ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានអះអាងថា រដ្ឋបាលសាលារាជធានីភ្នំពេញពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការអន្តរាគមន៍តាមសំណើរបស់ពលរដ្ឋដែលតវ៉ាប្រឆាំងនឹងគម្រោងលុបស្រះទឹកទំហំ ១០ ហិកតា ក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញពីក្រុមហ៊ុនជីបម៉ុងលែននោះទេ ដោយសារស្រះនោះមិនមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ការអះអាងរបស់លោកយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅញត្តិរបស់ពលរដ្ឋចំនួន ១៤០ នាក់ ដែលបានដាក់ទៅកាន់សាលារាជធានីភ្នំពេញ ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ព្រមទាំងមានការប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី ២៧ ខែកញ្ញា ដើម្បីឱ្យក្រុមហ៊ុនជីបម៉ុងដែលទទួលបានសិទ្ធិបន្តពីក្រុមហ៊ុន YLPCIPUTRA រក្សាបឹង ឬស្រះទឹកនេះទុកឱ្យស្របតាមប្លង់មេ ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩ របស់ក្រុមហ៊ុន។
លោក ឃួង ស្រេង បានលើកឡើងក្នុងលិខិតចុះថ្ងៃទី ២៨ កញ្ញា ថា បន្ទាប់ពីបានស្រាវជ្រាវឃើញថា ស្រះទឹកនេះពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ។ ជាមួយគ្នានេះលោកថា ស្រះទឹកនេះមានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យចុះថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០០៩ របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញដែលជាកម្មសិទ្ធិរបស់លោក លាង ឃុន និងលោក លាងម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយអិលភីគ្រុប។
លោកបានបញ្ជាក់ថា៖ «ការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញក្លាយជាទង្វើរំលោភមាត្រា ៨៥ និងមាត្រា ៨៨ នៃច្បាប់ភូមិបាល។ ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ»។
យ៉ាងណាក្ដី បន្ទាប់ពីសាលារាជធានីភ្នំពេញបានបកស្រាយរួចលោក អ៊ិន ចាន់នី ដែលជាអ្នកតំណាងឱ្យពលរដ្ឋចំនួន ១៤០ នាក់ ដែលរស់នៅក្នុងបុរីទីក្រុងរណប ហ្គ្រេនភ្នំពេញបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ពលរដ្ឋបានបញ្ឈប់ការតវ៉ារបស់ខ្លួនវិញហើយ។
លោកបញ្ជាក់ថា៖ «សាលាក្រុងលោកបានជូនដំណឹងហើយ ហើយពលរដ្ឋបានឃើញការជូនដំណឹងនេះទាំងអស់គ្នា។ យើងបានបញ្ឈប់ការតវ៉ាព្រោះអីលិខិតរបស់សាលាក្រុងគឺមានអត្ថន័យគ្រប់គ្រាន់ហើយដែលយើងជាពលរដ្ឋនៅក្នុងប្រទេសអាចធ្វើបាន និងត្រូវធ្វើតាម»។
តាមញត្តិរបស់ពលរដ្ឋទាំង ១៤០ នាក់ ដែលបានដាក់ជូនស្ថាប័នទាំង ៣ កាលពីថ្ងៃទី ២២ កញ្ញា មានខ្លឹមសារដូចគ្នាថា ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍នៃទីក្រុងរណប ហ្គ្រេនភ្នំពេញបានទិញផ្ទះនៅក្នុងគម្រោងនេះដោយមានផ្អែកទៅតាមប្លង់មេឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៩ ដែលក្រុមហ៊ុន YLP CIPUTRA (ម្ចាស់ចាស់ទីក្រុងរណប ហ្គ្រេនភ្នំពេញ) បានប្រកាសលក់ដោយក្នុងប្លង់មេមានស្រះទឹក កន្លែងវាយកូនហ្គោល និងសួនច្បារធំទូលាយ។
