
សេចក្ដីសម្រេចបិទខ្ទប់ភូមិរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ រូបថត រដ្ឋបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ភូមិចំនួន ២ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន សម្រេចធ្វើការបិទខ្ទប់ និងហាមធ្វើដំណើរចេញចូលរយៈពេល ២ សប្តាហ៍ ដោយសារជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោក ឈួរ ច័ន្ទឌឿន បានឱ្យដឹងថា ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍។
ការបិទខ្ទប់នេះ គិតចាប់ពីថ្ងៃទី ២៧ ខែមេសានេះតទៅ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថា៖ «បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ និងចូលក្នុងភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះនេះ លើកលែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ»។
ករណីលើកលែងទាំងនោះមាន ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ មូលហេតុសុខភាពបន្ទាន់ ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ ១៩ និងទទួលការចាក់វ៉ាក់សាំងតាមកាលកំណត់ជាដើម និងត្រូវមានការអនុញ្ញាតពីអាជ្ញាធរ។
លោកអភិបាលខេត្តរូបនេះបានបន្តថា ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក៏ត្រូវបានហាមឃាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី ២០ ខែមេសា រដ្ឋបាលខេត្តកំពង់ឆ្នាំ បានបិទភូមិព្រះរាមរង្សី ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធអ្នកវិជ្ជមានវីរុសកូវីដ ១៩ ម្នាក់ ហើយសកម្មភាពនៃការលក់ដូរ និងការចេញចូលផ្សារព្រៃខ្មែរ ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។
គិតត្រឹមថ្ងៃទី ២៦ ខែមេសា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តចំនួន ១៥ បានសម្រេចបិទខ្ទប់ក្រុង និងភូមិមួយចំនួនក្នុងដែនដីរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍ បន្ទាប់ពីរកឃើញនៅតំបន់ទាំងនោះមានអ្នកឆ្លងជំងឺនេះ៕


