សៀមរាបៈ ​អត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​ ៥ ឆ្នាំ​និង​ទារក​ដែល​ទើប​នឹង​កើត​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ប៉ុន្តែ​​បើ​ធៀប​ទៅ​នឹង​អត្រា​ស្លាប់​របស់​កុមារ​ដែល​មាន​វ័យ​ដូច​គ្នា​នេះ​ ​រួម​ទាំង​ទារក​ដែល​ទើប​នឹង​កើត​ នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​គឺ​ ​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​ជាង​គេ​ដដែល។​ ​នេះ​បើ​យោង​ប្រសាសន៍​របស់​លោក​ ​K​umanan ​Rasanathan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ​ប្រចាំ​នៅ​កម្ពុជា​។​

លោក Kumanan​​បាន​អះអាង​​នៅ​ក្នុង​ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​ក្នុង​សិក្ខា​សាលា​ប្រចាំ​ឆ្នាំ ​ដែល​មាន​រយៈ​ពេល​​ ២ ថ្ងៃ​ ​(១៨​-​១៩​ ខែ​ធ្នូ ​ឆ្នាំ​​ ២០១៨)​ ​ស្ដី​ពី​ ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ ​អំពី​សុខ​ភាព​របស់​កុមារ​ ​និង​វឌ្ឍ​ន​ភាព​នៃ​ការ​អនុ​វត្ត​ការ​ថែ​ទាំ​ជា​សារ​វន្ត​ ​ទារក​ទើប​នឹង​កើត​ នៅ​ប្រទេស​ កម្ពុជា​ ដែល​ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ក្រុង​​ខេត្ត​សៀម​រាប​។​ ​

លោក​ Kumanan​ បាន​គូស​បញ្ជាក់​ប្រាប់​ដល់​អង្គ​សិក្ខា​សាលា​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​អាត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ ​៥ ​ឆ្នាំ និ​ង​អត្រា​​ស្លាប់​របស់​ទារក​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​នោះ​អត្រា​ស្លាប់​របស់​កុមារ​ក្រោម​អាយុ​ ៥ ឆ្នាំ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២៩ នាក់​ ក្នុង​ចំណោម​ទារក​កើត​រស់​ក្រោម​អាយុ​ ៥ ឆ្នាំ​ ១០០០ ​នាក់​ ខណៈ​កាល​ពី​ឆ្នាំ​​២០១៦​ មាន​ចំនួន​រហូត​ដល់​ ៣១ ​នាក់។​ ចំណែក​អត្រា​ស្លាប់​របស់​ទារក​ ដែល​ទើប​នឹង​កើត​​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ១៥ ​នាក់​ ក្នុង​ចំណោម​ទារក​កើត​រស់​ ១០០០​ នាក់​ក្នុង​ឆ្នាំ​ ២០១៧។​

លោក​បាន​បន្ត​ថា ​តាម​រយៈ​របាយ​ការណ៍​នេះ​វិស័យ​សុខា​ភិបាល​នៃ​ប្រទេស​ កម្ពុជា​ ត្រូវ​បាន​គេ​ជឿ​ថា​ កំពុង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ​នូវ​ការ​គាំ​ពារ​​សុខុមាល​ភាព​របស់​មាតា​ ​និង​ ​ទារក​ ​រួម​ទាំង​កុមារ​ក្រោម​អាយុ​ ៥ ឆ្នាំ។

ទន្ទឹម​នឹង​នេះ គេ​ជឿ​ថា​ ​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​រក​ភាព​ជោគ​ជ័យ​ ស្រប​តាម​គោល​ដៅ​នៅ​ក្នុង​ផែន​ទី​ចង្អុល​ផ្លូវ​ ​សម្រាប់​ពន្លឿន​ការ​កាត់​បន្ថយ​អាត្រា​ស្លាប់​របស់​មាតា​និង​ទារក​ និង​ផែន​ការ​សកម្មភាព​រយៈ​ពេល​ ៥ ​ឆ្នាំ​សម្រាប់​ការ​​ថែ​ទាំ​ទារក​ ដែល​បាន​កំណត់​​អត្រា​​ស្លាប់​របស់​ទារក​ឲ្យ​ថយ​ចុះ​មក​ត្រឹម​ ១៤ ​នាក់​ក្នុង​ចំណោម​ទារក​កើត​រស់​ ១០០០ នាក់​ នៅ​ក្នុង​​ឆ្នាំ​ ២០២០៕