កំពង់ចាម: លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម ត្រូវបានព្យួរតួនាទី ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ប្រើអំពើហិង្សា វ៉ៃប្រជាពលរដ្ឋម្នាក់រហូតដល់សន្លប់ ហើយលោកវរសេនីយ៍ត្រី ពេជ្រ គឹមស៊ា ដែលជាអធិការរងត្រូវបានតែងតាំងឲ្យធ្វើជាអធិការស្ដីទី ជំនួសរូបលោក។
តាមលិខិតបង្គាប់ការ របស់លោកឯម កុសលស្នងការខេត្តកំពង់ចាមចុះថ្ងៃទី ២២ មេសា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញសរសេរថា៖ «ត្រូវបង្គាប់លោកវរសេនីយ៍ត្រី ពេជ្រ គឹមស៊ា ឋានៈអធិការរង ទទួលដឹកនាំការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ឲ្យទទួលភារកិច្ចជាអធិការ (ស្ដីទី) នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ជំនួសលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ដែលកំពុងជាប់វិន័យនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម»។
លោក ឯម កុសល កាលពីម្សិលមិញបដិសេធធ្វើអធិប្បាយជុំវិញករណីនេះ ដោយលោកថ្លែងថា កំពុងជាប់ រវល់ប្រជុំ មិនអាចនិយាយបានទេ។
ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ បានបង្គាប់ទៅលោក ឯម កុសល ស្នងការឲ្យចាត់ការស៊ើបអង្កេតបទល្មើស ដែលពាក់ព័ន្ធនឹងលោក ឯក ប៉ាន់ដន យោងតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ «Bun Thern»។
គណនីហ្វេសប៊ុកនេះសរសេររៀបរាប់កាលពីថ្ងៃទី ១៨ មេសា ថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមសូមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង។ ឲ្យពួកខ្ញុំរស់នៅយ៉ាងណា បើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសម្តីជាមួយគ្នាបន្តិច គាត់មកផ្ទះវិញ ហើយមិនទាន់ដល់ផ្ទះផង ស្រាប់តែអធិការស្រុកកំពង់សៀម លោក ប៉ាន់ដន មកចាប់បងខ្ញុំវ៉ៃ ហើយបញ្ជូនមកស្រុក វ៉ៃចាក់ទឹកសន្លប់ ២ ដងហើមគ្រប់កន្លែង ឥឡូវដេកពេទ្យហើយនៅ 7D។ ហេតុអ្វីលោកអធិការស្រុកកំពង់សៀម ធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ?»។
មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះពីលោក ប៉ាន់ដន បានទេកាលពីម្សិលមិញដោយលោកបានចុចផ្ដាច់នៅពេលដែលភ្នំពេញប៉ុស្តិ៍ទូរស័ព្ទទៅលោក។ ប៉ុន្ដែលោកបានសរសេរលិខិតសារភាពមួយជូនទៅលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ១៨ មេសា ថា មុនពេលឈានដល់ការ ឃាត់ខ្លួនជនបង្កឈ្មោះ ហាក់ សៀងហាន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានលំនៅ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមនេះ កាលពីម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃ ទី ១៦ មេសា (អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ) ប្រជាការពារភូមិខែលជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ដែលពាក់ព័ន្ធករណីបង្កការអុកឡុក និងគំរាមកំហែងទៅលើអ្នកចាក់ធុងបាស់ឈ្មោះ សេង ណាត ភេទប្រុស អាយុ ២៦ ឆ្នាំ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
