ភ្នំពេញៈ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៤ ​រូប​សង្ស័យ​ថា​ការសម្រេច​បណ្តេញ​ពួកគេ​ចេញ​ពី​បក្ស គឺ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការយល់ព្រម​ពី​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​មុខ​របួស​នៅ​ទីក្រុង​បាងកក​នោះ​ទេ ពីព្រោះ​ពួកគេ​មិន​ដែល​ឃើញ​សេចក្តី​សម្រេច​ច្បាប់​ដើម​ពី​ប្រធាន​គណបក្ស​ឡើយ​។

នៅក្នុង​ការបោះឆ្នោត​ជាតិ​នីតិកាល​ទី ៦ កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ក៏ដូចជា​ការបោះឆ្នោត​ជាតិ​នីតិកាល​ទី ៥ កាលពី​ឆ្នាំ​ ២០១៣ ផង​ដែរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពុំ​ទទួល​បាន​អាសនៈ​សូម្បី​តែ​មួយ​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​ ១២៥ ​នោះ​ទេ បន្ទាប់ពី​គណបក្ស​នេះ​បាន​បាក់បែក​ផ្ទៃក្នុង​ជាច្រើន​លើក​ច្រើនសា រួមទាំង​លើក​នេះ​ទៀត​ផង​ដែរ​។

អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ៤ ​រូប​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​សណ្ឋាគារ​សាន់វេ​កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ​សីហា​ម្សិលមិញ​ដោយ​ពួកគេ​បាន​បង្ហាញ​ការសង្ស័យ​ថា​រាល់​សេចក្ដី​សម្រេច​ទាំងអស់​ដែល​ទាក់ទង​នឹង​ពួកគេ​គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពុំ​បាន​ដឹង​នោះ​ទេ​។

តាមរយៈ​លិខិត​ចំហ​ដែល​មន្ដ្រី​ទាំង ៤ រូប​បាន​ផ្សព្វផ្សាយ​ម្សិលមិញ​លើក​ឡើង​ថា​៖ «​យើង​មាន​ការ​សង្ស័យ​ថា រាល់​សេចក្ដី​សម្រេច​ទាំងអស់ មិន​ត្រូវ​បាន​ឡាយ​ព្រះហស្តលេខា​ផ្ទាល់​ដោយ​សម្ដេច​ក្រុមព្រះ​នោះ​ទេ​គឺជា​ព្រះហស្តលេខា​ថតចម្លង​ ឬ​ស្កេន​ទាំងអស់ ព្រោះ​យើង​ខ្ញុំ​មិន​ដែល​បាន​ឃើញ​ ឬ​ទទួល​សេចក្ដី​សម្រេច​ច្បាប់​ដើម លើកលែង​តែ​សេចក្ដី​សម្រេច​លេខ​ ០៦,០៧,០៨,០៩ សហប ចុះ​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ​ ២០១៨ ​បញ្ចប់​សមាជិកភាព​យើង​ខ្ញុំ​ទាំង​ ៤ ​នាក់​ពី​គណបក្ស​ចុះហត្ថលេខា​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ​ប្រធាន​ស្ដីទី​គណបក្ស​»​។

លោក ញ៉េប ប៊ុនជិន អតីត​អ្នក​នាំពាក្យ​គណបក្ស​ហ៊្វិនស៊ិនប៉ិច​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ឃើញ​សេចក្ដី​សម្រេច​ដក​ហ្នឹង​ហើយ​ឃើញ​មាន​យោង​លើ​វិន័យ​ផ្ទៃក្នុង​អីហ្នឹង ខ្ញុំ​មិន​ដែល​ឃើញ​ទេ ព្រោះ​ខ្ញុំ​អ្នក​សរសេរ​លក្ខន្ដិកៈ​ហ្នឹង​។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា លក្ខន្ដិកៈ​មិនមែន​មក​ឲ្យ​ប្រធានស្ដីទី​មក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ដ​ទេ​»​។

លោក​ថា​៖ «​ខ្ញុំ​មិន​ថា​អី​ទេ​ចំពោះ​ការដក​នេះ​ ប៉ុន្ដែ​ការគិត​នេះ​បន្ទាន់​ពេក បើ​ទុក ១ ​ខែ​អី​ទៀត​ចាំ​ដក​ក៏​មិន​យឺត​ពេល​ដែរ​យ៉ាង​ហោច​ណាស់​ទុក​ឲ្យ​មាន​ការ​ចូលរួម ហើយ​គិត​ពី​ការដក​ហ្នឹង​មាន​ផលប៉ះពាល់​ដែរ​ទេ​?»​។

លោក ណុប សុធារិទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឲ្យ​ដឹងថា ការបញ្ចប់​សមាជិកភាព​ទាំង​ស្រុង​ពី​បក្ស​នេះ​គឺជា​ការសម្រេច​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្ដីទី​។

លោក​ថា​៖ «​ខ្ញុំ​គ្រាន់តែ​អាច​ឆ្លើយ​ថា​ការដក​នេះ​គឺ​ធ្វើ​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​បក្ស និង​ជា​ការ​សម្រេច​ព្រះទ័យ​របស់​ព្រះ​ប្រធានស្ដីទី​»​។

អតីត​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ទាំង​ ៤ ​រូប​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស រួម​មាន លោក យូ ហុកគ្រី អតីត​អនុប្រធាន​គណបក្ស​លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស​លោក ប៉ោ ប៊ុនស្រ៊ឺ អតីត​អនុប្រធាន​គណបក្ស និង​លោក វ៉ាន់ សុផាន់ណា អតីត​អគ្គលេខាធិការរង​គណបក្ស​។

បើ​តាម​អតីត​មន្ដ្រី​ទាំង​ ៤ ​រូប​តាំងពី​មាន​រឿង​នៅក្នុង​បក្ស ពួកលោក​បាន​ព្យាយាម​រក​មធ្យោបាយ​ទាក់ទង ដើម្បី​បាន​ចូល​ជួប​សម្ដេច​ក្រុមព្រះ​នៅ​មន្ទីរពេទ្យ​នៅ​ក្រុង​បាងកក​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ពី​ព្រះញាតិវង្ស​របស់​សម្ដេច​ក្រុមព្រះ​។

គួរ​រំឭក​ថា​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ថ្មីៗ​នេះ​បាន​សម្រេច​តែងតាំង​ព្រះរាជបុត្រ​ច្បង​របស់​ព្រះអង្គ​គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ឲ្យ​ធ្វើ​ជា​​ប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ព្រះរាជបុត្រា សម្តេចក្រុមព្រះ និង​ម្ចាស់​ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ដែល​គិត​មក​ដល់​ឆ្នាំ ២០១៨ នេះ​ព្រះអង្គ​មាន​ព្រះជន្ម​ ៤៨ ​ព្រះវស្សា​។

ការតែងតាំង​ព្រះរាជបុត្រា​ច្បង​នេះ​គឺ​កើតឡើង​ ខណៈ​ដែល​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​កំពុង​គង់​ព្យាបាល​មុខ​របួស​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក បន្ទាប់ពី​ព្រះអង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​ ១៧ ខែ​មិថុនា ឆ្នាំ​ ២០១៨ នៅ​ខេត្ត​ព្រះសីហនុ​ដោយ​បាន​បណ្ដាល​ឲ្យ​អ្នកម្នាង អ៊ុក ផល្លា ទទួល​មរណភាព​៕