ក្នុងញត្តិដដែលនោះបានបន្តថា ផ្ទះដែលបានដាក់លក់នៅតាមក្បែរមាត់ស្រះទឹកនោះទៀតសោត ក៏មានតម្លៃខ្ពស់ណាស់ ហើយស្រះ ឬបឹងនេះគឺមិនគួរត្រូវបានលុបជាដាច់ខាត ព្រោះតែខាងក្រុមហ៊ុនបានសន្យាថា គម្រោងនេះនឹងមានបឹង ឬស្រះដ៏ធំ និងទីលានវាយកូនហ្គោលជារៀងរហូត។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនជីបម៉ុងលែន ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេកាលពីម្សិលមិញ ដោយសារមិនមានអ្នកទទួលទូរស័ព្ទ។ ប៉ុន្តែបើតាមញត្តិរបស់ពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយក្រុមហ៊ុនប្រកាសលុបបឹង ឬស្រះទឹកនេះ ដើម្បីបង្កើតជាគម្រោងលំនៅឋានថ្មី ហើយក្រោយមក ក្រុមហ៊ុនក៏បានប្រកាសប្រាប់អ្នកសារព័ត៌មានថា នឹងកែប្រែអាងស្តុកទឹកបណ្តោះអាសន្ននេះឱ្យក្លាយទៅជាសួនឧទ្យានបៃតងចម្រុះ ដោយមានដើមឈើជាច្រើនកន្លែងហាត់ប្រាណ កន្លែងលេងសម្រាប់កុមារ និងទីតាំងសម្រាប់លម្ហែអារម្មណ៍ដោយមានកន្លែងបាញ់ទឹក [ហៅថាគម្រោង “Central Park”] ជាជាងការរក្សាទុកអាងស្តុកទឹកនេះ។
កាលពីខែតុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន YLP CIPUTRA បានលក់ប្រតិបត្តិការ និងទ្រព្យសម្បត្តិទាំងអស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនេះទៅឱ្យក្រុមហ៊ុនជីបម៉ុងលែនដើម្បីអភិវឌ្ឍបន្ដ។ ប៉ុន្តែបើតាមលិខិតរបស់លោក ឃួង ស្រេង ចុះថ្ងៃទី ២៨ កញ្ញា បង្ហាញថាស្រះទឹកដែលមានទំហំបណ្ដោយ ៤២៣ ម៉ែត្រ និងទទឹង ២៤៥ ម៉ែត្របានក្លាយជាកម្មសិទ្ធិរបស់លោក លាង ឃុន និងលោក លាង ម៉េង នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០០៩ មកម្ល៉េះ។
លោកមេធាវីជំនាញផ្នែកធុរកិច្ច និងអចលនទ្រព្យជាយូរឆ្នាំម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា លោកមិនអាចធ្វើការបកស្រាយឱ្យបានស៊ីជម្រៅជុំវិញវិវាទនេះទេ។ ប៉ុន្តែតាមទិដ្ឋភាពច្បាប់លោកថា ក្រុមហ៊ុនត្រូវគោរព ឬអនុវត្តទៅតាមអ្វីដែលមានចែងក្នុងកិច្ចសន្យាជាមួយអតិថិជន គ្រាន់តែថា ប្រសិនបើមិនបានបញ្ជាក់ក្នុងកិច្ចសន្យានោះទេ ទោះម្ចាស់ក្រុមហ៊ុនថ្មី ឬចាស់ក៏ដោយ គឺសុទ្ធតែអាចធ្វើការកែប្រែផ្នែកណាមួយនៃគម្រោងដែលមិនមានជាសិទ្ធិឯកជនរបស់អ្នកទិញ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុន គឺលក់តែប្លង់ដី ១ៗឱ្យអ្នកទិញ ហើយអ្នកទិញក៏គាត់មានសិទ្ធិទាមទារអ្វីដែលមានក្នុងប្លង់ដីរបស់គាត់ដែរ ហើយអ្វីដែលនៅក្រៅប្លង់ដីរបស់គាត់ គឺអត់មានសិទ្ធិទាមទារទេ។ សួរថាគេអាចកែបានឬអត់? សម្រាប់ខ្ញុំគឺគេអាចកែបាន។ យើងកន្លងមក ដោយសារតែគោលការណ៍ច្បាប់ ប្លង់ដីអ្នកណា គឺរបស់អ្នកនោះហើយរបស់ផ្សេងទៀត គឺរបស់ម្ចាស់បុរី ដែលខុសពីខុនដូ ដែលគេលក់ទាំងអស់»។
បន្ថែមពីនេះលោកមេធាវីបានបន្តថា នៅកម្ពុជាគឺមានករណីលក់ដូរដោយការភូតកុហកច្រើនដែលធ្វើឱ្យអ្នកទិញប្រឈមនឹងហានិភ័យ ព្រោះនៅពេលប្រកាសលក់គម្រោងថ្មីមួយ គឺមានប្លង់ឡើងស្អាតៗ។ លុះដល់ពេលទិញរួចហើយវាមិនបានស្អាតដូចកាលពីប្រកាសនោះទេ ប៉ុន្តែនេះដោយសារតែកម្ពុជា នៅមិនទាន់មានច្បាប់ស្តីការផ្សាយពាណិជ្ជកម្មភូតកុហក៕
វីដេអូ៖