មណ្ឌលគិរីៈ ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍​អប្សរា​ប្រចាំខេត្ត​មណ្ឌលគិរី គឺ​លោក​ សាត ចាន់បុត្រ កាលពី​ថ្ងៃ​ចន្ទ​បាន​ចូល​បំភ្លឺ​តាម​ដីកា​តុលាការ បន្ទាប់ពី​លោក​ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ក្រោម​បទ​ចោទ​ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​បណ្ដឹង​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ សុផាត សិរីវុទ្ធី មាន​ឋានន្តរស័ក្តិ​ពាក់​ស័កិ្ត ៥ ជា​នាយទាហាន​នៅ​ខេត្ត​នេះដែរ​។

លោក​ សាត ចាន់បុត្រ ដែល ជា​ចុងចោទ​បញ្ជាក់ថា​លោក​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ​នេះ​។ លោក​ អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​សាកសួរ​ជុំវិញ​ការផ្សាយ​របស់លោក​កាលពី​អំឡុង​ខែកក្កដា​នោះ​តាមរយៈ​ការធ្វើ​បទសម្ភាស​ជាមួយ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​។ ពលរដ្ឋ​ជនជាតិដើម​បាន​ចោទប្រកាន់​លោក​ សុផាត សិរីវុទ្ធី ថា​បាន​ព្យាយាម​បោះបង្គោល​ព្រំដី​រំលោភ​យក​ដីធ្លី​របស់​គ្រួសារ​ពួកគេ​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។

លោក​បន្ត​ថា​ ក្នុង​ឱកាស​សាកសួរ​នោះ​លោក​បានលើកឡើង​អំពី​វីដេអូ​ខ្លី​មួយ​អមដោយ​អត្ថាធិប្បាយ​ខ្លះៗ​របស់លោក និង​កិច្ចសម្ភាសន៍​ជាមួយ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ប៉ុន្ដែ​តុលាការ​មិនបាន​ឆ្លើយតប​អ្វី​ទេ ដោយ​បង្គាប់​ឲ្យ​លោក​ត្រឡប់​មក​ផ្ទះ​វិញ​។ ការងារ​បន្ទាប់មកទៀត​លោក​នឹង​រក​មេធាវី ដើម្បី​ជួយ​ប្រឹក្សា​ផ្នែក​ច្បាប់​ក៏​ដូចជា​ប្រមូល​ភ័ស្តុតាង​បន្ថែមទៀត​។

លោក​ ចាន់បុត្រ បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា តុលាការ​ត្រូវតែ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក​យុត្តិធម៌​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន​ពិត ហើយ​ក៏មាន​ប្រភព​ពី​ប្រជាពលរដ្ឋ​ច្បាស់លាស់​ដែរ​»​។

លោក​ ម៉ម វ៉ាន់ដា អ្នកនាំពាក្យ​ និង​ជា​ព្រះរាជអាជ្ញារង​នៃ​សាលា​ដំបូង​ខេត្តមណ្ឌលគិរី​ថ្លែង​កាលពី​ថ្ងៃទី​ ២ ​ធ្នូ​ថា លោក​ សាត ចាន់បុត្រ បាន​ចូល​ឆ្លើយបំភ្លឺ​ជុំវិញ​បទ​ចោទ​របស់​តុលាការ​រួចរាល់​ហើយ​។ ការសាកសួរ​នេះ​ជា​នីតិវិធី​បឋម ដើម្បី​ប្រមូល​ភ័ស្តុតាង​បន្ថែម​ដែលមាន​ចោទ​នៅក្នុង​ពាក្យបណ្ដឹង​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​សួរ​គាត់​នេះ គឺ​ចង់​ប្រមូល​ភ័ស្តុតាង​ពាក់ព័ន្ធ​នៅក្នុង​ពាក្យបណ្ដឹង​នេះ គឺ​ឲ្យ​គូភាគី​ពាក់ព័ន្ធ​អាច​បង្ហាញ​ភ័ស្តុតាង គឺ​អ្នក​ដែល​ត្រូវគេ​ប្ដឹង គាត់​អាច​បំភ្លឺ ហើយ​អ្នក​ដែល​ប្ដឹង​គេ ត្រូវ​យក​ភ័ស្តុតាង ដើម្បី​ដាក់បន្ទុក​គូភាគី​ទំនាស់​។ ចំណែក​នីតិវិធី​របស់​តុលាការ​កោះហៅ​នៅពេល​ណា​ទៀត គឺ​តុលាការ​នឹង​កោះហៅ​ម្ដងទៀត​។ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​គេ​កោះហៅ​នៅពេលណា​ទៀត​ទេ យើង​ពិនិត្យ​លើ​ចម្លើយ​គាត់​សិន​»​។

