ព្រះសីហនុៈ អភិបាលរងថ្មីខេត្តព្រះសីហនុ ២ រូប ដែលទើបតែងតាំងគឺលោក លៀម សុជា និងលោក ម៉ាង ស៊ីណេត ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីប្រកាសចូលកាន់តំណែងកាលពីម្សិលមិញដោយមានការចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចូលជំនួសកន្លែងអតីតអភិបាលរង ២ រូបដែលត្រូវបានដកចេញពីតំណែង។
លោក លៀម សុជា អតីតអភិបាលរងខេត្តឧត្តរមានជ័យ និងលោក ម៉ាង ស៊ីណេត អតីតមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជកម្ម ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តព្រះសីហនុថ្មីកាលពីថ្ងៃ ១៣ មីនា បន្ទាប់ពីអភិបាលរងចាស់គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបានដកតំណែងកាលពីថ្ងៃទី ១ ខែ មីនា ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ហិង្សាមួយ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសកាលពីម្សិលមិញថា លោក សក់ សេដ្ឋា តំណាងឱ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានចូលរួមក្នុងពិធីផ្ដល់តំណែងអភិបាលរងខេត្តព្រះសីហនុថ្មីគឺបានសង្ឃឹមថា លោក លៀម សុជា, លោក ម៉ាង ស៊ីណេត នឹងអនុវត្តភារកិច្ចបន្តអភិវឌ្ឍខេត្តព្រះសីហនុឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តសហការការពារសុខសន្ដិភាពស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៦ របស់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្ដិភាព បង្កឱកាសការអភិវឌ្ឍរយៈពេលវែង ទាមទារឱ្យមានភាពទាក់ទាញផ្ដោតលើធនធានធម្មជាតិតាមតំបន់ឆ្នេរ កោះ សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និងដោះស្រាយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំ ត្រៀមបង្ការការខ្វះខាតទឹកស្អាតនៅរដូវប្រាំងនេះជូនប្រជាពលរដ្ឋ»។
ទន្ទឹមនឹងនេះ លោក សក់ សេដ្ឋា ក៏បានសរសើររដ្ឋបាលខេត្តព្រះសីហនុផងដែរថា កន្លងមកបានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍឱ្យរីកចម្រើនគ្រប់វិស័យ និងបានថែរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោកថា៖ «សមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្ដិភាពបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ ២០១៨ និងការព្យាករ ២០១៩ កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើង បង្កលក្ខណសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋ»។
ចំណែក លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍និងបានជំរុញឱ្យអភិបាលរងខេត្តថ្មីទាំង ២ រូប ត្រូវបំពេញតួនាទីរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលឱ្យបានរឹតតែល្អប្រសើរ។
លោកបានបញ្ជាក់ថា៖ «ការងារចម្បងមានការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការនិងការងារសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រៀមលក្ខណៈអប់រំបណ្ដុះបណ្ដាលសមត្ថភាព កសាងធនធានមនុស្សសម្រាប់បន្តវេន ក្នុងពេលអនាគត»។
រីឯលោក ម៉ាង ស៊ីណេត បានប្ដេជ្ញាថានឹងចូលរួមអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី ៦ ដើម្បីជំរុញកំណើនការងារ និងខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងមានប្រសិទ្ធភាព៕