទេ​ដែល​ជា​ជម្រើស​ល្អ​។

លោក អ៊ូ ច័ន្ទរ័ត្ន បាន​ថ្លែងប្រាប់​ពី​ម្សិលមិញ​ថា នៅពេល​នេះ​លោក​មាន​គម្រោង​បង្កើត​បក្ស​ថ្មី ប៉ុន្តែ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ​រហូត​ដល់​លោក​បាន​ដឹង​ពី​ចរន្ត​របស់​ពលរដ្ឋ​ក្នុង​ការចូលរួម​បោះឆ្នោត​នាពេល​ខាង​មុខ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​បើសិន​ជា​ចរន្ត​ដែល​ចង់​ចូលរួម​ក្នុង​ការបោះឆ្នោត​មាន​ចំនួន​ធំ កម្លាំង​ខ្លាំង ពេលនោះ​យើង​នឹង​ពិចារណា​បង្កើត​គណបក្ស​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​។ រហូត​មកដល់​ពេលនេះ រយៈពេល​ ៣ ​ឆ្នាំ​ហើយ​ដែល​យើង​រង់ចាំ​ដំណោះស្រាយ តែ​វា​អត់​មាន​។ យើង​ឃើញ​ជំហរ​រដ្ឋាភិបាល ហើយ​និង​ជំហរ​នៃ​គណបក្សប្រឆាំង​ហាក់​ដូចជា​មិនមាន​កន្លែង​ណា​ដែល​អាច​ឈាន​ទៅរក​ដំណោះស្រាយ​បាន​»​។

លោក​បន្តថា លោក​បាន​ជួប​ជាមួយ​មន្ត្រី​អង្គទូត​អន្តរជាតិ​ដោយ​មន្ត្រី​ទាំងនោះ​ប្រាប់ថា គេ​បាន​ប្រឹងប្រែង​ធ្វើ​អស់​ហើយ​ក្នុង​ការសម្របសម្រួល​រវាង​គណបក្ស​កាន់​អំណាច និង​អតីត​គណបក្សប្រឆាំង​។ នៅតែ​ខាង​ភាគី​ខ្មែរ​ទេ​ដែល​មិនទាន់​ឃើញ​មាន​ការបន្ទន់​ឥរិយាបថ​ចង់​ជជែក​គ្នា​រក​ដំណោះស្រាយ​។

លោក​ថា មាន​តែ​ការចូលរួម​បោះឆ្នោត​ហើយ​មាន​កៅអី​នៅ​រដ្ឋសភា​ទេ ដែល​យ៉ាងហោចណាស់​មាន​សំឡេង​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការពារ​បូរណភាព​ទឹកដី​។ «​រហូត​មកដល់​ពេលនេះ​មាន​រយៈពេល​ ៣ ​ឆ្នាំ​ហើយ EBA ក៏​គេ​ផ្ដាច់​ហើយ ២០ ​ភាគរយ អ៊ីចឹង​ដំណោះស្រាយ​ទៅមុខ​ទៀត​មាន​តែ​ ២ ​ទេ​គឺ​ចូលរួម​បោះឆ្នោត និង​ទាមទារ​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ឬ​មួយ​ត្រូវ​បន្ត​ធ្វើ​ពហិការ​ដូច​សព្វ​ថ្ងៃ​តទៅទៀត​។ ដើម្បី​មាន​ចម្លើយ​នេះ​ទាល់តែ​យើង​សិក្សា​សិន ប៉ុន្តែ​និន្នាការ​របស់​ខ្ញុំ​គឺ​ខ្ញុំ​គិតថា ការចូលរួម​បោះឆ្នោត​វា​ជា​រឿង​ចាំបាច់​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ​

បើ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​យល់ថា ការបោះឆ្នោត​មាន​សារៈសំខាន់​ហើយ​គាត់​ចូលរួម​បោះឆ្នោត ខ្ញុំ​យល់ថា វា​ជា​រឿង​ប្រសើរ​»​។ លោក​បន្តថា ប៉ុន្តែ​បើ​លោក​សិក្សា​ទៅ​ឃើញថា និន្នាការ​នៃ​ការធ្វើ​ពហិការ​នៅមាន​ច្រើន​មិនព្រម​ចូលរួម​បោះឆ្នោត ពេលនោះ​លោក​នឹង​សម្រេចចិត្ត​មិនបង្កើត​ទេ​។ ក្នុង​ពេល​នេះ​លោក​នឹង​បន្ត​ចុះទៅ​តាម​មូលដ្ឋាន ដើម្បី​ស្ដាប់​មតិ​ពលរដ្ឋ បន្ទាប់ពី​លោក​បាន​ស្ដាប់​មតិ​របស់​អន្តរជាតិ​ផ្សេងៗ​។

ប្រសិនបើ​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា អាច​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ​បាន ដោយ​គ្មាន​សម្ពាធ លោក​នឹងចូលរួម​ជាមួយ​ពួកគាត់​។ ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា លទ្ធភាព​បែបនេះ​អាច​កើតឡើង​បានទេ​។

