ភ្នំពេញៈ អនុក្រឹត្យ​លេខ​ ១២៩ ស្តីពី​ការទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ-ចូល​បាន​ដំឡើង​នូវ​ការផាកពិន័យ​ទៅលើ​អ្នក​គេចវេះ​ និង​អ្នកផ្តើមគំនិត​ឱ្យ​គេចវេះ​ចន្លោះ​ពី​ ១ ​លាន ​ទៅដល់​ ៥០ ​លាន​រៀល ខណៈ​អនុក្រឹត្យ​ថ្មី​មួយទៀត​បាន​សម្រេច​ផាកពិន័យ​ពី​ ១ ​លាន​ទៅ​ ៥ ​លាន​រៀល​ ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក​។

យោងតាម​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល​មាត្រា​ ៨ ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​បាន​ចែងថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​ដែល​គេចវេះ​មិន​ឱ្យ​មន្ត្រី​ចត្តាឡីស័ក​ធ្វើការ​ត្រួតពិនិត្យ​ ឬ​មិន​សហការ​ជាមួយ​នឹង​មន្ត្រី​ចត្តាឡីស័ក​ក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ ដែល​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​ ១២៩ ចុះ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៥ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១ ​លាន​ដល់​ ៥ ​លាន​រៀល និង​តម្រូវ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​។

មាត្រា​ ៨ ​ថ្មី​នេះ​បាន​លើកឡើង​ទៀតថា​ «​ជន​ណា​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​អ្នកដំណើរ​ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត​វិធានការ​ចត្តាឡីស័ក​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ដល់​ ៥០ ​លាន​រៀល​»​។

មាត្រា​ថ្មី​ដដែល​នេះ​បញ្ជាក់ថា ការពិន័យ​អន្តរការណ៍​ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល​។ ក្នុង​ករណី​ជនល្មើស​មិន​ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទទួល​បាន​សេចក្តី​សម្រេច ស្តីពី​ការពិន័យ​អន្តរការណ៍ មន្ត្រី​ក្រសួង​សុខាភិបាល ដែលមាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជាធរមាន​។ មាត្រា​ ៨ ​ថ្មី​នេះ​បន្ថែមថា​ «​ការទទួល​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើឱ្យ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួល​ខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​ផ្សេងទៀត​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ឡើយ​»​។

លោក​ គឹម សន្តិភាព​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការពង្រឹង​នូវ​វិធានការ​សុខាភិបាល​គឺ​ដើម្បី​ធានាបាន​នូវ​ការយកចិត្ត​ទុកដាក់ ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ដោយ​ខ្លួនឯង ដើម្បី​ធ្វើ​ចត្តាឡីស័ក ការពារ​នូវ​ការឆ្លង​មេរោគ​កូវីដ​។

ជាមួយ​គ្នា​នេះដែរ យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួងយុត្តិធម៌ រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្តីពី​វិធានការ​ចត្តាឡីស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដែលមាន​ ៧ ​ជំពូក​ និង ​២៣ ​មាត្រា​។ អនុក្រឹត្យ​នេះ​កំណត់​ពី​វិធានការ​នានា​ទាក់ទង​នឹង​ការធ្វើ​ចត្តាឡីស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​សំដៅ​ការពារ​អាយុជីវិត និង​សុខភាព​របស់​ពលរដ្ឋ ព្រមទាំង​បញ្ចៀស​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​។

ក្នុង​ជំពូក​ទី​៥ ​នៃ​អនុក្រឹត្យ​នេះ​បានចែង​ពី​ទោស​បញ្ញត្តិ​ថា​ «​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១ ​លាន​រៀល ទៅ​ ៥ ​លាន​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក និង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១ ​លាន​រៀល ទៅ​ ៥ ​លាន​រៀល​ចំពោះ​បុគ្គល​ដែល​គេច​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ក​ដោយ​មិនមាន​ការអនុញ្ញាត​»​។

ចំពោះ​បុគ្គល​ដែល​ធ្វើ​ចត្តាឡីស័ក​ហើយ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​មេរោគ​កូវីដ​១៩ ក៏ត្រូវ​ពិន័យ​អន្តរការណ៍​ពី​ ១ ​លាន​រៀល​ដល់​ ៥ ​លាន​រៀល​ដែរ​។ ការបង់ប្រាក់​ពិន័យ​នេះ​ក៏​មិន​ធ្វើឱ្យ​បុគ្គល​នោះ​រួច​ផុតពី​កាតព្វកិច្ច​ក្នុង​ការឱ្យ​មន្ត្រី​សុខាភិបាល​យក​សំណាក​ដែរ​។

