បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី ០១ ឧសភា​នេះ បាន​កំណត់​ភូមិសាស្រ្ត​​មួយ​ចំនួន​ក្នុង​ភូមិ​ចំនួន ២ ទៀត ជា​តំបន់​ក្រហម ដែល​មាន​ការ​ឆ្លង​រីករាល​នៃ​ជំងឺ​កូវីដ ១៩ ធ្ងន់ធ្ងរ។ ភូមិ​ទាំង​ពីរ​នេះ មាន​ភូមិ​បាលិលេយ្យ ១ និង​ភូមិ​ក្បាលស្ពាន ១ ដែល​ស្ថិត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។

លោក អ៊ុំ រាត្រី បាន​កំណត់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​តំបន់​ក្រហម ត្រូវ​អនុវត្តន៍​វិធានការ​រឹត​បន្ដឹង​មួយ​ចំនួន ក្នុង​នោះ​ការ​រឹត​បន្តឹង​លើ​ការ​អនុវត្ត​តាម​វិធានការ ៣ ការពារ ៣ កុំ និង​វិធានការ​សុខាភិបាល​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។

លោក​ថា៖ «បុគ្គល​គ្រប់​រូប​មិន​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​ឡើយ រួម​ទាំង​ការ​ធ្វើ​សកម្មភាព​កីឡា​នៅ​ខាង​ក្រៅ​លំនៅឋាន​ផង​ដែរ»។

បុគ្គល ឬ​នីតិបុគ្គល​ទាំង​ឡាយ​ណា ដែល​មិន​អនុវត្ត​តាម​ នឹង​ត្រូវ​អនុវត្តន៍​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុក​ជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ទណ្ឌកម្ម​រដ្ឋបាល ដោយ​អនុលោម​តាម​បទប្បញ្ញតិ និង​នីតិវិធី​ជា​ធរមាន។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា៖ «បុគ្គល​ល្មើស​នឹង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​​ជា​ប្រាក់​ស្រប​តាម​មាត្រា ១០ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​នេះ មាន​អ្នក​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ៣៥៣ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មណ្ឌល​ព្យាបាល​ខេត្ត​បន្ទាយមានជ័យ៕