ភ្នំពេញៈ ក្រសួង​ចំនួន​ ៣ មាន​ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​ប្រកាស​រួមគ្នា​ពី​ការចាប់ផ្តើម​ដំណើរការ​ផែនការ​សកម្មភាព​ពហុវិស័យ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​ដែល​បន្ត​គំរាមកំហែង​នៅ​កម្ពុជា បើទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​អាច​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជាច្រើន​ជុំវិញ​បញ្ហា​នេះ​ក៏ដោយ​។

ផែនការ​សកម្មភាព​ពហុវិស័យ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ២៣ ខែ​ធ្នូ ​នៅ​សណ្ឋាគារ​ សាន់វេ រាជធានី​ភ្នំពេញ​ដោយ​មាន​មន្ត្រី​ជាច្រើន​រូប​មកពី​ក្រសួង​ទាំង​ ៣​។ សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ស្ថាប័ន​ទាំង​​ ៣ ​នេះ​បាន​ឲ្យ​ដឹងថា ផែនការ​សកម្មភាព​ពហុវិស័យ​ស្តីពី​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣ ដោយ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​ ៧ ជា​អាទិភាព ដើម្បី​ខិតខំ​ដោះស្រាយ​ការគំរាមកំហែង​ដោយ​បញ្ហា​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា​៖ «​ផែនការ​សកម្មភាព​នេះ​នឹង​ផ្តល់​ជា​អភិក្រម​មួយ​ល្អប្រសើរ​ជាង​ពេល​កន្លងមក​ដោយ​វា​នឹង​លើកកម្ពស់​ការចូលរួម​ពី​តួអង្គ​នានា​មកពី​វិស័យ​វេជ្ជសាស្ត្រ និង​បសុឱសថ វិស័យ​កសិកម្ម ចំណីអាហារ ហិរញ្ញវត្ថុ បរិស្ថាន និង​អ្នកប្រើប្រាស់​ទូទៅ​»​។

តាម​សៀវភៅ​ផែនការ​សកម្មភាព​ថ្មី​ដែល​បានប្រកាស​នាពេល​នោះ​បាន​ទទួលស្គាល់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជាច្រើន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ ​ម៉ម ប៊ុនហេង បាន​ថ្លែង​ភ្ជាប់​ជាមួយ​នឹង​ផែនការ​សកម្មភាព​នោះ​ថា​៖ «​ក្នុងនាម​ក្រសួង​ពាក់ព័ន្ធ​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា យើង​ប្តេជ្ញា​អនុវត្ត​អភិក្រម​ចម្រុះ​គ្រប់​ជ្រុងជ្រោយ និង​មានការសហការ​គ្នា​យ៉ាង​ស៊ីចង្វាក់ ដើម្បី​ឈាន​ទៅ​បង្ការ និង​ទប់ស្កាត់​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​មិន​សមស្រប​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ ចំណីអាហារ និង​កសិកម្ម​»​។

តាម​របាយការណ៍​នាពេល​ថ្មីៗ​របស់​ធនាគារ​ពិភពលោក និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រសិន​បើ​មិនមាន​ដំណោះស្រាយ​ណាមួយ​ទេ ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​អាច​នឹង​ធ្វើឱ្យ​ប្រទេស​ដែល​មាន​ចំណូល​ទាប បាត់បង់​ផលិតផល​ក្នុងស្រុក​សរុប​ច្រើន​ជាង​ ៥ ​ភាគរយ​ដោយសារ​តែ​ការចំណាយ និង​ការខាតបង់​ជុំវិញ​ការថែទាំ​សុខភាព និង​ផលិតកម្ម​កសិកម្ម​។

របាយការណ៍​ដដែល​នោះ​ឲ្យ​ដឹងថា​មនុស្ស​ប្រមាណ​ ២៨ ​លាន​នាក់​នឹង​ធ្លាក់​ចូល​ទៅក្នុង​ភាពក្រីក្រ និង​បង្កើន​ការចំណាយ​កាន់តែ​ច្រើន​ទៅលើ​ការថែទាំ​សុខភាព​នៅ​ទូទាំង​ពិភពលោក​ពី​ ៣០០ ​កោដិ ទៅដល់​ជាង​ ១ ​ពាន់​កោដិ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​ចាប់ពី​ឆ្នាំ​ ២០៣០ ​ទៅ​។

