ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ធើ្វ​កំណត់ហេតុ​រួម​ ១ របស់​អន្តរស្ថាប័ន​ដាក់​ជូន​ទៅ​ក្រសួងការបរទេស​ដើម្បី​សុំ​ការពិនិត្យ​សម្រេច​តាមផ្លូវ​ការទូត​ទាក់ទង​ករណី​សណ្ឋាគារ​ Le Palais Hotel នៅ​ប្រទេស​ថៃ​បាន​យក​រចនាប័ទ្ម​ប្រាសាទខ្មែរ​ទៅ​សាងសង់​ដោយ​គ្មាន​ការជូនដំណឹង​។

លោក​​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​កាលពី​រសៀល​ថ្ងៃទី​ ៦ ខែ​តុលា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ ១ ក្រោម​អធិបតីភាព​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​ដែល​ទាក់ទង​នឹង​សណ្ឋាគារ Le Palais Hotel របស់​ថៃ​យក​រចនាប័ទ្ម​ប្រាសាទខ្មែរ​ទៅ​សាងសង់​។

បើ​តាម​មន្ត្រី​នាំពាក្យ​រូបនេះ​សមាសភាព​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ រួមមាន​តំណាង​មកពី​ក្រសួង​ការបរទេស​តំណាង​ពី​ក្រសួង​ទេសចរណ៍ តំណាង​ក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ជាច្រើន​រូប​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ជា​លទ្ធផល​កិច្ចប្រជុំ​បាន​សម្រេច​ធើ្វ​កំណត់ហេតុ​រួម​អន្តរស្ថាប័ន​ ១ ជូនទៅ​ក្រសួង​ការបរទេស ដើម្បី​សុំ​ការពិនិត្យ​សម្រេច​តាមផ្លូវ​ការទូត​ដោយ​ផ្អែក​ជា​គោល​ទៅលើ​មាត្រា​ ៦ ​ស្ទួន មាត្រា​ ១០ ​និង​មាត្រា​ ១០ ​ស្ទួន​នៃ​អនុសញ្ញា​ទីក្រុង​ប៉ារីស ស្តីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ចុះ​ថ្ងៃទី ២០ ខែ​ មីនា ឆ្នាំ​ ១៨៨៣ និង​គោលការណ៍​ផ្សេងទៀត​ដែល​ទាក់ទង​ដល់​ការរក្សា​គុណតម្លៃ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​»​។

ទោះ​យ៉ាងណា​លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​បញ្ជាក់​ថា ដោយសារ​តែ​ករណី​នេះ​ត្រូវការ​ធាតុ​ចូល​ពី​អន្តរក្រសួង​ច្រើន​ទៀត ដើម្បី​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​ពាក់ព័ន្ធ​កំណត់​ហេតុដែល​នឹងដាក់​ជូន​ក្រសួង​ការបរទេស នឹង​ត្រូវ​បញ្ជូន​ក្នុងពេល​ខាងមុខ​។ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពេលវេលា​ជាក់លាក់​ណាមួយ​ថា​នឹង​ត្រូវ​បញ្ជូន​កំណត់ហេតុ​រួម​នោះ​ទៅ​ក្រសួង​ការបរទេស នៅពេល​ណា​នោះទេ​។

សណ្ឋាគារ Le Palais ស្ថិតនៅ​កោះ​ផាង៉ាន់ ខេត្ត​ស៊ូរ៉ាតថានី នៃ​ប្រទេស​ថៃ បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០០៧ និង​បាន​រចនា​សណ្ឋាគារ​ដូចជា​ប្រាសាទបាយ័ន បន្ទាយស្រី និង​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​ ២០១៥ ដោយ​ធ្វើជា​បន្ទប់​សម្រាក​អាងហែល​ទឹក ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ ថា​ក្រសួង​នឹង​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ជុំវិញ​ករណី​នេះ​ក្នុង​ករណី​ទទួល​បាន​កំណត់ហេតុ​ពី​អន្តរក្រសួង​។ ប៉ុន្តែ​ដោយសារ​អង្គហេតុ និង​អង្គច្បាប់ មិនទាន់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ក្រសួង​លោក​ថា ក្រសួង​ក៏​មិនទាន់​ហ៊ាន​សន្និដ្ឋាន​យ៉ាងណា​ដែរ ដោយ​រង់ចាំ​ការពិនិត្យ​ជាមុន​សិន​មុន​នឹង​មានប្រតិកម្ម​តាមផ្លូវ​ការទូត​ណាមួយ​។

