ភ្នំពេញៈ អតីតមេដឹកនាំ អតីតគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើពហិការការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានគេអនុញ្ញាតឲ្យដំណើរការឡើងវិញនៅមុនការបោះឆ្នោតដែលនឹងចូលមកដល់ក្នុងខែកក្កដាខាងមុខទេនោះ។
ការអំពាវនាវនេះបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយ ហើយមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨ រូបផ្សេងទៀតត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំហើយលោក កឹម សុខា អតីតប្រធានគណបក្សនេះត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ កាលពីខែកញ្ញាដោយរងការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
លោក សម រង្ស៊ី និងអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានបង្កើតចលនាសង្គ្រោះជាតិកាលពីខែមករាដើម្បីអំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា និងឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោត។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា អតីតគណបក្សសង្គ្រោះជាតិគឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា។
តាមរយៈអ៊ីមែលលោក សម រង្ស៊ី បានអះអាងថាការសម្រេចចិត្តអំពាវនាវឲ្យធ្វើពហិការនេះត្រូវបានសម្រេចដោយសមាជិកចលនាសង្គ្រោះជាតិ និងអតីតគណបក្សសង្គ្រោះជាតិហើយមិនត្រឹមតែអំពាវនាវដល់អ្នកបោះឆ្នោតឲ្យនៅឆ្ងាយពីការិយាល័យបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងអំពាវនាវដល់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតកុំឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតផងដែរ។
សមាជិករបស់អតីតគណបក្សសង្គ្រោះជាតិដែលជាអតីតសមាជិកគណបក្សសិទិ្ធមនុស្សរបស់លោក កឹម សុខា ហាក់មិនមានសំឡេងខ្លាំងក្នុងការគាំទ្រដល់ចលនាសង្គ្រោះជាតិទេ ដែលភាគច្រើននៃអ្នកគាំទ្រចលនានេះគឺជាអតីតមន្ត្រីគណបក្សសមរង្ស៊ី។
លោក សម រង្ស៊ី ថ្លែងថា៖ «ពេលនេះយើងត្រូវតែបញ្ជាក់រឿងនេះឲ្យបានច្បាស់លាស់។ វាអាចជាគ្រោះថ្នាក់មួយសម្រាប់ប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ បើគេចូលរួមការបោះឆ្នោតដែលគ្មានន័យនេះដែលគេមានចេតនាគ្រាន់តែធ្វើឱ្យមានភាពស្របច្បាប់ និងឲ្យរបបផ្តាច់ការនៅបន្តកាន់អំណាចទៀតប៉ុណ្ណោះ»។
លោកបន្ថែមថាគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតដែលបក្សប្រឆាំងធ្វើពហិការនៅខែកក្កដាគឺវានឹងកាន់តែបញ្ជាក់បន្ថែមទៀតអំពីភាពមិនស្របច្បាប់របស់ពួកគេ និងបង្កើនហានិភ័យអស្ថិរភាពសម្រាប់រដ្ឋបាលបក្សកាន់អំណាច។
ការអំពាវនាវរបស់លោក សម រង្ស៊ី នេះធ្វើឡើងខណៈដែលពេលវេលាកំណត់ សម្រាប់ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនត្រូវធ្វើនៅថ្ងៃទី ១៤ ខែឧសភាដែលកាន់តែខិតជិតចូលមកដល់ហើយលោក សម រង្ស៊ី ចង់ឲ្យមានការពន្យារពេលដំណើរការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «វាជាការប្រសើរដែលផ្អាកការបោះឆ្នោតក្លែងក្លាយដែលត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ខាងមុខគឺប្រសើរជាងបន្តធ្វើ ប៉ុន្តែគ្មានន័យ និងមិនអាចទទួលយកបានជាមួយនឹងផលវិបាក ដែលមិនអាចទាយទុកមុន»។
លោកបានបន្ថែមថាប្រសិនបើអតីតគណបក្សសង្គ្រោះជាតិមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតវិញទេ នោះចលនាសង្គ្រោះជាតិនឹងអំពាវនាវឲ្យធ្វើការតវ៉ាអហិង្សា ហើយនឹងអំពាវនាវឲ្យកម្មករធ្វើកូដកម្ម និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឈរនៅខាងប្រជាជនជំនួសឱ្យនៅខាងរដ្ឋាភិបាល។
ការបោះឆ្នោតឆ្នាំ ២០១៣ អតីតគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតជាង ៣ លានសំឡេងស្មើនឹង ៤៤ ភាគរយនៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយវាបានបង្ហាញអំពីចំនួនប្រហាក់ប្រហែលគ្នានៅក្នុងការបោះឆ្នោត ឃុំ សង្កាត់ កាលពីឆ្នាំមុនដែលគណបក្សនេះឈ្នះបានតំណែងមេឃុំ ចៅសង្កាត់រហូតដល់ចំនួន ៤៨៩ ឃុំ សង្កាត់។
ទន្ទឹមនឹងនេះដែរអតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ បានគាំទ្រការអំពាវនាវរបស់លោក សម រង្ស៊ី នេះដោយលោកស្រីបានលើកឡើងថា វាគឺជា «សុបិនអាក្រក់បំផុត» របស់គណបក្សប្រជាជនកម្ពុជាដែលការអំពាវនាវនេះនឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតធ្លាក់ចុះ។
ចំណែកឯលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថាលោកនឹងវាយតម្លៃស្ថានការណ៍នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុននឹងធ្វើអត្ថាធិប្បាយលើការអំពាវនាវឲ្យធ្វើពហិការនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថាលោក សម រង្ស៊ី មិនមានសំឡេងខ្លាំងជាមួយអ្នកបោះឆ្នោតកម្ពុជាទៀតទេ ហើយគ្មាននរណាម្នាក់នឹងគាំទ្រការប៉ុនប៉ងឲ្យធ្វើពហិការរបស់គាត់ទេ ដោយលោកបានបន្ថែមថា ផ្ទុយទៅវិញវាអាចនឹងបង្កើតឱ្យមានកំហឹងចំពោះអតីតមេដឹកនាំដែលនិរទេសខ្លួននេះទៅវិញទេ។
លោកបញ្ជាក់ថា៖ «ពួកគេកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំ និងកំពុងបន្តឆ្ពោះទៅមុខជាមួយនឹងការបោះឆ្នោត។ ដូច្នេះហើយហេតុអ្វីបានជាពួកគេត្រូវធ្វើតាមការអំពាវនាវរបស់គាត់?»។
ប៉ុន្តែអ្នកអត្ថាធិប្បាយនយោបាយលោក ឡៅ ម៉ុងហៃ បានលើកឡើងថា លោកបានធ្វើដំណើរពាសពេញប្រទេសហើយមានមនុស្សដែលមានអារម្មណ៍ថា សន្លឹកឆ្នោតរបស់ពួកគេគឺគ្មានតម្លៃ។
លោកថ្លែងថា៖ «ដូច្នេះប្រសិនបើសាររបស់លោក សម រង្ស៊ី អាចជ្រាបទៅដល់អ្នកបោះឆ្នោត ខ្ញុំគិតថាអ្នកបោះឆ្នោតជាច្រើននឹងឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវរបស់គាត់»៕ NS