ជំពូក​ដដែល​នេះ​បានលើក​ឡើង​ទៀតថា ចំពោះ​អ្នកផ្តើម​គំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​បុគ្គល​ដែល​ធ្វើ​ចត្តាឡីស័ក​ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ ឬ​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ដល់​ ៥០ ​លាន​រៀល​។

ការពិន័យ​អន្តរការណ៍​នូវ​ចំនួន​ប្រាក់​ដូចគ្នា​នេះ​ដែរ ក៏​នឹងធ្វើ​ចំពោះ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​ទាំងអស់​ដែល​ជួយ​លាក់បាំង និង​មិន​បាន​ធ្វើការ​ជូនដំណឹង​បន្ទាន់​ទៅ​ក្រសួង​សុខាភិបាល​ក្នុងករណី​ពិនិត្យ​ឃើញ​ថា អ្នកជំងឺ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​នៅក្នុង​គ្រឹះស្ថាន​របស់ខ្លួន​មាន​តម្រុយ​បញ្ជាក់ថា ជា​អ្នកជំងឺ​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​កំពុង​គេចវេះ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​។ ប្រាក់​ពិន័យ​អន្តរការណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​ទ្វេដង​ក្នុង​ករណី​អំពើ​ល្មើស​ត្រូវបាន​ប្រព្រឹត្ត​ម្តងទៀត​។

ជាមួយ​គ្នា​នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​ដោយ​ប្រឌិត​នូវ​ព័ត៌មាន​ថា មាន​អ្នកគ្រូ​មួយរូប​នៅ​អនុវិទ្យាល័យ​ស្នួល​ក្នុង​ខេត្តក្រចេះ​បាន​ស្លាប់ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ស៊ីណូហ្វ៉ាម​។ ករណី​ស្លាប់​នេះ គឺ​ដោយសារ​ជំងឺ​រលាកស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ ដែល​ក្រុមគ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន​។

លោកស្រី​ថា​៖ «​ក្រសួង​សុំ​ស្នើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ប្រឌិត​នូវ​ព័ត៌មាន​នេះ​។ ខ្ញុំ​សូម​បញ្ជាក់ដែរថា មកដល់ពេលនេះ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មិនទាន់​បាន​ផ្តល់ជូន​ទៅដល់​គ្រូបង្រៀន​ណា​ម្នាក់​នៅឡើយ​ទេ​»​។

អ្នកស្រី អួន គឹមយ៉ុន ម្តាយ​របស់​អ្នកគ្រូ​រងគ្រោះ ឆន ណារី អាយុ​ ២១ ​ឆ្នាំ​ ដែល​បាន​ស្លាប់​បាន​បដិសេធថា កូនស្រី​របស់​អ្នកស្រី​មិនបាន​ស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ស៊ីណូហ្វ៉ាម​ទេ​។ «​កូនស្រី​ខ្ញុំ​ឈឺ​ដោយសារ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ​ដែល​ខ្ញុំ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​។ ខ្ញុំ​សុំឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ចាត់វិធានការ​ទៅតាម​ច្បាប់​ដែល​បាន​យក​រូប និង​កិត្តិយស​របស់​កូនស្រី​ខ្ញុំ ទៅ​ផ្សព្វផ្សាយ​ខុសពី​ការពិត​»​។

បើ​តាម​ក្រសួង​សុខាភិបាល​គិត​ចាប់ពី​ថ្ងៃ​ទី​ ១០ ​ដល់​ ១៧ ខែកុម្ភៈ មាន​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចំនួន​ ៣ ២៣៦ ​នាក់​។ ចំណែក​របាយការណ៍​ក្រសួង​ការពារ​ជាតិ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ដែរ មាន​អ្នក​ចាក់​វ៉ាក់សាំង​ ១០ ០៤៥ ​នាក់​។

កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ​ក៏បាន​ផ្តល់ជំនួយ​ថវិកា​បន្ថែម​ចំនួន​ ១៥០ ​លាន​រៀល សម្ភារ និង​ស្បៀង​មួយចំនួន​ដល់​ខេត្ត​ចំនួន​ ៦ ជាប់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​រៀបចំ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ក្នុង​នោះ​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង ពោធិ៍សាត់ និង​ខេត្តព្រះវិហារ​។

ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នកដំណើរ​ជា​ជនជាតិ​បរទេស​ ៤ ​នាក់ ​មាន​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ ក្នុងនោះ​មាន​បុរស​ឥណ្ឌូនេស៊ី ស្ត្រី​ឥណ្ឌូនេស៊ី ស្ត្រីជន​ជាតិចិន និង​បុរស​ជនជាតិ​ស្វ៊ីស​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ​ ៤៨៣ ​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ ៤៧០ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ ១៣ ​នាក់​៕

វីដេអូ៖