កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានទុកពេល ១ សប្តាហ៍ ឱ្យម្ចាស់អាជីវកម្ម ដែលបានលើកតាំងស្លាកប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមទីសាធារណៈត្រូវរុះរើចេញជាបន្ទាន់ ជាមួយនឹងការព្រមានថា បើពុំព្រមរុះរើចេញទេ អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល ហើយរាល់ការចំណាយ និងការខូចខាតគឺជាបន្ទុករបស់ម្ចាស់អាជីវកម្ម។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៤ ឧសភា បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តកំពង់ស្ពឺបានសង្កេតឃើញថា មានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរជាច្រើននៅតាមបណ្ដោយចិញ្ចើមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងរក្សាបានសោភណភាពនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត ស្នើឱ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀរទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ១ សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងព្រមានថា៖ «ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើគ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ»។
កាលពីថ្ងៃទី ២០ ខែឧសភា លោក វ៉ី សំណាង បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺដោយក្នុងនោះថ្នាក់ដឹកនាំខេត្ត ក៏បានដាក់ចេញវិធានការនេះ ដោយបានចាត់អភិបាលរងខេត្តម្នាក់ ដើម្បីដឹកនាំការដាក់ចេញបទបញ្ជាថ្មី ក្នុងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមស្លាកប៉ាណូនេះ។
ជាមួយនឹងការប្រកាសនេះ លោក វ៉ី សំណាង បានថ្លែងកោតសរសើរចំពោះការចូលរួមសហការពីបណ្ដាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះរើជាបន្តបន្ទាប់ ដែលលោកចាត់ទុកជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺក្នុងវិធានការនេះ។
លោកបញ្ជាក់ថា៖ «សូមថ្លែងនូវការកោតសរសើរ ចំពោះលោក ស៊ិន ហេងទ្រី ដែលបានទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរចេញពីកន្លែងភោជនីយដ្ឋាន និងផ្ទះសំណាក់របស់ខ្លួន។ នេះគឺជាការចូលរួម និង ជាគំរូ សម្រាប់ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺរបស់យើង»។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានលើកឡើងថា វិធានការក្នុងការរុះរើស្លាកប៉ាណូ គ្រឿងស្រវឹងនៅក្នុងខេត្តនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយ។
លោក បន្តថាការផ្សព្វផ្សាយគ្រឿងស្រវឹងគឺជាការជំរុញលើកទឹកចិត្តមួយ ដែលនាំឱ្យប្រជាពលរដ្ឋឈានទៅដល់ការប្រើប្រាស់គ្រឿងស្រវឹង ខណៈគ្រឿងស្រវឹង គឺជាដើមចមដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកើតជំងឺមហារីក និងមានអំពើហិង្សាក្នុងគ្រួសារនានា។
លោកបញ្ជាក់ថា៖ «វិធានការនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយ។ ប៉ុន្តែប្រជាពលរដ្ឋយើង ក្រេបគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង ដែលផ្ទុយនឹងវិធានការ ៣កុំ ៣ការពារ របស់រដ្ឋាភិបាលយើងក្នុងពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩»។
យ៉ាងណា លោក មុំ គង់ ថ្លែងថា ដើម្បីអាចទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹង រដ្ឋាភិបាលគួរតែបង្កើតច្បាប់ដើម្បីគ្រប់គ្រងបញ្ហានេះ ព្រោះការផ្សព្វផ្សាយពីគ្រឿងស្រវឹងនេះ គឺបានធ្វើឡើងគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ៕
វីដេអូ៖