លោក​ ច័ន្ទរ័ត្ន បដិសេធ​មិន​លាតត្រដាង​ឈ្មោះ​បក្ស​ដែល​លោក​គ្រោង​នឹង​បង្កើត និង​អ្នក​ដែល​នឹងចូលរួម​ជាមួយ​លោក​។ ប៉ុន្តែ​ថ្មីៗ​នេះ​មានការ​លើកឡើង​នៅ​បណ្ដាញ​ហ្វេសប៊ុក​ថា លោក​គ្រោង​បង្កើត​គណបក្ស «​កំណែទម្រង់​» និង​មានការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដូចជា​លោក​ សុន ឆៃ និង​លោក មាជ សុវណ្ណារ៉ា​។

លោក មាជ សុវណ្ណារ៉ា បាន​ថ្លែង​ពី​ម្សិលមិញ​ថា គំនិត​ផ្ដួចផ្ដើម​បង្កើត​បក្ស​ថ្មី​របស់លោក អ៊ូ ច័ន្ទរ័ត្ន គឺជា​សិទ្ធិ​របស់លោក​។ ប៉ុន្តែ​លោក​យល់​ថា សម្រាប់​អតីត​បក្សប្រឆាំង ពលរដ្ឋ​ខ្មែរ​មើល​ទៅលើ​ថ្នាក់ដឹកនាំ​ទាំង​ ២ ​គឺ​លោក​ កឹម សុខា និង​លោក សម រង្ស៊ី​។ អ្នក​ដែល​ចេញពី​អតីត​បក្ស​សង្គ្រោះជាតិ​ទៅ​បង្កើត​បក្ស​ថ្មី មិន​ទទួល​បាន​ការគាំទ្រ​ទេ​នៅពេល​ដែល​បញ្ហានយោបាយ​រវាង​គណបក្ស​កាន់អំណាច​ និង​គណបក្សប្រឆាំង​កំពុង​ជាប់គាំង​។ ​

«​បើ​អ្នក​ដែលជា​អតីត​តំណាងរាស្ត្រ ដូច អ៊ូ ច័ន្ទរ័ត្ន ដូច សុន ឆៃ គាត់​ទៅ​បើក យើង​មិន​ចាត់ទុក​ថា បរាជ័យ​ ឬ​ជោគជ័យ​ទេ តែបើ​យើង​ចង់​ជ្រោង​ដួងព្រលឹង​សង្គ្រោះ​ជាតិ វា​ទាល់តែ​មាន​ការយល់ព្រម​ពី​មេដឹកនាំ​ទាំង​ ២ ​ថា នេះហើយ​ជា​ឈាម​ថ្មី ជា​ក្រុម​ថ្មី​អ្នក​ជំនាន់​ថ្មី​បន្តវេន​របស់​មេដឹកនាំ​ទាំង​ ២​។ តែបើ​អត់​មាន​ការជំរុញ​ និង​យល់ព្រម​ពី​មេដឹកនាំ​ទាំង​ ២ គាត់ បើក​បាន តែ​ជោគជ័យ​ជាមួយ​ប្រជាពលរដ្ឋ វា​មិន​ងាយ​»​។

អ្នកវិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា យល់​ថា​លោក អ៊ូ ច័ន្ទរ័ត្ន ដែល​នឹង​ចេញមក​ធ្វើ​នយោបាយ​នេះ​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការគាំទ្រ​ទេ​។ លោក​ ច័ន្ទរ័ត្ន គ្មាន​កម្លាំង​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​ទេ​គឺ​ដូច​គណបក្ស​ចំនួន ១៩ ដែល​មិន​ទទួលបាន​កៅអី​សូម្បីតែ​ ១ ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​ ២០១៨​។ «​ដូច្នេះ​រូបភាព​ទាំងនេះ​បង្ហាញ​ទឡ្ហីករណ៍​គ្រប់គ្រាន់​សម្រាប់​អ្នកនយោបាយ​យក​ទៅ​គិតពិចារណា​ហើយ​។ ការចូលរួម​ដោយ​គ្មាន​សមាសភាព​ និង​ទម្ងន់​គ្រប់គ្រាន់ មិនមាន​ការចូលរួម​ពី​ពលរដ្ឋ​ទេ​»​។

គិត​ចាប់ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ មក​សមាជិក​បក្ស​មួយចំនួន​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​បង្កើត​គណបក្ស​ចំនួន​ ២ ​រួចហើយ រួមមាន គណបក្ស​ខ្មែរ​អភិរក្សនិយម និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។

លោក​ ឈឹម កាន​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្សនយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន ៤៧ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ក្នុងនោះ​មាន​ ២ ​គណបក្ស​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ​បង្កើត រួមមាន​គណបក្ស​ឯកភាព​ជាតិខ្មែរ និង​គណបក្ស​ប្រយោជន៍​ខ្មែរ​៕

វីដេអូ៖