ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិយ៉ាងតិច ៥ រូបត្រូវបានក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការចោទថា បានរំលោភសាលដីកាតុលាការកំពូលដែលហាមពួកគេមិនឲ្យធ្វើនយោបាយ ប៉ុន្តែពួកគេនៅតែធ្វើសកម្មភាពនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃពីម្សិលមិញ។
ការដាក់ពាក្យបណ្តឹងនេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនផ្សេងទៀតបានបង្កើតចលនាសង្គ្រោះជាតិ និងបន្តទាមទារឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា ទាមទារឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត និងទាមទារឲ្យការបោះឆ្នោតក្នុងឆ្នាំនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ពីម្សិលមិញថា ក្រសួងបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញកាលពីសប្តាហ៍មុនដើម្បីប្តឹងអតីតមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិ ៥ រូបពីបទរំលោភសាលដីកាតុលាការកំពូលដែលហាមពួកគេមិនឲ្យធ្វើនយោបាយ តែលោកមិនបានបញ្ជាក់លម្អិតពីឈ្មោះអ្នកទាំងនោះទេ ដោយគ្រាន់តែថា ការដាក់បណ្តឹងនេះធ្វើឡើង បន្ទាប់ពីមន្ត្រីទាំង ៥ រូបនោះបន្តមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងធ្វើសកម្មភាពខុសច្បាប់ផ្សេងទៀត។
លោកនាយឧត្តមសេនីយ៍ ខៀ សុភ័គ បានបញ្ជាក់ថា៖ «បានដាក់កាលពីសប្តាហ៍មុន។ យើងប្តឹងបុគ្គលដែលបានធ្វើសកម្មភាពខុសនឹងសាលដីការបស់តុលាការកំពូលដែលហាមឃាត់មិនឲ្យធ្វើនយោបាយ ហើយបុគ្គលទាំងនោះគឺជាបុគ្គលដែលលេចធ្លោជាងគេ ធ្វើសកម្មភាពសកម្មជាងគេ ហើយធ្វើសកម្មភាពដែលធ្ងន់ធ្ងរជាងគេ»។
លោកបានបន្ថែមថា៖ «គាត់នៅតែក្រាញននៀលបង្កើតនូវអ្វីដែលហៅថាមហិច្ឆតាលោភលន់ ប្រើប្រាស់នូវការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ តែងតែចិញ្ចឹមមហិច្ឆតាចង់ធ្វើជានាយករដ្ឋមន្ត្រី...យើងរង់ចាំនីតិវិធីតុលាការចាត់វិធានការ»។
ក្រៅពីនោះលោក ខៀវ សុភ័គ បានបញ្ជាក់ដែរថា ក្រសួងក៏នៅតែតាមឃ្លាំមើលពីសកម្មភាពអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលដែលធ្លាប់ពាក់ព័ន្ធជាមួយគណបក្សប្រឆាំងផងដែរដោយលោកថានឹងចាត់វិធានការភ្លាម ប្រសិនបើស្ថាប័នទាំងនោះមិនអនុវត្តតាមច្បាប់អង្គការសង្គមស៊ីវិល។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំចាត់ទុកថា មិនមែនជាការភ័យខ្លាចទេ។ វាសំណាងល្អរបស់កម្ពុជាដែលយើងបានរកឃើញ។ បុព្វការីជនយើង ឬទេវតាថែរក្សាប្រាសាទអង្គរវត្តលោកបានប្រាប់មកយើងឲ្យឃើញសកម្មភាពពិសពុលរបស់គណបក្សប្រឆាំង។
