ភ្នំពេញ៖ ការបិទការធ្វើដំណើរឆ្លងកាត់ខេត្តក្នុងអំឡុងពេលចូលឆ្នាំថ្មី ដែលជាបទបញ្ជាក្នុងការទប់ស្កាត់ការរីករាលដាលនៃការចម្លងជំងឺកូវីដ ១៩ កាលពីសប្ដាហ៍មុន ក៏បានចូលរួមក្នុងការកាត់បន្ថយអត្រានៃការស្លាប់ និងរបួស ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក ថៃ វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីចុងសប្ដាហ៍មុនថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ មេសា គឺបានធ្វើឱ្យមនុស្សស្លាប់ចំនួន ២០ នាក់ និងរបួសចំនួន ១២០ នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពលរដ្ឋមានសេរីភាពក្នុងការធ្វើដំណើរដោយគ្មានការហាមឃាត់នោះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ ៥៩ នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៣៨ នាក់។
លោក វិសាល បានថ្លែងថា៖ «បើប្រៀបធៀបពីឆ្នាំនេះទៅឆ្នាំមុន គឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៥ លើក លើ ១៣៤ លើក គឺថយចុះ ៧៤ លើក ស្មើនឹង ៥៩%។ ស្លាប់មានចំនួន ២០ នាក់លើ ៥៩ នាក់ គឺថយចុះ ៣៩ នាក់ ស្មើនឹង ៦៦%។ ចំណែករបួស គឺមានចំនួន ១០២ នាក់លើ ២៣៨ នាក់ គឺថយចុះ ១៣៦ នាក់ ស្មើនឹង ៥៧%»។
លោក វិសាល បានឲ្យដឹងទៀតថា មូលហេតុធំៗចំនួន ៣ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរល្មើសល្បឿនកំណត់ចំនួន ២៥% ការបើកបរមិនប្រកាន់ស្ដាំចំនួន ២៤% និងការបើកបរមិនគោរពសិទ្ធិអាទិភាពចំនួន ១៨%។
ការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសាររដ្ឋាភិបាលបានប្រកាសផ្អាករៀបចំពិធីបុណ្យចូលឆ្នាំ និងបានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្ត ១ ទៅខេត្តមួយ ដើម្បីរារាំងពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានករណីឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅតាមសហគមន៍ ខណៈជំងឺនេះកំពុងរាតត្បាតខ្លាំងនៅក្នុងពិភពលោក។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរង និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងផងដែរថា មិនទាន់អាចបញ្ជាក់បន្ថែមជុំវិញគ្រោះថ្នាក់ចរាចរណ៍ទាំងនោះបានទេ។
លោក ចាន់ ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លួវគោកមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងផងដែរថា ការដាក់បទបញ្ជាមិនធ្វើដំណើរឆ្លងកាត់ពីខេត្តទៅខេត្ត ការដាក់កម្លាំងនគរបាលពង្រាយនៅតាមព្រំប្រទល់រវាងខេត្ត និងខេត្ត និងការបន្ថែមផាកពិន័យលើអ្នកបើកល្មើសច្បាប់ចរាចរណ៍ គឺបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះច្រើនក្នុងពិធីបុណ្យចូលឆ្នាំនេះ។
លោក រតនៈ បានឲ្យដឹងទៀតថា វិទ្យាស្ថាននៅតែបន្តអំពាវនាវឱ្យកងកម្លាំងពង្រឹងការអនុវត្តច្បាប់ ប្រសិនបើឃើញមានកងកម្លាំងនគរបាលត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅតាមដងផ្លូវ នាំឲ្យពលរដ្ឋគោរពច្បាប់បានល្អប្រសើរ។
លោក រតនៈ ថ្លែងថា៖ «(ខ្ញុំ) សំណូមពរទៅដល់សមត្ថកិច្ច ជាពិសេសអ្នករឹតបន្តឹងច្បាប់ហ្នឹង សូមបន្តឱ្យមានការអប់រំផ្សព្វផ្សាយ ដើម្បីរឹតបន្តឹងច្បាប់ឱ្យបានជាប់លាប់ ព្រោះការសិក្សាកន្លងមកបង្ហាញថា ពលរដ្ឋគោរពច្បាប់ គឺដោយសារឃើញសមត្ថកិច្ចឈរនៅចាំពង្រឹងនៅហ្នឹង ហើយប្រសិនបើគ្មានសមត្ថកិច្ចនៅចាំពង្រឹងនៅហ្នឹង គឺឥរិយាបថរបស់ពលរដ្ឋមិនចង់គោរពច្បាប់ ឬគាត់ព្យាយាមរំលោភច្បាប់ ឧទាហរណ៍ ដូចជាការគោរពភ្លើងស្ដុបជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋត្រូវបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារពលរដ្ឋអាចចាប់ផ្ដើមធ្វើដំណើរច្រើននៅតាមដងផ្លូវឡើងវិញ។ ថ្ងៃទី ១៥ អាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកបើកតាក់ស៊ី និងឡានដឹកទំនិញ ត្រូវប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