
លោក ម៉ៅ ធនិន នៅក្នុងសន្និសីទកាសែតពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់អះអាងថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនឯកជនធំៗដែលទទួលបានសិទ្ធិគ្រប់គ្រងដីនៅក្នុងខេត្តនេះមិនមានទៀតឡើយ ខណៈជម្លោះដីធ្លីរបស់ពលរដ្ឋតូចៗត្រូវបានដោះស្រាយតាមរយៈការដាក់ចេញនូវគោលនយោបាយដោះស្រាយជម្លោះដីធ្លីជារៀងរាល់សប្តាហ៍។
ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ទីរជំនាញនៃរដ្ឋបាលខេត្ដ និងអ្នកសារព័ត៌មានជាង ៣០ នាក់។
លោក ម៉ៅ ធនិន បានឆ្លើយតបជាមួយអ្នកកាសែតយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងវិវាទដីធ្លីកន្លងមកនេះដែលយើងបានដោះស្រាយបន្តបន្ទាប់មកនេះខ្ញុំគិតថាវិវាទដីធ្លីដែលស្មុគស្មាញបំផុតគឺមានតែរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ប៉ុន្តែទំនាស់ទាំងនេះនៅក្នុងខេត្តរបស់ខ្ញុំគឺបានដោះស្រាយចប់ហើយ ព្រោះបញ្ហាទាំងនោះយើងបានដោះស្រាយដោយពិនិត្យទៅលើហេតុផល និងឯកសារ។ ពេលខ្លះបើពលរដ្ឋអះអាងថា ដីនោះជាដីរបស់គាត់ទាល់តែមានឯកសារ ព្រោះយើងមាននិយាមកាម និងផែនទីជាក់លាក់ណាស់»។
អភិបាលខេត្តរូបនេះបន្តថា ការដោះស្រាយបញ្ចប់នូវវិវាទដីធ្លីដ៏រុំារ៉ៃ និងមិនចេះចប់ដែលកើតមាននាពេលកន្លងមក គឺធ្វើឡើងតាមរយៈគោលនយោបាយដោះស្រាយជូនពលរដ្ឋរៀងរាល់សប្តាហ៍។ ក្នុងនោះក៏មានការបង្កើតគណៈកម្មការឲ្យចំគោលដៅដូចជាក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត ទំនាស់ដីធ្លីថ្នាក់ស្រុករហូតដល់ថ្នាក់ឃុំ ដើម្បីអាចចុះតាមដាន និងដោះស្រាយប្រកបដោយភាពត្រឹមត្រូវផងដែរ។
លោក ធនិន បន្តថា៖ «ពាក់ព័ន្ធនឹងវិវាទដីធ្លីធំៗគឺយើងបានដោះចប់ហើយ ប៉ុន្តែពាក់ព័ន្ធនឹងវិវាទដីធ្លីនៅពេលបច្ចុប្បន្ននេះ ខ្ញុំគិតថាមានត្រឹមកម្រិតគ្រួសារ។ ដូចខ្ញុំបានជម្រាបជូនអ៊ីចឹងពីមុនដីមិនសូវមានតម្លៃទេ មិនគិតទេពីបញ្ហាព្រំដីប៉ុន្តែដល់ពេលឥឡូវនេះដីវាមានតម្លៃហើយបងប្អូនប្រជាពលរដ្ឋយើង គ្រួសារក៏មានកំណើនសមាជិកក៏ត្រូវការកំណើនដី។ ពីមុនមិនបានបោះបង្គោលព្រំទេ គឺដាំដើមឈើ (ជំនួសព្រំ) ដល់ដើមឈើ កាប់ ដកចេញទៅក៏បាត់កន្លែងសម្គាល់ដែលជាកន្លែងកំណត់ព្រំ»។
លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា យន្តការដែលខេត្តពោធិ៍សាត់បានធ្វើកន្លងមកគឺបានចូលរួមដោះស្រាយជម្លោះដីធ្លីនៅក្នុងខេត្តនេះបានច្រើនណាស់។ លោកបានបន្តថា ក្នុងនោះក៏បានធ្វើឲ្យការគ្រប់គ្រងដីធ្លីនៅក្នុងខេត្តនេះទទួលបានលទ្ធផលល្អប្រសើរក្នុងការបែងចែក និងគ្រប់គ្រងដីនៅទូទាំងខេត្ត។
លោកបញ្ជាក់ថា៖ «តាមដែលខ្ញុំធ្លាប់បានចូលរួមក្នុងយន្តការដោះស្រាយប្រចាំសប្តាហ៍គឺឃើញថា ក្នុង ១ សប្តាហ៍អី មានករណីចម្រុះគ្នាដែលបានដោះស្រាយជាង ៣០ ករណីក្នុងនោះបញ្ហាជម្លោះដីធ្លីគឺមានប្រមាណជាង ១០ ករណីអី។ តែដូចគាត់បានលើកឡើងចឹង គឺមានតែករណីវិវាទធម្មតាៗនោះទេ គឺគ្មានវិវាទធំៗ ដូចមុននោះទេ»។
លោក កែម គីមស្រ៊ន់ មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់បានលើកឡើងថា តាមការឃ្លាំមើលរបស់លោកនាពេលកន្លងមកវិវាទដីធ្លីធំៗ នៅក្នុងខេត្តនេះពិតជាត្រូវបានដោះស្រាយបញ្ចប់ និងមិនមានការប្រមូលផ្តុំគ្នាតវ៉ាដូចបណ្តាខេត្តដទៃៗនោះទេ។
លោកថ្លែងបន្តថា កត្តានេះក៏ព្រោះតែថ្នាក់ខេត្តពិតជាមានយន្តការដោះស្រាយជម្លោះដីធ្លីដល់ពលរដ្ឋបានឆាប់រហ័សពិតមែន បើទោះបីជាលទ្ធផលខ្លះ មិនទាន់ទទួលបានដំណោះស្រាយល្អក៏ដោយ។
លោកបានបញ្ជាក់ថា៖ «កន្លងមកធ្លាប់មានករណីវិវាទដីធ្លីធំៗ តែបច្ចុប្បន្ននេះបញ្ហាដីធ្លីនេះមិនសូវឃើញមាននោះទេ។ បញ្ហាដីធ្លី (ក្នុងខេត្តនេះ) មិនមែនអត់ទេ គឺនៅតែមានតិចតួច គ្រាន់តែថាយន្តការដោះស្រាយរបស់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ព្យាយាមដោះស្រាយភ្លាមៗដែលធ្វើឲ្យបញ្ហាដែលកើតមានក៏បញ្ចប់ទៅលឿនដែរ»។
ទោះជាយ៉ាងណាក្តីលោក កែម គីមស្រ៊ន់ នៅតែចង់ឃើញថ្នាក់ដឹកនាំខេត្តនេះ និងថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តនានាបន្តដាក់ចេញនូវយន្តការ និងគោលនយោបាយឲ្យបានច្បាស់លាស់ក្នុងការដោះស្រាយជម្លោះដីធ្លីដែលកើតមានលើប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានតម្លាភាព៕