ឧត្តរមានជ័យៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​នឹង​បញ្ជូន​អតីត​ចៅអធិការ​វត្ត​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ១៩ ខែ​សីហា​នេះ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែ​សីហា​នៅ​វត្ត​គិរីដីថ្មី ពាក់ព័ន្ធ​នឹង​ការ​វ៉ៃ​សម្លាប់​អ្នក​រត់ម៉ូតូឌុប​ម្នាក់​រឿង​ដែល​អតីត​សង្ឃ​អង្គ​នេះ​ចាញ់​ល្បែង​ជំពាក់​ប្រាក់​គេ និង​មាន​ស្រី​ស្នេហ៍​ជាច្រើន​នាក់​។

លោក​ ឡឹក សុខា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ឲ្យ​ដឹងថា សមត្ថកិច្ច​បញ្ជូន​តែ​ម្នាក់​ទៅ​តុលាការ​ទេ​។ ចំណែក​បុរស​ជា​ប្អូន​មិន​ជាប់​ពាក់ព័ន្ធ​ទេ ហើយ​សមត្ថកិច្ច​បាន​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ហើយ​។ «​មុនដំបូង​យើង​ឃាត់​ ២ ​នាក់​បងប្អូន ប៉ុន្តែ​ក្រោយ​ពី​សាកសួរ​រក​ការពិត​គឺ​បុរស​ជា​ប្អូន​មិន​ពាក់ព័ន្ធ​ទេ​»​។

លោក យិន ណារ៉េត ប្រធាន​ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​អតីត​ចៅអធិការ​វត្ត​នោះ​ឈ្មោះ ឆាយ ឡុង អាយុ ២៧ ​ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ ផាត់ ហាត់ ភេទ ប្រុស អាយុ ៦២ ​ឆ្នាំ​ជា​អ្នករត់ម៉ូតូឌុប​រស់នៅ​ភូមិ​ដីថ្មី ស្រុក​អន្លង់វែង​។ ជនសង្ស័យ​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ឧត្តរមានជ័យ​នៅ​ថ្ងៃ​នេះ​។ «​យើង​ចាប់​ និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ពេលនេះ​ព្រោះ​យើង​ផ្អែក​លើ​ភ័ស្តុតាង និង​សាក្សី​ដែល​បង្ហាញ​ពី​ការប្រព្រឹត្ត​របស់​ជនសង្ស័យ​»​។

លោក ណារ៉េត រំឭក​ប្រាប់​តាម​សម្តី​ជនសង្ស័យ​ថា​រវាង​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​មនុស្ស​ស្គាល់​គ្នា​ស្និទ្ធស្នាល ព្រោះ​ជនសង្ស័យ​ឧស្សាហ៍​ប្រើ​ជនរងគ្រោះ​ឲ្យ​ឌុប​ទៅ​សូត្រមន្ត ឬ​ប្រើ​ឲ្យ​ជួយ​ធ្វើ​ការងារ​ផ្សេងៗ​។ ប៉ុន្តែ​ថ្វីដ្បិត​តែ​ជនសង្ស័យ​ជា​សង្ឃ​មែន តែ​ជន​ម្នាក់​នេះ​ជា​មនុស្ស​ញៀន​ល្បែង​ស៊ីសង​រហូត​ដល់​ចាញ់ល្បែង​អស់​លុយ​ពី​ខ្លួន ហើយ​ជំពាក់​លុយ​ជនរងគ្រោះ​ ៣២ ​លាន​រៀល​ទៀត​ផង​។ ក្រៅពី​នេះ​ជនសង្ស័យ​ក៏​មាន​ស្រី​ញី​ច្រើន​នាក់​ផងដែរ ដែល​ពេល​ខ្លះ​យក​មក​ដេក​នៅ​ចេតីយ៍​ក្នុង​វត្ត​ និង​នៅតាម​ព្រៃ​ដែល​កូន​នេន​ក្នុង​វត្ត​បាន​ប្រាប់​។

លោក​បន្ត​ថា​លុយ​ចំនួន ៣២ លាន​រៀល​នោះ​មិនមែន​ជា​របស់​ជនរងគ្រោះ​ទេ តែ​គាត់​បាន​ទៅ​ចងការ​គេ​យក​មក​ឲ្យ​ជនសង្ស័យ​ព្រោះ​ជនសង្ស័យ​បាន​និយាយ​ប្រាប់​ជនរងគ្រោះ​ថា គាត់​ជា​អ្នក​ធានា​ចេញ​ថ្លៃ​ការប្រាក់​ឲ្យ​ម្ចាស់​លុយ​។ ប៉ុន្តែ​ចាប់​តាំងពី​បាន​ខ្ចីលុយ​គេ​មក​គឺ​ជនសង្ស័យ​មិន​ដែល​ឲ្យ​ការប្រាក់​ទៅ​ជនរងគ្រោះ​ដើម្បី​យក​ទៅ​សង​គេ​ទេ ដែល​ធ្វើឲ្យ​ម្ចាស់​លុយ​ទារ​ពី​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​ទារ​ពី​ជនសង្ស័យ​ដែល​ហេតុ​ដូច្នេះ​ហើយ​ទើប​ជនសង្ស័យ​សម្លាប់​ជនរងគ្រោះ​បំបិទមាត់​។

