ភ្នំពេញៈ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុសបង្កើតឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ និង ១០ ឆ្នាំពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែល ឡាយ វណ្ណៈ ចាត់ទុកជាស្រីកំណាន់ ចំណែកបក្ខពួក ២ នាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំ ពីបទលាក់បាំងតម្រុយ។
លោកចៅក្រម ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃម្សិលមិញ ក្រៅពីបានប្រកាសសាលក្រមផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ និងផ្តន្ទាទោសលោក ឡាយ ណារិទ្ធ ឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ជុំវិញករណីឃាតកម្មលើស្ដ្រីឈ្មោះ ចេវ សុវឌ្ឍនា ហើយនោះ ចៅក្រម ហម ម៉េងសែ ក៏បានផ្តន្ទាទោសបុរស ២ នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះឱ្យជាប់ពន្ធនាគារម្នាក់ៗ ២ ឆ្នាំផងដែរ។ បុរសដែលជាប់ពាក់ព័ន្ធនោះមានឈ្មោះ មេន សម៉ៃ អ្នកបើកបររថយន្ត និងឈ្មោះ ជុំ វុធ អ្នកយាមផ្ទះឱ្យលោក ឡាយ វណ្ណៈ។ បុរសទាំង ២ រូបជាប់ពាក់ព័ន្ធនឹងការលាក់បាំងតម្រុយ។
លោក ឡាយ វណ្ណៈ រួមទាំងបក្ខពួកចំនួន ៣ នាក់នោះបានសម្រេចផ្ដិតមេដៃប្ដឹងបន្តទៅសាលាឧទ្ធរណ៍ ភ្លាមៗបន្ទាប់ពីត្រូវបានសាលាដំបូងរាជធានី-ភ្នំពេញសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសចំពោះមុខលើពួកគេ។ នេះបើតាមការលើកឡើងរបស់លោក សន គីណាល់ មេធាវីការពារក្ដីឱ្យជនជាប់ចោទឈ្មោះ មេន សម៉ៃ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញ។
ទោះយ៉ាងណាលោកមេធាវី សន គីណាល់ មិនបានទៅចូលរួមការប្រកាសសាលក្រមកាលពីថ្ងៃម្សិលមិញនេះទេ ខណៈមេធាវីលោក នី ចាន់ឌី ការពារក្ដីឱ្យ ឡាយ វណ្ណៈ ក៏មិនបានចូលរួមដែរ។ ដូច្នេះលោកមេធាវីទាំង ២ ប្រាប់ថា មិនអាចបញ្ជាក់លម្អិតជុំវិញការប្រកាសសាលក្រមនេះឡើយ។
លោក ធុយ សុគន្ធ មេធាវីរបស់ជនជាប់ចោទ ជឹម វុធ បាននិយាយដែរថា លោកក៏ពុំបានទៅទាន់ការប្រកាសសាលក្រមនោះដែរដោយសារបញ្ហាកកស្ទះចរាចរណ៍។ ប៉ុន្តែលោកថាបានទៅទាន់នៅពេលចប់ការប្រកាសសាលក្រមភ្លាមៗ និងបានជួបពិភាក្សារយៈពេលខ្លីជាមួយកូនក្ដីរបស់លោកអំពីការប្រកាសសាលក្រមនេះ។
លោកថ្លែងថា៖ «ខ្ញុំទៅដល់ម៉ោង ១០ ជាងហើយ។ កូនក្ដីខ្ញុំគាត់ថា អយុត្តិធម៌ ហើយថាគាត់នឹងប្ដឹងទៅឧទ្ធរណ៍។ ខ្ញុំបានសួរគាត់តែប៉ុណ្ណឹងទេ ប៉ុន្តែខ្ញុំបានឃើញម្នាក់ទៀត (ឈ្មោះ មេន សម៉ៃ) ដែលជាប់ដូចកូនក្ដីខ្ញុំដែរ យំស្រែកនៅហ្នុង (នៅតុលាការ)»។
តាមមេធាវីគឺជនជាប់ចោទទាំង ៤ មិនត្រូវបានបង្គាប់ឱ្យបង់ប្រាក់ជារដ្ឋប្បវេណីឡើយដោយសារគ្មានពាក្យបណ្ដឹងពីសាច់ញាតិជនរងគ្រោះ។
អ្នកនាង ចែវ សុវឌ្ឍនា ដែលលោក ឡាយ វណ្ណៈ ទទួលស្គាល់ថាជាស្ដ្រីកំណាន់របស់ខ្លួនគឺដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវរកឃើញថាស្លាប់ដោយសារការចងកធ្វើអត្តឃាតកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ប៉ុន្តែក្រោយមកទៀតករណីអត្តឃាតនេះត្រូវបានក្រសួងមហាផ្ទៃចាត់ឱ្យនាយកដ្ឋានព្រហ្មទណ្ឌចុះស្រាវជ្រាវឡើងវិញដល់ខេត្តតាកែវ ហើយក៏បានរកឃើញថាគឺជាករណីឃាតកម្មទៅវិញ។
លោក ឡាយ វណ្ណៈ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៨ គឺមួយថ្ងៃបន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកតំណែងពីអភិបាលខេត្តតាកែវ។ ការចាប់ខ្លួនលោក ឡាយ វណ្ណៈ កាលនោះធ្វើឡើងបន្ទាប់ពីអ្នកធ្វើការឱ្យលោក ឡាយ វណ្ណៈ មួយចំនួនត្រូវបានហៅទៅសាកសួរករណីឃាតកម្មនេះ។
លោក ឡាយ វណ្ណៈ តែងឆ្លើយបដិសេធនៅតុលាការថាលោកមិនបានសម្លាប់អ្នកនាង ចេវ សុវឌ្ឍនា ឡើយ ប៉ុន្តែជាករណីអត្តឃាតកើតឡើងពីការគិតខ្លីប៉ុណ្ណោះ ដោយសារអ្នកនាងបានខឹងសម្បាចំពោះលោកដែលសុំផ្ដាច់ទំនាក់ទំនងស្នេហា។
ចំណែកជនឈ្មោះ ជឹម វុធ និង មេន សម៉ៃ ក៏ធ្លាប់បានលើកឡើងក្នុងតុលាការដោយបដិសេធវិញនូវចម្លើយសារភាពរបស់ពួកគេឆ្លើយនៅក្រសួងមហាផ្ទៃ ដែលថាលោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ សម្លាប់នាង ចេវ សុវឌ្ឍនា ហើយបានបញ្ជាឱ្យពួកគេសែងសពធ្វើជាចងកនៅចម្រឹងបង្អួចនោះគឺការឆ្លើយដោយសារបង្ខិតបង្ខំ។
កាលពីម្សិលមិញភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការអធិប្បាយពីលោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារទូរស័ព្ទមិនអាចទាក់ទងបាន៕