ឧត្តរមានជ័យ៖ អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ែន កុសល ដាក់​បទ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង ៣ នៅ​ក្នុង​ខេត្ត​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងចូល​នៃ​ជនជាតិ​ឥណ្ឌា ឬ​ជនបរទេស​ដែល​មាន​ប្រវត្តិ​ធ្លាប់​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មុន​ចូល​មក​កាន់​ប្រទេស​កម្ពុជា។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី ២៩ ខែ​មេសា លោក ប៉ែន កុសល បាន​ថ្លែង​ថា៖ «សូម​លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក​អភិបាល​ក្រុង ស្រុក និង​លោក​ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង ៣ របស់​ខេត្ត ត្រូវ​ទប់​ស្កាត់​ចំពោះ​ការ​ឆ្លង​កាត់​ចូល​មក​ប្រទេស​យើង​នូវ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល​បី​សប្តាហ៍​មុន​ចូល​មក​កម្ពុជា​ចាប់​ពី​ពេល​នេះ​តទៅ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី»។

ក្នុង​ករណី​រក​ឃើញ​ថា មាន​មុខ​សញ្ញា​ខាង​លើ​បាន​ឆ្លង​ចូល​មក ឬ​កំពុង​ស្ថិត​ក្នុង​មូលដ្ឋាន​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​សូម​ចាត់​វិធានការ​ស្រប​ទៅ​តាម​គោលការណ៍​សុខាភិបាល​ជា​បន្ទាន់​ភ្លាម។

កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ចាប់​តាំង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេល​មុនៗ​ហើយ​ក្រៅ​ពី​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស​បម្លែង​ថ្មី​ប្រភេទ B117 ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស ទើប​តែ​មាន​លេច​ចេញ​នូវ​វីរុស​បម្លែង​ថ្មី​មួយ​ផ្សេង​ទៀត ឈ្មោះ​ថា B1617 ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ការ​ឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117។

ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​បែប​នេះ ក្រសួង​សុខាភិបាល​បាន​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា តាម​ផ្លូវ​អាកាស ឬ​ផ្លូវ​គោក​មួយរយៈ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំង​អស់ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល ៣ សប្តាហ៍ មុន​ចូល​មក​កម្ពុជា​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃទី ២៩ ខែ​មេសា នេះ​តទៅ។

លោក ប៉ែន កុសល បាន​ដាក់​បទ​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំ​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់ និង​បទ​ល្មើស​នានា​ឆ្លង​កាត់​ព្រំដែន។

លោក​ថ្លែង​ថា ក្នុង​ករណី​រក​ឃើញ​ការ​លួច​ជ្រៀត​ចូល​ដោយ​ខុស​ច្បាប់​នៅ​ចំណុច​ណា​មួយ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​បញ្ជូន​ចេញ​វិញ​តាម​ចំណុច​នោះ​នៅ​នឹង​កន្លែង​ភ្លាម និង​ក្នុង​ករណី​បាន​ជ្រៀត​ចូល​ជ្រៅ​មក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​​ឃាត់​ខ្លួន ហើយ​ត្រូវ​សហការណ៍​ឱ្យ​អនុវត្ត​វិធាន​ចត្តាឡីស័ក​ស្រប​តាម​វិធាន​សុខាភិបាល។

លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៩ ខែ​មេសា​ថា លោក ប៉ែន កុសល ក្នុង​នាម​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចេញ​លិខិត​ណែនាំ​មួយ​ផ្អែក​តាម​សារាចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុ​ខាភិបាល ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​ក្នុង​ការ​ទប់​ស្កាត់​នេះ។

លោក​ថ្លែង​ថា៖ «យើង​អនុវត្ត​ស្រប​តាម​ខ្លឹមសារ​ហ្នឹង [សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល]។ ប៉ុន្តែ​ក្នុង​ករណី​គាត់​ចូល​មក​រួច​ហើយ គឺ​យើង​អនុវត្ត​ទៅ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។ យើង​ត្រូវ​តែ​ឱ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​គ្រប់ ១៤ ថ្ងៃ បើ​សិន​យើង​ពិនិត្យ​ឃើញ គាត់​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​ឆ្លង​កាត់​ប្រទេស​ទី៣ ហើយ​មក​ដល់​ស្រុក​យើង គឺ​យើង​អនុវត្ត​នូវ​អ្វី​ដែល​ក្រសួង​សុខាភិបាល​ណែនាំ»៕