
លោក លី សំរិទ្ធ នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ ហ៊ាន រង្សី
ភ្នំពេញៈ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានសម្តែងការបារម្ភថា ផែនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលគ្រោងនឹងសម្រេចឲ្យបាននៅចុងឆ្នាំ ២០២១ អាចនឹងមានការយឺតយ៉ាវ ដោយសារតែការចុះបញ្ជីដីធ្លីនៅសល់រហូតដល់ប្រមាណ ៨០ ភាគរយទៀត ហើយបញ្ហាវិវាទដីធ្លីគឺជាកត្តាចម្បងដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការចុះបញ្ជីដីធ្លីនៅក្នុងខេត្តនេះ។
លោក លី សំរិទ្ធ បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប» ដែលធ្វើឡើងកាលពីថ្ងៃអង្គារ នាទីស្តីការគណៈរដ្ឋមន្ត្រីដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានអ្នកចូលរួមជាង ៣០ នាក់។
លោក សំរិទ្ធ ថ្លែងថា៖ «ការងារដីធ្លី និងសំណង់គឺជាការងារមួយដែលមានសារៈសំខាន់ជាសារវន្តសម្រាប់រដ្ឋាភិបាលខេត្តក៏ដូចជារដ្ឋាភិបាល ព្រោះតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ផែនការថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងការចុះបញ្ជីដីធ្លីរបស់រដ្ឋឲ្យបានបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ ២០២១ ដែលយើងនៅសល់ ១ ឆ្នាំកន្លះទៀត»។
ជាមួយនឹងការថ្លែងបែបនេះ លោកសម្តែងក្តីបារម្ភថា ផែនការនេះប្រហែលជាមិនអាចសម្រេចបាននោះទេ បើទោះជាខេត្តបានខំប្រឹងប្រែងយ៉ាងណាក៏ដោយ ព្រោះដោយសារតែដីដែលមិនទាន់បានចុះបញ្ជីនៅសល់ចំនួនច្រើន ម្យ៉ាងវិវាទដីធ្លីក៏ជាកត្តាស្មុគស្មាញ ដែលនាំឲ្យការអនុវត្តអាចមិនអាចសម្រេចបានតាមផែនការ។
លោកបញ្ជាក់ថា៖ «យើងនៅសល់ក្បាលដីច្រើនមានប្រមាណ ៨០ ភាគរយដែលមិនទាន់បានចុះបញ្ជី បើទោះរដ្ឋបាលខេត្តបានខំប្រឹងប្រែងចុះបញ្ជីដីធ្លីតាមលក្ខណៈជាប្រព័ន្ធផង និងការចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំផងក្តី។ កិច្ចការដីធ្លីនេះ យើងក៏មានវិវាទច្រើនដែរ រាប់រយសំណុំរឿងកំពុងស្ថិតនៅក្នុងរដ្ឋបាលសាលាខេត្ត ដោយយើងមានយន្តការដោះស្រាយជាបន្តបន្ទាប់»។
បើតាមលោក សំរិទ្ធ គិតត្រឹមដើមខែមិថុនានេះ រដ្ឋបាលខេត្តសៀមរាបបានធ្វើបណ្ណកាន់កាប់ដីធ្លីដែលចុះបញ្ជីដីធ្លីរួចរាល់ជូនពលរដ្ឋបានចំនួន ១០ ម៉ឺនបណ្ណ ឬ ១០ ម៉ឺនក្បាលដី ហើយក្នុងឆ្នាំ ២០១៩រដ្ឋបាលខេត្តបានដោះស្រាយវិវាទដីធ្លីបានជាង ១០០ ករណី។ លោកបន្តថាបើទោះជាលទ្ធផលអាចនឹងមិនសម្រេចបានតាមផែនការ ប៉ុន្តែរដ្ឋបាលខេត្តនឹងពន្លឿនការចុះបញ្ជីដីធ្លីតាមលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋឲ្យបាន ១០០ ភាគរយក្នុងពេលអនាគត។
លោក សួស ណារិន អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាបថ្លែងពីម្សិលមិញថា ក្នុងខេត្តនេះដីដែលបានចុះបញ្ជីដីធ្លីភាគច្រើនគឺមានតែនៅក្រុងសៀមរាបតែប៉ុណ្ណោះ។ ចំណែកនៅតាមស្រុក និងតំបន់ឆ្ងាយៗដូចជា ស្រុកស្រីស្នំ វ៉ារិន ជីក្រែង អីជាដើមនោះគឺមានការចុះបញ្ជីដីធ្លីតិចតួចបំផុត។
លោកបញ្ជាក់ថា៖ «កត្តាជាច្រើនដែលជាឧបសគ្គនៃការរារាំងក្នុងការចុះបញ្ជីដីធ្លី ក្រៅពីវិវាទដីធ្លីនោះគឺការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីហ្នឹងមិនបានចូលរួមឲ្យបានសកម្មនោះទេ គឺមានភាពយឺតយ៉ាវ។ និយាយរួមការចុះបញ្ជីដីធ្លីនេះមានការផ្សព្វផ្សាយមែន តែការអនុវត្តមិនបានដូចការផ្សព្វផ្សាយនោះទេ ហើយការដែលចុះវាស់ខ្លះគឺមានតែមន្ត្រី ប៉ុន្តែគ្មានការចូលរួមពីពលរដ្ឋនោះទេ»។ លោក ណារិន លើកឡើងថា បើការចុះបញ្ជីដីធ្លីនៅតែបន្តអូសបន្លាយនោះបញ្ហាទំនាស់ដីធ្លីនឹងនៅតែកើតមានហើយវានឹងក្លាយទៅជាវិវាទដ៏រុំារ៉ៃយូរអង្វែង៕