លោក​ សុផាត សិរីវុទ្ធី ត្រូវបាន​គេ​ស្គាល់​ថា​ជា​ទាហាន​ស័ក្តិ​ ៥ ​នោះ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ សេង សឹង្ហហេង មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​យោធា​រូបនោះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នា​ថ្ងៃទី​ ២ ​ធ្នូ​ថា​កាលពី​អំឡុង​ខែ​កក្កដា​លោក​ សាត ចាន់បុត្រ បាន​ផ្សាយ​ថា​កូនក្តី​លោក​បាន​រំលោភ​យក​ដី​របស់​ពល​រដ្ឋ​ជនជាតិដើម​ភាគតិច​ដោយ​ការផ្សាយ​នេះ​ខុសពី​ការពិត​ទាំងស្រុង​។ កូនក្ដី​លោក​បាន​ព្យាយាម​សម្របសម្រួល​ឲ្យ​អ្នកសារព័ត៌មាន​រូបនេះ​កែសម្រួល ពាក្យពេចន៍ ឬ​លុប​វីដេអូ​នោះ​ចោល ប៉ុន្ដែ​លោក​ ចាន់បុត្រ មិនបាន​ធ្វើតាម​ទេ​ទើប​កូនក្ដី​លោក​សម្រេចចិត្ត​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​តែម្ដង​។

លោក​ថា​៖ «​ខ្ញុំ​មិនមាន​មតិយោបល់​អ្វី​ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ជា​អ្នកចាត់ចែង​តាមច្បាប់ និង​នីតិវិធី​របស់​តុលាការ ហើយ​ខ្ញុំ​រំពឹង​ថា​តុលាការ​នឹង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​»​។

លោក​ ម៉ៃ ទិត្យថារ៉ា ស្ថាបនិក​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ (Cambo Ja) ​ថ្លែង​ថា ដើមបណ្ដឹង​គួរតែ​ជូនដំណឹង​ទៅ​ស្ថាប័ន​ព័ត៌មាន​ដែល​ខ្លួន​គិតថា​អ្នកសារព័ត៌មាន​បាន​សរសេរ​ព័ត៌មាន​មិន​ពិត​ ឬ​ដើមបណ្ដឹង​អាច​ប្រកាស​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​ព័ត៌មាន​ដែល​អ្នក​សារព័ត៌មាន​បាន​ផ្សាយ​នេះ ដោយ​មិន​គួរ​ប្ដឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ​ទេ​។

លោក​បន្តថា ការប្ដឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ​បែបនេះ​គឺជា​ការគំរាមកំហែង​ផ្នែក​សេរីភាព​សារព័ត៌មាន​។ លោក​និយាយ​ថា​៖ «​ក្នុងស្ថានភាព​នេះ ខ្ញុំ​យល់​ថា​ប្រសិន​គាត់​ជា​អ្នកសារព័ត៌មាន​មាន​វិជ្ជាជីវៈ​ត្រូវតែ​រក​ឯកសារ​ពាក់ព័ន្ធ ឬ​ប្រភព​ដែល​គាត់​សម្ភាស​មក​ដោះ​បន្ទុក ដោយ​គួរតែ​មាន​ពឹង​មេធាវី​ជួយ​ប្រឹក្សា​ផ្នែក​ច្បាប់​ដែរ​»​។

តាម​ដីកាកោះ​របស់​លោក​ ម៉ម វ៉ាន់ដា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចុះ​ថ្ងៃទី​ ១៩ វិច្ឆិកា បាន​អញ្ជើញ​ឈ្មោះ​ សាត ចាន់បុត្រ ឲ្យ​ចូល​នៅ​ថ្ងៃទី​ ២ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ​ដើម្បី​បំភ្លឺ និង​សាកសួរ​។

ដីកា​បញ្ជាក់ថា ការ​កោះ​នេះ​សួរ​ពី​ដំណើររឿង​ពាក់ព័ន្ធ​បណ្ដឹង​របស់​ឈ្មោះ​ សុផាត សិរីវុទី្ធ ប្ដឹង​ពីបទ​បរិហារកេរ្ដិ៍​ជា​សាធារណៈ​ និង​ញុះញង់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​កក្កដា-សីហា ឆ្នាំ​ ២០១៩​។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មកជា​មួយ​ផង ប្រសិន​បើ​មាន​»៕