ប្រសិនបើយើងរកមិនឃើញរឿងនេះទេ ប្រហែលជាស្រុកយើងត្រូវរត់ និងលូនតទៅទៀតហើយ។ យើងរកឃើញដោយចៃដន្យ ដោយសារបុគ្គល កឹម សុខា សារភាពដោយខ្លួនវា។ គឺតាម កឹម សុខា ខ្លួនឯង វានិយាយប្រហែលជាស្រុកទេសយើងវឹកវរទៀត រត់លូន មិនបានជួបជុំគ្រួសារ»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងភ្នំពេញលោក លី សុផាណា មិនបានឆ្លើយតបសំណួរទាក់ទងនឹងបណ្ដឹងនេះទេកាលពីម្សិលមិញ ដោយលោកបានបង្វែរសំណួរឲ្យទៅសួរក្រសួងមហាផ្ទៃវិញ។
ចំណែកលោកមេធាវី ជូង ជូងី ដែលធ្លាប់តែការពារក្ដីឲ្យមន្ត្រីគណបក្សប្រឆាំងបានថ្លែងកាលពីម្សិលមិញថា លោកមិនចាប់អារម្មណ៍ទៅលើបណ្តឹងនេះទេ ខណៈមិនបានបញ្ជាក់ច្បាស់ពីអត្តសញ្ញាណរបស់ចុងចោទដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីឲ្យសមត្ថកិច្ចស៊ើបអង្កេត។
លោកបានបន្តថា៖ «ពាក្យបណ្តឹងពេលនិយាយពីរឿងផ្លូវច្បាប់គេត្រូវបង្ហាញអត្តសញ្ញាណដែលអ្នកត្រូវបានគេប្តឹងបើមិនបង្ហាញពីអត្តសញ្ញាណអ្នកដែលត្រូវបានគេប្តឹងតើតុលាការត្រូវចាប់ស៊ើបអង្កេតពីណាទៅ»។
យ៉ាងណាក្ដីលោក ឡុង បុត្តា អតីតអ្នកតំណាងរាស្ត្រសង្គ្រោះជាតិបានសន្និដ្ឋានពីម្សិលមិញថា ក្នុងចំណោម ៥ នាក់នោះអាចមានកូនស្រីលោក កឹម សុខា និងអាចរូបលោកហើយថាមិនអាចទុកឲ្យលោក ហ៊ុន សែន និងតុលាការអាយ៉ងធ្វើអ្វីស្រេចចិត្តទេ។
លោកបានបន្តថា អ្នកទាំងនោះមានប្រឡាក់ឈាមទាំងលោក ជា វិជ្ជា ទាំងលោក ឈុត វុទ្ធី និងលោក កែម ឡី ផងដែរហើយបានចោទតុលាការថា គឺជាអាយ៉ងលោក ហ៊ុន សែន។
លោកថា៖ «របបនេះរាប់ឆ្នាំមិនដែលរកឃើញទេ ប៉ុន្តែបើចាប់ពួកប្រឆាំងវិញបានភ្លាម។ ក្មួយឯងគិតថា តើយើងបណ្តោយឲ្យគាត់ធ្វើតទៅទៀតឬយ៉ាងណា?...យើងមិនអាចទុកបានទេ យើងត្រូវតែកម្រើក»។
នៅខែវិច្ឆិកាឆ្នាំមុន តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងបានហាមមន្ត្រីគណបក្សនេះ ១១៨ រូបមិនឲ្យធ្វើនយោបាយ ៥ ឆ្នាំ។
ទោះយ៉ាងណាលោកស្រី មូរសុខហួរ អតីតតំណាងរាស្ត្រគណបក្សប្រឆាំងបានច្រានចោលពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ខណៈបច្ចុប្បន្នលោកស្រីកំពុងនៅក្រៅប្រទេស។
លោកស្រីបានថ្លែងថា៖ «វាបានបង្ហាញថា ពួកគេត្រូវបានលងបន្លាចសូម្បីតែស្រមោលរបស់ពួកយើង។ ពួកគេអាចដាក់ពាក្យបណ្តឹងណាមួយដែលពួកគេចង់ទៅតុលាការដែលគ្មានការទុកចិត្តពីប្រជាពលរដ្ឋ»។
ដោយចង់សំដៅទៅលើសំឡេងឆ្នោតដែលគណបក្សង្គ្រោះជាតិទទួលបាន ៤៤ ភាគរយកាលពីការបោះឆ្នោតឆ្នាំ ២០១៣ និងជាថ្មីម្តងទៀតកាលពីបោះឆ្នោតឃុំសង្កាត់នៅឆ្នាំមុន លោកស្រីបានបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់តុលាការកំពូលមិនអាចកំណត់ពីឆន្ទៈពលរដ្ឋពាក់កណ្តាលប្រទេសដែលចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានបានទេ»៕