លោក ណារ៉េត ប្រាប់​តាម​សម្តី​ប្រពន្ធ​ជនរងគ្រោះ​ថា​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ១៣ ​សីហា ឆ្នាំ​ ២០១៩ ខណៈ​ប្តី​របស់​អ្នកស្រី​កំពុង​នៅផ្ទះ​ស្រាប់​តែ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ប្តី​អ្នកស្រី​ឲ្យ​ទិញ​នំបុ័ង​ជាង​ ១០ ​ដើម​យក​ទៅ​ឲ្យ​គាត់​នៅ​វត្ត​។ បន្ទាប់​ចេញ​ពី​ផ្ទះ​បាន​ប្រហែល​ជា​កន្លះ​ម៉ោង ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​សួរ​ប្តី​ហើយ​ជនរងគ្រោះ​ប្រាប់​ថា កំពុង​នៅ​តាម​ផ្លូវ​ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ​។

លុះ​ដល់​ពេល​ល្ងាច​ថ្ងៃទី​ ១៣ សីហា ដដែល​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​ប្តី​តែ​ទាក់ទង​មិន​បាន​រហូត​បាត់​ដំណឹង​ហើយ​អ្នកស្រី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ដី​ថ្មី​។ សមត្ថកិច្ច​រួម​នឹង​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ដើររក​នៅ​តាម​កន្លែង​ណា​ដែល​ជនរងគ្រោះ​ធ្លាប់​ទៅ​តែ​រក​មិនឃើញ​។ លោក​ប្រាប់​ថា​៖ «​ករណីនេះ​យើង​ប្រើ​ពេល​ ៥ ​ថ្ងៃ​ និង​ប្រើ​មនុស្ស​ជិត​ ១០០ ​នាក់​ទាំង​ពលរដ្ឋ​ផង​ដោយ​យើង​ក៏​មាន​តម្រុយ​ខ្លះ​ពី​សាក្សី​»​។

លោក​ថា​បន្ទាប់មក​សមត្ថកិច្ច​បាន​និមន្ត​អតីត​ចៅអធិការ​វត្ត​រូបនេះ​មក​សាកសួរ​នៅ​ថ្ងៃទី ១៤ ,១៥ និង​ថ្ងៃទី ១៦ សីហា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដោយ​ជន​សង្ស័យ​ថា​នៅ​ថ្ងៃទី​ ១៣ សីហា នោះ​គាត់​បាន​ជិះ​ម៉ូតូ​ជាមួយ​ជនរងគ្រោះ ហើយ​គាត់​បាន​ឲ្យ​ជនរងគ្រោះ​ទម្លាក់​គាត់​នៅ​រង្វង់មូល​ទី​រួមស្រុក​អន្លង់វែង ព្រោះ​ឲ្យ​ប្អូនប្រុស​មក​ឌុប​ទៅ​វត្ត​វិញ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នោះ​ជនសង្ស័យ​មិន​សារភាព​ទេ​។ លោក​បន្ត​ថា​ដោយ​ជនសង្ស័យ​មិន​ព្រមឆ្លើយ​សារភាព​នោះ សមត្ថកិច្ច​ក៏​បាន​ហៅ​ប្អូនប្រុស​ម្នាក់​របស់​ជនសង្ស័យ​មក​សួរនាំ​ពី​រឿងរ៉ាវ​ដែល​ជន​សង្ស័យ​ថា​ឲ្យ​ប្អូន​ទៅ​ទទួល​ហើយ​ចម្លើយ​រវាង​ពួកគេ​គឺ​ឆ្លើយ​ខុសគ្នា ហើយ​ពេល​ឆ្លើយ​ទល់​មុខ​នឹង​ប្អូនប្រុស​នោះ ជនសង្ស័យ​បាន​ដាក់​ទឹកមុខ​ធ្វើឲ្យ​សមត្ថកិច្ច​ចាប់​តម្រុយ​បាន​។

ពេល​នោះ​ជនសង្ស័យ​សួរ​សមត្ថកិច្ច​ថា បើ​គាត់​ឆ្លើយ​ត្រង់​តើ​ប្អូនប្រុស​របស់​គាត់​មាន​ទោស​ដែរ​ទេ​។ លោក​ថា​៖ «​គាត់​ថា​ឲ្យ​ប្អូន​ទៅ​ឌុប​នៅ​ម៉ោង​ជាង​ ១ ​ថ្ងៃត្រង់ តែ​ប្អូន​គាត់​ថា​ទៅ​ឌុប​ជនសង្ស័យ​នៅ​ម៉ោងជាង ៨ ​យប់​នៅ​ផ្លូវ​ចេញ​ពី​ព្រៃ​កន្លែង​សម្លាប់​ជនរងគ្រោះ​។ នេះ​ជា​ចម្លើយ​ខុស​គ្នា​»​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ១៧ សីហា​។

ចំពោះ​វត្ថុតាង​មាន​ញញួ​ ១ ​ដែល​ជនសង្ស័យ​ដាក់​ក្នុង​ថង់យាម ហើយ​ឲ្យ​ជនរងគ្រោះ​ឌុប​ទៅ​កន្លែង​ស្ងាត់ និង​បាន​យក​ញញួ​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​ស្លាប់​។ បន្ទាប់​មក​ជននេះ​បាន​ច្រក​សព​ជនរងគ្រោះ​ក្នុង​ការុង​ហើយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​ដែល​ទីតាំង​សម្លាប់ និង​ទីតាំង​យក​សព​ទៅ​ចោល​មាន​ចម្ងាយ​ ៧ ​គីឡូម៉ែត្រ​។ ជនសង្ស័យ​បាន​ទុក​ម៉ូតូ​ជនរងគ្រោះ​ចោល​នៅ​មាត់​ផ្លូវ​ដឹក​សព​ចោល​នៅ​ចំណុច​ភូមិ​អូរចិញ្ចៀន​ឃុំ​អន្លង់វែង ដោយ​ម៉ូតូ​មាន​ប្រឡាក់​ឈាម​៕