ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃុំ សម្រេចបិទការចេញចូលបណ្តោះអាសន្ននូវភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយហេតុមានអ្នកវិជ្ជមាកូវីដ ១៩ ចំនួន ២ នាក់ ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រីឯការសម្រេចបើកភូមិឡើងវិញនោះ មិនបានកំណត់ពីកាលបរិច្ឆេទនោះទេ រហូតដល់មានការសម្រេចជាថ្មី។
យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ របស់លោក ជាម ច័ន្ធសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
យោងតាមសេចក្តីសម្រេចដដែលនេះក៏បានសម្រេចលើកលែង ក្នុងករណីចាំបាច់មួយចំនួនរួមមានការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ ១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ តាមកាលកំណត់ ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មកងកម្លាំង និងការធ្វើដំណើរដោយមានមូលហេតុចាំបាច់បន្ទាន់ផ្សេងៗទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអ្នកទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នេះថា សម្រាប់អ្នកកើតជំងឺកូវីដ ១៩ ចំនួន ២ នាក់ នេះត្រូវបានដឹកយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលផ្សេងទៀត នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ បន្ថែមទៀត។
លោក ចេង ប៊ុណ្ណារ៉ា រហូតមកដល់ពេលនេះ ខេត្តត្បូងឃ្មុំបានរកឃើញអ្នកកើតជំងឺកូវីដ ១៩ មានជាង ២០ នាក់ ក្នុងនោះក៏មានការព្យាបាលជាបណ្តើរៗហើយ ដែលសល់ប្រមាណ ៤ ទៅ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នោះទេ៕