ព្រះវិហារៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ដ​ព្រះវិហារ បាន​ណែនាំ​ដល់​មន្ដ្រី​បរិស្ថាន​ដែល​កំពុង​ឈរ​ជើង​តាម​ដែន​អភិរក្ស​នានា​ក្នុង​ខេត្ដ​ព្រះវិហារ​ត្រូវ​ការពារ​ដើម​ឈើ​ឲ្យ​បាន​គង់វង្ស និង​ត្រូវ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​ឲ្យ​អស់ ខណៈ​មន្ត្រី​កំពុង​ចុះ​ទៅ​តាម​គោល​ដៅ​មួយ​ចំនួន​ដែល​សង្ស័យ​មាន​បទ​ល្មើស។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ លោក អ៊ុន ចាន់​ដា បញ្ជាក់ថា៖ «យើង​បាន​ណែនាំ​ក្នុង​កិច្ចប្រជុំ​ហើយ។ ឥឡូវ​មន្ដ្រី​បាន​ចុះ​ធ្វើការ​តាម​ការ​ណែនាំ​របស់​ខ្ញុំ​នេះ ដោយ​ពិនិត្យ​មើល​ទីតាំង​ណា​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​គឺ​ត្រូវ​បញ្ឈប់​ទៅ។ រឿង​នេះ​មន្ដ្រី​ជំនាញ​គាត់​ដឹង​គោល​ដៅ​ត្រូវ​ចុះ​ធ្វើ​ហើយ»។

ទាក់ទង​នឹង​បម្រាម​ឲ្យ​បញ្ឈប់​រោង​សិប្បកម្ម​ច្នៃ​ឈើ​អត់​ច្បាប់​នេះ លោក​អភិបាល​ខេត្ដ​ក៏បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះវិហារ​ផងដែរ​កាល​ពី​ថ្ងៃ ២៥ ខែ ​កុម្ភៈ​ ថ្មីៗ​នេះ ដោយ​លោក​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទ​ល្មើស​ទាំង​នេះ ខណៈ​នៅ​មាន​ការ​រិះគន់​នៅ​ឡើយ។

លោក អ៊ុន ចាន់​ដា បន្ដថា៖ «ការបង្ក្រាប​របស់​យើង​ល្អ​ប៉ុនណា​ក៏ដោយ ក៏​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច ដែល​មាន​និន្នាការ​ប្រឆាំង​នៅ​តែ​ធ្វើការ​រិះគន់​មក​លើ​យើង​ដដែល។ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​អនុវត្ត​បន្ត​ទៅ​ទៀត»។

ដោយឡែក​ចំពោះ អាជ្ញាធរ​ភូមិ-ឃុំ លោក​អភិបាលខេត្ត​បាន​អះអាងថា លោក​បាន​ណែនាំ​មិន​ឲ្យ​ចេញ​លិខិត​បញ្ជាក់​លើ​ការ​កាន់​កាប់​ដីព្រៃ​ខុស​ច្បាប់​នោះ​ទេ។

លោក​បន្ដថា៖ «ត្រូវ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដែល​ឥត​ច្បាប់​ពិសេស​រោង​សិប្បកម្ម​ដែល​នៅ​ក្បែរ​ដែន​ជម្រក​ដែន​អភិរក្ស​តែ​ម្តង។ ចំពោះ​រោង​សិប្បកម្ម​ដែល​មាន​ច្បាប់​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ពី​ប្រភព​ឈើ តើ​ឈើ​នោះ​យក​មក​ពី​ណា?​ពី​ក្រុមហ៊ុន​ណា?»។

លោក សុង ច័ន្ទ​សុជាតិ ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​មិនអាច​សុំ​ការ​បក​ស្រាយ​បន្ថែម​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​មិន​មាន​អ្នក​ទទួល។

លោក នួន វ៉ាន់ស៊ុយ សកម្មជន​ព្រៃ​ឡង់​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា នៅ​តំបន់​អភិរក្ស​របស់​លោក​មិន​មាន​រោង​កែច្នៃ​ឈើ​ឬ​រោង​កែច្នៃ​ឈើ​ខុស​ច្បាប់​នោះ​ទេ។

លោក​ថា៖ «នៅ​តំបន់​ពួក​ខ្ញុំ​រាល់ថ្ងៃនេះ មិនមាន​រោង​សិប្បកម្ម កែច្នៃ​ឈើ​អី​ទេ ប៉ុន្ដែ​បើ​ចេញ​ពី​តំបន់​ពួក​ខ្ញុំ​ប្រហែល​ជា ១០-២០ គីឡូម៉ែត្រ​នោះ​មាន​ខ្លះ។​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់​របស់​ពួក​ខ្ញុំ​តាម​ដាន​ក្នុង​ផ្ទៃដី ៣ ៩៧៧ ហិកតា នេះ គឺ​គ្មាន​កន្លែង​សិប្បកម្ម កែច្នៃ​ឈើ​ណា​នៅ​ជិត​នោះ​ទេ»៕