លោក សេង ណាត អ្នកចាក់ធុងបាស់រាំលេងកម្សាន្ដនៅក្នុងវត្តខែលជ័យបានរៀបរាប់ថា នៅយប់ថ្ងៃទី ១៦ មេសា (អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ) លោកជាអ្នកចាក់ធុងបាស់ឲ្យពលរដ្ឋរាំលេងកម្សាន្ដ លុះដល់ម៉ោង ១១ យប់ស្រាប់តែឈ្មោះ ហាក់ សៀងហាន បានមកកុម៉្មង់ឲ្យចាក់បទរាំក្បាច់ ឮដូចនេះលោកក៏បានចាក់តាមសំណូមពរ ប៉ុន្ដែពេលចាក់បទរាំក្បាច់ ក្រុមអ្នករាំធុងបាស់ទាំងអស់បានឈប់រាំ ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ។
លោកបន្តថា បន្ទាប់ពីសង្កេតឃើញថា គ្មានអ្នករាំបន្តទៀតលោកក៏បានបិទធុងបាស់ និងរើធុងបាស់រៀបចំត្រឡប់ទៅផ្ទះវិញប៉ុន្ដែភ្លាមៗនោះ លោក សៀងហាន បានមករករឿងលោក ហើយបានជេរប្រមាថ និងបបួលវ៉ៃគ្នាទៀតផង ដោយលោកមិនបានតបតអ្វីទេហើយបន្តរើធុងបាសទុកជាធម្មតា។
ក្រោយមកបុរសរូបនោះស្រែកថា «ហេតុអ្វីបានបិទបាស់ ខំជួលមកអស់ទាំងលុយ?» ហើយ«ខ្ញុំក៏តបវិញថា ឲ្យតែអស់មនុស្សរាំ ខ្ញុំបិទធុងបាស់ហើយ»។
លោក សេង ណាត បន្តថា បន្ទាប់ពីឮខ្លួនឆ្លើយតបដូច្នេះ បុរសរូបនោះ បានស្ទុះមកវាយលោកពីក្រោយខ្នងតែត្រូវប្រជាការពារជួយចាប់ទាន់ពេលហើយលោកក៏បានរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដែលនៅក្បែរនោះ។ ក្រោយមកសមត្ថកិច្ចបានមកសួរនាំ និងបញ្ជូនខ្លួនលោកសៀងហានទៅសាកសួរបន្តនៅប៉ុស្ដិ៍នគរបាល ប៉ុន្ដែបុរសរូបនោះមិនព្រមសហការ ដោយរើបម្រះគេចវេះមិនទៅប៉ុស្ដិ៍ប៉ូលិសទេ។
ក្នុងលិខិតដាក់ទៅព្រះរាជអាជ្ញា លោក ប៉ាន់ដន អះអាងថា ក្រោយពីជនសង្ស័យរូបនេះ មិនព្រមសហការជាមួយសមត្ថកិច្ច លោកបានបញ្ជាកម្លាំងបន្ថែមដើម្បីឃាត់ចាប់ខ្លួនជនសង្ស័យរូបនេះ។
បន្ទាប់ពីបាននាំជនសង្ស័យខាងលើមកធ្វើការសួរនាំ និងត្រួតពិនិត្យជាតិអាល់កុល ដោយលទ្ធផលបានរកឃើញមានជាតិអាល់កុលរហូតដល់ ១,៣៣ ក្នុង ១ លីត្រខ្យល់។
លុះដល់ថ្ងៃទី ១៧ ខែ មេសា មានការអង្វរកររបស់សាច់ញាតិ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានជួយសម្រប សម្រួលបញ្ចប់នៅត្រឹមអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។
លោកបន្តថា ដោយមានការអង្វរករបែបនេះ លោកបានសុំគោលការណ៍ពីសាលាដំបូងខេត្តកំពង់ចាម ធ្វើការអប់រំជនសង្ស័យ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ លុះព្រឹកឡើង ស្រាប់តែម្ចាស់ហ្វេសប៊ុកឈ្មោះ Bun Thern បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួលបង្កាច់មកលើរូបលោកតែម្ដង។
លោកបញ្ជាក់ថា៖ «ពាក្យសម្តីខាងលើនេះ គឺមិនពិតដែលជាចេតនាមួយចង់ឲ្យសាធារណជនពុំមានការ ជឿទុកចិត្តលើសមត្ថកិច្ច។ ម្យ៉ាងម្ចាស់ហ្វេសប៊ុកឈ្មោះ Bun Thern ក៏ធ្លាប់បានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៨ ហើយត្រូវបានតុលាការកាត់ទោសឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយមានលិខិតដោះលែងពីពន្ធនាគារទៀតផង»។
តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល កាលបើអំពើហិង្សានេះ បានកើឡើង ទី១- ដោយមានការគិតទុកជាមុន ទី២- ដោយមានអាវុធ ឬគំរាម កំហែងនឹងអាវុធ និងទី៣- ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នកសមគំនិត៕