លោក​បញ្ជាក់ថា​៖ «​រឿងនេះ​យើង​ចង់បាន​ការផ្តល់​មតិ​ពី​ក្រសួង​ពាក់ព័ន្ធ​អំពី​ផ្លូវច្បាប់ ផ្លូវ​អី​សិន ហើយ​ទាល់តែ​យើង​ឃើញ​ក្រសួងសាមី ជាពិសេស​ក្រសួង​វប្បធម៌ ដើម្បី​ដាក់​មក​បញ្ជាក់​ថា រឿង​ហ្នឹង វា​ខុស​យ៉ាង​ម៉េច វា​ត្រូវ​យ៉ាងម៉េច បាន​យើង​អាច​ពិចារណា​បន្ត​ទៀត​បាន​»​។

កាលពី​ថ្ងៃទី​ ៤ តុលា ម្ចាស់​សណ្ឋាគារ Le Palais Hotel បានចេញ​លិខិត​ចំហ​ ១ ដោយ​បង្ហាញ​ពី​ការសុំទោស​របស់​ខ្លួន​ដែល​បាន​ធ្វើការ​ចម្លង​យក​ផ្នែក​ខ្លះ​នៃ​រចនាប័ទ្ម​ប្រាសាទ​កម្ពុជា​មក​ធ្វើជា​សណ្ឋាគារ ដោយ​គ្មាន​ការជូន​ដំណឹង​។ ការចេញ​លិខិត​នេះ​បន្ទាប់ពី​ការរិះគន់​ជា​បន្តបន្ទាប់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​។

លោក​ វង្ស សុធារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​បាន​ថ្លែង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ជាតិសាសន៍​ណាក៏ដោយ នៅ​សម័យ​ទំនើប​នេះ​តែងតែ​ការពារ និង​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។ ពីព្រោះ​ពួកគេ​សុទ្ធសឹង​រស់​នៅក្នុង​ «​រដ្ឋប្រជាជាតិ​/Nation state» ​រៀងខ្លួន​ដែល​ត្រូវតែ​មាន​ «​គំនិត​ជាតិនិយម​/Nationalism» ។

លោក​បន្តថា ប្រាសាទ​អង្គរ មាន​អង្គរវត្ត អង្គរធំ និង​ប្រាសាទ​ជាច្រើន​ទៀត​របស់​ខ្មែរ គឺជា​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ដែល​ខ្មែរ​គ្រប់រូប​បាន​នាំគ្នា​លើកតម្កើង គោរព និង​ការពារ ដើម្បី​ជា​គោល​កម្លាំង​មោទនភាព​ជាតិ និង​រួបរួម​ជាតិ​។ ដូច្នេះ​នៅពេល​រូបរាង​អត្តសញ្ញាណ​នេះ​ត្រូវ​គេ​យក​ទៅ​ចម្លង​ដើម្បី​គោលដៅ​ធ្វើ​ជំនួញ ប្រាសចាក​ពី​ខ្លឹមសារ គោល​គំនិត ការចាត់ទុក និង​ធម្មជាតិ​ដើម​បែបនេះ វា​ជា​ការប្រមាថ​ដល់​ព្រលឹង​ដូនតា​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ ដែល​គោរព​លើកតម្កើង​ខ្លាំងណាស់​។

លោក​សង្កត់ធ្ងន់​ថា​៖ «​រដ្ឋាភិបាល​ថៃ គួរតែ​ចាត់វិធានការ​ចំពោះ​រឿងនេះ​ដោយ​យុត្តិធម៌​ផង បើ​ថៃ​ពិត​ជា​អារ្យ​ប្រទេស​មួយ​ដែល​ចេះ​ស្រឡាញ់ និង​លើក​តម្កើង​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន​ដែរនោះ​។ បើ​ពុំ​នោះ​ទេ ជម្លោះ​ជាតិសាសន៍ និង​សម្អប់​ជាតិ​សាសន៍​ពិតជា​ពិបាក​ចៀសវាង​ណាស់​»​។

ក្រៅពី​ថ្លែង​បកស្រាយ​បែប​នេះ​លោក​ចាត់ទុក​ថា​ការ​ដែល​អ្នកជំនួញ​ថៃ​យក​គំរូ​ប្រាសាទ​ជា​ទីជម្រក​អាទិទេព​ជាទីគោរព និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ទៅ​ធ្វើ​សណ្ឋាគារ និង​បន្ទប់ដេក​នេះ​គឺ​បង្ហាញ​ពី​ក្តីប្រមាថ​មើលងាយ និង​គ្មាន​គិត​អំពី​អារម្មណ៍​ និង​ទឹកចិត្ត​គោរព​ស្រឡាញ់​កេរដំណែល​ដូនតា​របស់​ខ្មែរ​នោះទេ​៕

វីដេអូ៖