ភ្នំពេញៈ អតីតគណបក្សសង្គ្រោះជាតិចេញសេចក្ដីថ្លែងការណ៍ប្រាប់ឲ្យរដ្ឋាភិបាលបើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែអ្នក នាំពាក្យរដ្ឋាភិបាលថា មិនចាប់អារម្មណ៍លើសេចក្ដីថ្លែងការណ៍នោះទេ ។
គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយបានបង្ហាញការគាំទ្រជំហររបស់សហភាពអឺរ៉ុប ដូចដែលលោកស្រី Federica Mogherini អនុប្រធានសហភាពអឺរ៉ុបបានបញ្ជាក់សាជាថ្មី ។ ការបញ្ជាក់ជំហររបស់លោកស្រី Federica Mogherini ធ្វើឡើងនៅទីក្រុងបាងកក ប្រទេស ថៃ កាលពីដើមខែនេះ នៅពេលលោកស្រីបានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា៖ «ការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ព្រមទាំងការចាប់ និងការឃុំខ្លួនតាមទំនើងចិត្ត និងការតាមដានឃ្លាំមើលយ៉ាងតឹងរ៉ឹង ចំពោះគណនីក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមាននិន្នាការប្រឆាំងនឹងរបបក្រុងភ្នំពេញបាន និងកំពុងបង្កឲ្យមានបរិយាកាសកាន់តែភ័យខ្លាចក្នុងចំណោមយុវជននិងសង្គមស៊ីវិល» ។
សេចក្ដីថ្លែងការណ៍បន្តថា មានការរាយការណ៍អំពីអំពើហិង្សាដែលប្រព្រឹត្តដោយប៉ូលិស និងអាវុធហត្ថក្នុងដំណោះស្រាយជម្លោះដីធ្លី ហើយអាជ្ញាធរហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំគ្នាជាសាធារណៈតាមគ្រប់រូបភាព។ «នេះសបញ្ជាក់ឲ្យឃើញថា របបលោក ហ៊ុន សែន មិនបានបំពេញតាមលក្ខខណ្ឌនៃការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវដោយសហភាពអឺរ៉ុប ដើម្បីបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA»។
CNRP ក៏បានថ្កោលទោសព័ត៌មានដែលថាសមាជិកសភាអឺរ៉ុប ៦ នាក់ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅក្នុងការមិនផ្ដល់ទិដ្ឋាការ ដោយសារតែពួកគេប្រកាសអមដំណើរលោក សម រង្ស៊ី ត្រឡប់មកវិញ ទោះបីមន្ត្រីរដ្ឋាភិបាលធ្លាប់បានបដិសេធការដាក់ក្នុងបញ្ជីខ្មៅនេះ។
សេចក្តីថ្លែងការណ៍របស់ CNRP បានបញ្ចប់ដោយការសរសេរថា៖ «គណបក្សសង្គ្រោះជាតិ បញ្ជាក់ជាថ្មីម្ដងទៀតអំពីឆន្ទៈរបស់ខ្លួនក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ដោយរួបរួមគ្នាជុំវិញគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោកស្រី មូរ សុខហួរ បានថ្លែងពីម្សិមិញថា លិខិតដែលចេញផ្សាយនេះ ជាលិខិតពិតរបស់ CNRP។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា លោកមិនចាប់អារម្មណ៍លើសេចក្តីថ្លែងការណ៍នេះទេ។
លោកថ្លែងដូច្នេះថា៖ «យើងមិនចាប់អារម្មណ៍លើគណបក្សដែលត្រូវបានរំលាយ ហើយក្លាយជាក្រុមឧទ្ទាមទេ។ វាមិនមានតម្លៃអ្វីដែលយើងគួរមើលវា ហើយទៅចាប់អារម្មណ៍វាទេ។ គណបក្សនោះបានក្លាយជាបក្សខ្មោចទៅហើយ» ។
ពាក់ព័ន្ធទៅនឹងការដាក់ក្នុងបញ្ជីខ្មៅនៃសមាជិកសហភាពអឺរ៉ុប ៦ រូប អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានថ្លែងថា មានតែជនបរទេសដែលអាក្រក់ប៉ុណ្ណោះដែលត្រូវបានហាមមិនឲ្យចូលកម្ពុជា តាមរយៈការមិនចេញទិដ្ឋាការឲ្យពួកគេ ។
លោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា សេចក្ដីថ្លែងការណ៍របស់ CNRP ពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព មិនឆ្លុះបញ្ចាំងការពិតទាំងស្រុងទេ។ លោកថា វាជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលមិនគួរចាប់អាម្មណ៍លើសេចក្ដីថ្លែងការណ៍នេះ ពីព្រោះវាគ្រាន់តែជាសេចក្ដីថ្លែងការណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។
លោកនិយាយថា៖ «ពួកគេចង់ឃើញ EBA ត្រូវបានដកពីកម្ពុជា ដូច្នេះពួកគេខិតខំធ្វើគ្រប់យ៉ាង ដើម្បីធ្វើឲ្យកម្ពុជាបាត់បង់ EBA ហើយជាលទ្ធផលអ្វីដែលគេបានមកវិញ គឺកម្មករបាត់បង់ការងារ ហើយសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ។ បន្ទាប់មកពួកគេនឹងលើកឡើងថា អ្វីគ្រប់យ៉ាងគឺដោយសារតែការរឹតត្បិតរបស់រដ្ឋាភិបាលលើលម្ហនយោបាយ និងលម្ហរបស់សង្គមស៊ីវិល» ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា ការអំពាវនាវរបស់ CNRP ដែលមានន័យសមហេតុផលនោះ ស្ទើរតែគ្មានអ្វីទាល់តែសោះ «គឺត្រឹមតែជាសម្រែកមួយនៅក្នុងវាលរហោឋាន» ប៉ុណ្ណោះ ៕