លោក​ លី សូវ៉ាន ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​មិនអាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​តែ​ទូរស័ព្ទ​មិនមាន​អ្នកទទួល​។

បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹងថា ពិភពលោក​កំពុងតែ​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​នៃ​ការ​គ្មាន​ឱសថ​សម្លាប់​មេរោគ ដោយសារ​វា​មាន​ភាពស៊ាំ​ដែល​បង្ក​ជា​បញ្ហា​មួយចំនួន ដូចជា​ការព្យាបាល​មិន​ងាយ​ជា​សះស្បើយ​អស់​ថវិកា​ច្រើន​ក្នុង​ការព្យាបាល និង​ឈានដល់​ការបាត់បង់​អាយុជីវិត​អ្នកជំងឺ​ចំពោះ​ករណី​ធ្ងន់ធ្ងរ​។ ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​មាន​ភាពស៊ាំ​ជាមួយនឹង​ឱសថ​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការប្រើប្រាស់​ថ្នាំ​ផ្សះ​សម្លាប់​មេរោគ​អង់ទីប៊ីយ៉ូទិក​ (Antibiotic)​។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ដែរ​ថា វិធានការ​ទាំងនេះ​មិន​ត្រឹម​តែមាន​វិសាលភាព​លើ​វិស័យ​សុខាភិបាល​ទេ ប៉ុន្តែ​វិស័យ​ផ្សេងៗ​រួមទាំង​វិស័យ​កសិកម្ម និង​បរិស្ថាន​ក៏​ទទួលបាន​វិធានការ​នេះ​ផងដែរ​។ លោកស្រី​បន្តថា​៖ «​វិធានការ​ទាំងនេះ​ដែល​មាន​ការបញ្ជាក់​ដោយ​ទិន្នន័យ និង​ភ័ស្តុតាង​គ្រប់គ្រាន់​គឺជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​កាន់តែ​ប្រសើរឡើង​»​។

លោក ទា ជុប អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែងថា ការអនុវត្ត​មិនល្អ​លើ​វិស័យ​ចិញ្ចឹមសត្វ ការអនុវត្ត​អនាម័យ និង​ការគ្រប់គ្រង​សំណល់​កសិកម្ម​ជា​កត្តារួម​ចំណែក​បន្ថែម​ទៀត​ដែលនាំ​ឱ្យ​មាន​ការរីក​រាលដាល​នៃ​បាក់តេរី​ដែល​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ​ទៅ​កាន់​ខ្សែចង្វាក់​ផលិតកម្ម​ចំណីអាហារ និង​បរិស្ថាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រការនេះ​ទាមទារ​ឱ្យមាន​វិភាគទាន និង​ការចូលរួម​ខ្លាំង​ឡើង​ពី​សំណាក់​វិស័យ​ផ្សេងៗ​ទៀត​រួមទាំង​ក្រសួងបរិស្ថាន​ផង ដើម្បី​គ្រប់គ្រង និង​ទប់ស្កាត់​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​»​។

ប្រសិនបើ​គ្មាន​ការទប់ស្កាត់ និង​ផ្សព្វផ្សាយ​ពី​ការកើនឡើង​នៃ​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នោះទេ មនុស្ស​ប្រមាណ​ជាង​ ៧០ ​ម៉ឺន​នាក់​នឹង​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ហើយ​អាច​នឹង​កើនឡើង​ដល់​​ ១០ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០៥០​។ នេះ​បើ​យោងតាម​ឯកសារ​ទស្សនទាន​ដែល​រៀបរៀង​ដោយ​ក្រសួង​ទាំង​ ៣ គឺ​ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និង​ក្រសួងកសិកម្ម ចេញផ្សាយ​នៅ​ចុងខែ​ឧសភា ឆ្នាំ​ ២០១៨៕